ជាតិ
សម្តេចសង្ឃទេព វង្ស៖«ព្រះសង្ឃ ត្រូវសាមគ្គីគា្ន ព្រោះសត្រូវព្រះពុទ្ធសាសនា កំពុងរីកចម្រើន» រូបភាព៖ សម្តេចសង្ឃ ទេព វង្ស មានសង្ឃដីកា ក្នុងអនុសំវច្ឆរមហាសន្និបាតលើកទី២៦ នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២0១៧
× ភ្នំពេញ៖ សម្តេចព្រះមហាសង្ឃរាជ ទេព វង្ស ដែលមានឋានៈខ្ពស់ផុតលេខ ក្នុងជួរមន្ត្រីសង្ឃ បានសម្តែងព្រះទ័យព្រួយបារម្ភ នឹងសត្រូវ ដែលកំពុងរីកលូតលាស់ ហើយអាចទន្ទ្រានចូលមកក្នុងព្រះពុទ្ធសាសនា នៅប្រទេសកម្ពុជា។ ដើម្បីការពារតម្លៃព្រះពុទ្ធសាសនា កុំឲ្យធ្លាក់ចុះ ដោយសារតែការយាយីនេះ សម្តេច ទេព វង្ស បានជំរុញឲ្យមន្ត្រីសង្ឃជាថ្នាក់ដឹកនាំនៅគ្រប់ជាន់ថ្នាក់ រួមសាមគ្គីគ្នាឲ្យបានរឹងមាំ។
សម្តេច ទេព វង្ស មានសង្ឃដីកាបែបនេះ នៅក្នុងអនុសំវច្ឆរមហាសន្និបាតលើកទី២៦ នៅព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៧ ដោយមានមន្ត្រីសង្ឃជាង១ពាន់អង្គ មកពីគ្រប់រាជធានី ខេត្ត ចូលរួម ។ យ៉ាងណាក៏ដោយ ព្រះអង្គ ពុំបានមានសង្ឃដីឲ្យចំនោះទេថា សត្រូវដែលកំពុងបង្កការព្រួយបារម្ភដល់ព្រះពុទ្ធសាសនា មកពីប្រភពណាខ្លះ។
សម្តេចព្រះមហាសង្ឃរាជ មានសង្ឃដីកាយ៉ាងដូច្នេះថា៖«សព្វថ្ងៃនេះ សត្រូវនៃព្រះពុទ្ធសាសនា មានការរីកចម្រើនធំធេង និងមានច្រើនណាស់។ កម្លាំងមើលទៅ ហាក់ដូចជាទប់នឹងសត្រូវ អត់បានទេ បើធ្វើឲ្យបែកបាក់សាមគ្គី។ ក្នុងអង្គប្រជុំនេះ ខ្ញុំទទូចឲ្យមានសាមគ្គីធម៌ និងឈរលើស្មារតីយោគយល់គ្នាទៅវិញទៅមក»។
ជុំវិញបញ្ហានេះ ព្រះតេជគុណ យ៉ន សេងយៀត សាកលវិទ្យាធិការរងនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ បានមានសង្ឃដីកាថា ចំណុចវិជ្ជមាននិងអវិជ្ជមាន តែងកើតឡើង ក្នុងស្ថាប័ននីមួយៗ ដោយជៀសមិនរួច។ ព្រះអង្គ សង្កត់ធ្ងន់ថា មិនមែនតែព្រះពុទ្ធសាសនានោះទេ សូម្បីតែសាសនាដទៃ ក៏តែងតែជួបបញ្ហាបែបនេះដែរ។ ព្រះអង្គ បញ្ជាក់ថា៖«យើង មានវិបត្តិព្រះពុទ្ធសាសនា តាំងពីសម័យព្រះពុទ្ធមកម៉្លេះ។ ហើយសាសនាផ្សេង ក៏មានវិបត្តិអ៊ីចឹងដែរ។ ដំណើររឿងហ្នឹង គឺដដែលទេ»។
ចំណែកឯ ព្រះតេជគុណ ឃី សុវណ្ណរតនា ជាសាកលវិទ្យាធិការរងនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជដែរនោះ មានសង្ឃដីកាថា ព្រះសង្ឃគ្រប់ព្រះអង្គ ត្រូវពង្រឹងការប្រតិបត្តិនូវធម៌វិន័យ ឲ្យកាន់តែល្អប្រសើរបន្ថែមទៀត ដើម្បីលើកតម្កើនតម្លៃព្រះពុទ្ធសាសនា។ ព្រះអង្គ មើលឃើញចំណុចវិជ្ជមានជាច្រើន ដែលកំពុងរីកចម្រើនក្នុងព្រះពុទ្ធសាសនា ជាពិសេសផ្នែកពុទ្ធិកសិក្សា ដែលជាប្រព័ន្ធអប់រំដ៏សំខាន់បំផុត។ ព្រះអង្គ មានសង្ឃដីកាបែបនេះថា«ការសិក្សាផ្នែកគម្ពីរក្បួនច្បាប់ មានការលូតលាស់យ៉ាងខ្លាំង»។
ប្រធានបទសំខាន់ៗចំនួនបី ដែលរួមមាន ការអប់រំផ្នែកពុទ្ធិកសិក្សា ការប្រតិបត្តិរបស់ព្រះសង្ឃក្នុងធម៌វិន័យ និងការចូលរួមរបស់ព្រះសង្ឃក្នុងការអភិវឌ្ឍសង្គម ត្រូវបានលើកទៅពិភាក្សាក្នុងអនុសំវច្ឆរមហាសន្និបាតលើកទី២៦នេះ។ កិច្ចប្រជុំមន្ត្រីទូទាំងប្រទេសនេះ នឹងបិទបញ្ចប់នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៧៕
Tag:
ព្រះសង្ឃ
ប្រជុំ
ទេព វង្ស
© រក្សាសិទ្ធិដោយ thmeythmey.com