ជាតិ
អាមេរិក​អះអាងថា ការចរចា​បញ្ជូន​ជនជាតិខ្មែរ ដែល​ប្រព្រឹត្ត​លើ្ម​ស​នៅ​អាមេរិក មានការ​រីកចម្រើន​
13, Dec 2017 , 6:39 pm        
រូបភាព
​ភ្នំពេញ​៖ អាមេរិក អះអាងថា ដំណើការ​ចរចា​បញ្ជូន​ពលរដ្ឋ​ខ្មែរ កំពុងមាន​ការរីកចម្រើន រវាង​រដ្ឋាភិបាល​កម្ពុ​ជា និង​អាមេរិក​។ រដ្ឋាភិបាល​កម្ពុជា ធ្លាប់​ប្រកាស​ទទួលយក​ពលរដ្ឋ​ខ្មែរ ដែល​អាមេរិក​គ្រោង​បញ្ជូនមក​កម្ពុជា​វិញ​។



ឧបការីរងទទួល​បន្ទុក​កិច្ចការ​តំបន់​អាស៊ីអាគ្នេយ៍ លោក W. Patrick Murphy បាន​និយាយថា កិច្ចពិភាក្សា​លើ​បញ្ហា​បញ្ជូន និង​ទទួលយក​ពលរដ្ឋ​ខ្មែរ​មក​កម្ពុជា​វិញ​នោះ បាន​ឈានទៅរក​សញ្ញា​ល្អ​ច្រើន​រវាង​រដ្ឋាភិបាល​ទាំងពីរ​។ លោក W. Patrick Murphy បាន​កិច្ចសន្ទនា​ភាគី​ទាំងពីរ នឹង​អាច​ឆ្ពោះទៅរក​កិច្ចព្រមព្រៀង​រួមគ្នា​មួយ ដើម្បី​ដោះស្រាយ​បញ្ហា​ពលរដ្ឋ​ខ្មែរ​ទាំងនោះ​។​

​ថ្លែង​ក្នុង​សន្និសីទកាសែត ដែល​រៀបចំ​នៅ​គេហដ្ឋាន​អនុទូត​អាមេរិក​ប្រចាំ​កម្ពុជា នៅ​ថ្ងៃទី​១៣ ធ្នូ​នេះ លោក W. Patrick Murphy បាន​រំ​ឮ​ក​ពី​កិច្ចសន្ទនា​មួយចំនួន ជាមួយ​លោក អ៊ូច បូរិទ្ធ រដ្ឋលេខាធិការ​ក្រសួងការបរទេស​ដូច្នេះ​ថា​៖«​យើង​ធ្លាប់មាន​បញ្ហា​កិច្ចសហប្រតិបត្តិការ​លើ​បញ្ជូន​ពលរដ្ឋ​ខ្មែរ​មក​កម្ពុជា​កន្លងមក ។​ប៉ុន្តែ​តាមរយៈ​កិច្ចចរចា និង​ពិភាក្សាគ្នា​នេះ យើង​ក៏មាន​ការជឿជាក់ ហើយ​ក៏បាន​ឃើញថា​មានដំណើ​ការល្អ​ជាច្រើន​ចំណុច ដែល​វា​អាច​កសាង​កិច្ច​សហប្រតិបត្តិ​យើង​ឡើងវិញ​។ ហើយ​កំពុង​បន្ត​ពិភាក្សាគ្នា​ទៀត ក្នុង​កិច្ចការ​បញ្ជូន​ពលរដ្ឋ​ខ្មែរ​មក​កម្ពុជា​វិញ​នេះ ។ យើង​សង្ឃឹមថា ពលរដ្ឋ​ដែល​បញ្ជូនមក​កម្ពុជា​ច្រើន​ក្នុង​ស្ថានការណ៍​បែបនេះ រដ្ឋាភិបាល​កម្ពុជា​នឹង​អា​ចរក​កន្លែង​ស្នាក់នៅ​សមរម្យ សម្រាប់​ពួកគេ​ស្នាក់ នៅពេលដែល​ពួកគេ​មកដល់​»​។​

​ពលរដ្ឋ​ខ្មែរ ដែល​អាមេរិក​គ្រោង​បញ្ជូនមក​កម្ពុជា​វិញ ភាគច្រើន​ជា​អ្នកប្រព្រឹត្ត​បទល្មើស​ក្នុងប្រទេស​អាមេរិក​។ ត្រង់ចំណុច​នេះ​ឧបការីរង​ទទួល​បន្ទុក​កិច្ចការ​តំបន់​អាស៊ីអាគ្នេយ៍​រូបនេះ បាន​ថ្លែង​ការពារ​ការសម្រេច​រប​ស់​រដ្ឋាភិបាល​អាមេរិក​ថា អាមេរិក​អនុវត្ត​គោលការណ៍​នេះ លើ​ពលរដ្ឋ​ចំណាកស្រុក​ទាំងអស់ ដែល​រស់នៅ​អាមេរិក ។ បើតាម​លោក W. Patrick Murphy ក្នុងពេល​ជាមួយគ្នា ដែល​អាមេរិក​កំពុង​ធ្វើ​កិច្ចការងារ​បញ្ជូន​ពល​រដ្ឋ​ខ្មែរ​វិញ​នេះ អាមេរិក​ក៏​អនុវត្ត​ការងារ​ជាមួយ​បណ្ដា​ប្រទេស​មួយចំនួន ក្នុង​តំបន់​អាស៊ាន ដែល​ពលរដ្ឋ​ប្រព្រឹត្ត​ខុសច្បាប់​អាមេរិក​ដែរ​។ បន្ថែម​ពីនេះ​លោក W. Patrick Murphy បាន​សង្កត់ធ្ងន់ថា បើ​ជនជាតិ​អាមេរិក​ប្រព្រឹត្ត​ខុស​នៅ​ប្រទេស​ដទៃ ក៏​អនុវត្ត​គោលការណ៍​ទទួលយក​វិញ​ផងដែរ​។​

​កន្លងមក​រដ្ឋាភិបាល ប្រកាស​ទទួលយក​ពល​រដ្ឋ​ខ្មែរ ដែល​អាមេរិក​គ្រោង​បញ្ជូនមក​កម្ពុជា​វិញ ដោយ​អនុវត្តតាម​កិច្ចព្រមព្រៀង​រវាង​ប្រទេស​ទាំងពីរ​។ ថ្លែង​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​កម្មករ​រោងចក្រ​ជាង​១​ម៉ឺន​នាក់ កាលពី​ថ្ងៃទី​៦ ធ្នូ​នេះ សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រាប់​ឲ្យ​ក្រសួងមហាផ្ទៃ និង​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ពិភាក្សា​ជាមួយ​មន្ត្រី​រដ្ឋាភិបាល​អាមេរិក ដើម្បី​ដោះស្រាយ​បញ្ហា​ពលរដ្ឋ​ខ្មែរ ដែល​ភៀសខ្លួន​រស់នៅ​អាមេរិក​ក្រោយ​ឆ្នាំ​១៩៩៤ ហើយ​គ្រោង​បញ្ជូនមក​ក​ម្ព​ជា​វិញ​នេះ​។ តែ​យ៉ាងណា​ប្រមុខ​រដ្ឋាភិបាល ស្នើ​ឲ្យ​អាមេរិក​ផ្ដល់ជំនួយ​ឲ្យ​បាន​សមស្រប​ដល់​ពលរ​ដ្ឋ​ខ្មែរ​ទាំងនោះ​ផងដែរ មុននឹង​បញ្ជូនមក​កម្ពុជា​៕


Tag:
 អាមេរិក​
  ​កម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com