ជាតិ
សេដ្ឋកិច្ច
រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម បញ្ជា​​ឲ្យ​បិទ​សិប្បកម្ម​ផលិត​ស្ករត្នោត​ក្លែងក្លាយ​
13, Dec 2017 , 5:39 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ បន្ទាប់ពី​មានការ​បិទ​អាជីវកម្ម​ផលិត​ស្ករត្នោត​ក្លែងក្លាយ​មួយចំនួន នៅ​ស្រុក​បាទី​ខេត្តតាកែវ នាពេល​ថ្មីៗ​នេះ រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម លោក ចម ប្រសិទ្ធ នៅ​ថ្ងៃទី​១២​ខែធ្នូ បានចេញ​លិខិត​បញ្ជា​ទៅ​មន្ត្រីក្រោមឱវាទ​នៅ​ទូទាំងប្រទេស ឲ្យ​ស្វែងរក និង​បិទ​សិប្បកម្ម​ដែល​ធ្វើ​សកម្មភាព​បែបនេះ​។​



 បើតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន​ក្នុងស្រុក​នាពេល​ថ្មីៗ​នេះ សិប្បកម្ម​ផលិត​ស្ករត្នោត​ក្លែងក្លាយ​ចំនួន​ជាង ៤០​កន្លែង​ក្នុងស្រុក​បាទី ខេត្តតាកែវ ត្រូវបាន​មន្ត្រី​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម និង​អាជ្ញាធរខេត្ត បិទ​ដំណើរ​ការផលិត ព្រោះថា​ការផលិត​នេះ​គ្មាន​បទដ្ឋាន​ត្រឹមត្រូវ អាចធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព និង​កេ​រិ៍​ឈ្នោះ​ស្ករត្នោត​ខ្មែរ​។ បើតាម​ការអះអាង​រប​ស់​ម្ចាស់​សិប្បកម្ម​ទាំងនោះ វត្ថុធាតុដើម​ដែល​យកមក​ផលិត​ឲ្យ​ចេញ​ជា​ស្ករត្នោត​ក្លែងក្លាយ​នេះ រួមមាន ស្ករស ប្រេងឆា អំបិល ទឹក បើ​ទោះ​មានការ​សង្ស័យថា​អាចមាន​វត្ថុ​ធាតុ​ផ្សេងទៀត​។ នេះ​ជាការ​បន្លំ​ផលិតផល​ថា​ជា​ស្ករត្នោត​ខ្មែរ បើ​ទោះ​វត្ថុធាតុដើម​មិនមែនជា​ទឹកត្នោត​។​

​លោក ចម ប្រសិទ្ធ បាន​ណែ​នាំទៅ​មន្ទីរ​ឧស្សាហកម្ម និង​សិប្បកម្ម​ទាំងអស់ ឲ្យ​ធ្វើការ​លុបបំបាត់​រាល់​សិប្បកម្ម​ផលិត​ស្ករត្នោត​ក្លែងក្លាយ​។ ក្រសួង​បាន​អះអាងថា កន្លងមក​មានការ​ផលិត​ស្ករត្នោត​ក្លែងក្លាយ​ដែល​បាន​ផលិត​ចេញពី​វត្ថុធាតុដើម​ស្ករស ឬ​ស្ករ​ផ្សេងទៀត ហើយ​បាន​កែច្នៃ​ទៅជា​ផលិតផល​ស្ករ​ដែលមាន​រសជាតិ ក្លិន ពណ៌ និង​ទ្រង់ទ្រាយ​ដូចគ្នា​នឹង​ស្ករត្នោត និង​បាន​យកទៅ​ចរាចរ​លើ​ទីផ្សារ​បន្លំ​ធ្វើជា​ស្ក​ត្នោត​ខ្មែរ​។ លិខិត​របស់​ក្រសួង​បានលើកឡើង​ដូច្នេះ​ទៀតថា​៖«​សកម្មភាព​នេះ គឺជា​ការបំផ្លាញ​សេដ្ឋកិច្ច និង​កិត្តិនាម​ស្ករត្នោត​ខ្មែរ ដែលជា​អត្តសញ្ញាណ​ផលិតផល​ជាតិ​កំពង់​ត្រូ​បានទទួល​ស្គាល់​ជា​សាធារណៈ​ទាំង​ក្នុង និង​ក្រៅប្រទេស​»​។

​បើតាម​លោក សំ សារឿន ប្រធាន​សមាគម​លើកកម្ពស់​ស្ករត្នោត​ខេត្តកំពង់ស្ពឺ ដែល​បាន​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ វត្ថុធាតុដើម​របស់​ស្ករត្នោត​ក្លែងក្លាយ​នេះ អាចមាន​ត្នោត​ទុំ​ទៀត ដែល​អ្នក​ផលិត​ចង់បាន​ពណ៌ និង​ក្លិន​ឲ្យ​ដូច​ស្ករត្នោត​ពិតប្រាកដ​។ លោក សារឿន ដែល​បាន​ពិសោធន៍​ដោយផ្ទាល់​លើ​ការធ្វើ​ស្ករត្នោត​ក្លែងក្លាយ បាន​ឲ្យ​ដឹងថា​អ្នកទិញ​ពិបាក​នឹង​មើល​នឹង​ភ្នែក​ឲ្យ​ដឹងថា​ជា​ស្ករ​ក្លែងក្លាយ ប៉ុន្តែ​រសជាតិ​វា​ខុសគ្នា ដោយ​ស្ករត្នោត​បន្លំ​នេះ​មាន​ជាតិ​ផ្អែម​មុត​ខ្លាំង មិន​ដូច​ស្ករត្នោត​ពិតប្រាកដ​ដែល​ផ្អែម​ស្រាល​។ លោក​បានលើកឡើង​ដូច​ក្រសួង​ឧស្សាហកម្ម​ដែរ ដែល​បានចាត់ទុក​អំពើ​នេះ​ថា​បាន​បំផ្លាញ​កេ​រិ៍​ឈ្នោះ​ស្ករត្នោត​ខ្មែរ​។ យ៉ាងណាមិញ លោក សំ សារឿន បាន​អះអាងថា មិនមាន​ការប្រព្រឹត្ត​អំពើ​បែបនេះ​ពី​អ្នក​ផលិត​ដែលជា​សមាជិកសមាគម​របស់លោក​ឡើយ​៕
 

Tag:
 ស្ករត្នោត​
© រក្សាសិទ្ធិដោយ thmeythmey.com