ជាតិ
មន្ត្រីកម្ពុជាអាចរងការកំហិតទិដ្ឋាការទៅអឺរ៉ុប និងបង្កកទ្រព្យសម្បត្តិ តំណាងជាន់ខ្ពស់នៃសហភាពអឺរ៉ុបទទួលបន្ទុកកិច្ចការក្រៅប្រទេស និងគោលនយោបាយសន្តិសុខ លោកស្រី ហ្វេដេរីកា ម៉ូហ្គេរីនី។ រូបថត AFP
× ភ្នំពេញ៖ ការរឹតបន្តឹងទិដ្ឋាការ និងការបង្កកទ្រព្យសម្បត្តិជាលក្ខណឯកជនរបស់មន្ត្រីកម្ពុជា គឺជាការអំពាវនាវរបស់ក្រុមសមាជិកសភានៃសហភាពអឺរ៉ុបនៅក្នុងសេចក្តីស្នើមួយនៅថ្ងៃទី១៣ខែធ្នូនេះ។ ការអំពាវនាវនេះមិនបានធ្វើឲ្យអាជ្ញាធរកម្ពុជាព្រួយបារម្ភនោះទេ នេះបើតាមការអះអាងរបស់អ្នកនាំពាក្យនៃគណបក្សកាន់អំណាច។
បន្ទាប់ពីប្រតិភូសហភាពអឺរ៉ុបសម្រេចព្យួរជំនួយរបស់ខ្លួនទៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ពេលនេះដល់វេនក្រុមសមាជិកសភានៃសហភាពអឺរ៉ុបវិញម្តង។ ក្រុមសមាជិកសភានៃសហភាពអឺរ៉ុបនេះបានអំពាវនាវដល់ សេវាកម្មកិច្ចការក្រៅប្រទេសនៃសហភាពអឺរ៉ុប (European External Action Services) ឲ្យរឹតបន្តឹងទិដ្ឋាការ និងបង្កកទ្រព្យសម្បត្តិមន្ត្រីរបស់កម្ពុជាដែលពាក់ព័ន្ធនឹងការរំលាយគណបក្សសង្គ្រោះជាតិ។ ការអំពាវនាវត្រូវបានធ្វើឡើងនៅក្នុងសេចក្តីស្នើមួយនាថ្ងៃទី១៣ខែធ្នូនេះ។
សេចក្តីស្នើនោះសរសេរយ៉ាងដូច្នេះថា៖«អំពាវនាវដល់ EEAS និងគណៈកម្មការ ឲ្យរៀបចំបញ្ជីឈ្មោះនូវរាល់បុគ្គលណាដែលទទួលខុសត្រូវក្នុងការរំលាយគណបក្សប្រឆាំង និងសកម្មភាពរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរនៅកម្ពុជា ដោយពិនិត្យមើលទៅលើការកំហិតផ្តល់ទិដ្ឋាការ និងបង្កកទ្រព្យរបស់ពួកគេ»។
នៅក្នុងសេចក្តីស្នើដដែលនេះ ក្រុមសមាជិកសភានៃសហភាពអឺរ៉ុប ក៏បានគាំទ្រប្រតិភូសហភាពអឺរ៉ុបដែលបានសម្រេចចិត្តព្យួរជំនួយទៅដល់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតដែរ។ ជាការបោះឆ្នោតដែលសហភាពអឺរ៉ុបបានជួយក្នុងពេលកន្លងមកដើម្បីធានាអំពីការប្រកួតប្រជែដោយប្រជាធិបតេយ្យក្នុងក្របខណ្ឌសេរីពហុបក្ស។ ដូច្នេះក្រុមសមាជិកសភាអឺរ៉ុបបានស្នើដល់តំណាងជាន់ខ្ពស់នៃសហភាពអឺរ៉ុបទទួលបន្ទុកកិច្ចការក្រៅប្រទេស និងគោលនយោបាយសន្តិសុខ លោកស្រី ហ្វេដេរីកា ម៉ូហ្គេរីនី (Federica Mogherini) រួមទាំងតំណាងពិសេសទទួលបន្ទុកសិទ្ធិមនុស្សរបស់សហភាពអឺរ៉ុប ឲ្យស្វែងរកមធ្យោបាយណាក៏ដោយដើម្បីការពារសិទ្ធិជាមូលដ្ឋានរបស់ពលរដ្ឋខ្មែរ។
ក្រៅពីលើកយករឿងទិដ្ឋាការនិងការបង្កកទ្រព្យសម្បត្តិឯកជនមកព្រមានអាជ្ញាធរកម្ពុជា ក្រុមសមាជិកសភានៃសហភាពអឺរ៉ុបស្នើឲ្យលោកស្រី ហ្វេដេរីកា ម៉ូហ្គេរីនី ពិនិត្យជាបន្ទាន់ការអនុវត្តរបស់កម្ពុជាក្នុងក្របខណ្ឌនៃកិច្ចព្រមព្រៀងគោលនយោបាយ Everything But Arms ដែលកម្ពុជាបានចុះហត្ថលេខាជាមួយសហភាពអឺរ៉ុប។ នៅក្នុងលិខិតស្នើដដែលនោះ ក្រុមសមាជិកសភាអឺរ៉ុបបានសរសេរបញ្ជាក់យ៉ាងដូច្នេះ៖«មាត្រា១៩នៃវិធានEBA គូសបញ្ជាក់ថា បើសិនជាកម្ពុជារំលោភទៅលើកាតព្វកិច្ចរបស់ខ្លួនក្នុងក្របខណ្ឌនៃវិធាន EBA នេះ ការទទួលបានភាពអនុគ្រោះ ត្រូវលប់ចោលជាបណ្តោះអាសន្ន»។
គួរបញ្ជាប់ផងដែរថា ក្រុមសមាជិកសភាអឺរ៉ុប ក៏បានអំពាវនាវឲ្យអាជ្ញាធរកម្ពុជាទម្លាក់ចោលដោយឥតលក្ខខណ្ឌ នូវការចោទប្រកាន់លើលោក កឹម សុខា និងមេដឹកនាំគណបក្សប្រឆាំងនានាទៀត។
ជុំវិញការព្រមានដាក់ទណ្ឌកម្មពីសហគមន៍អន្តរជាតិ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ធ្លាប់លើកឡើងថា អ្វីដែលរដ្ឋាភិបាល បានធ្វើកន្លងមក គឺស្ថិតក្នុងក្របខណ្ឌច្បាប់របស់កម្ពុជា ដើម្បីការពារឯករាជ្យ អធិបតេយ្យ សន្តិភាព និងស្ថិរភាពនយោបាយ។ លោកបានសង្កត់ធ្ងន់ថា រដ្ឋាភិបាលនៅតែប្តេជ្ញាឈរលើមូលដ្ឋានច្បាប់របស់ខ្លួន ដើម្បីធ្វើយ៉ាងណាឲ្យប្រទេសកម្ពុជា ដើរលើមាគ៌ាប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស ។
អ្នកនាំពាក្យគណបក្សកាន់អំណាចរូបនេះ បានប្រាប់ក្រុមអ្នកកាសែតតាមបណ្តាញទំនាក់ទំនងតេឡេក្រាម (Telegram) យ៉ាងដូច្នេះថា៖«ការចង់បាន និងចង់ឃើញសកម្ពុជា ត្រឡប់ទៅរកសភាពដើម និងចង់ឲ្យបក្សប្រឆាំងរស់មកវិញ គឺមិនអាចទៅរួចទេ។ បើចង់យ៉ាងដូច្នេះ មានន័យថា លទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋនៅកម្ពុជា នឹងគ្មានន័យឡើយ»។
ប្រសិនបើ ការព្រមានខាងលើ ក្លាយជាការពិតមែននោះ សហភាពអឺរ៉ុប នឹងក្លាយជាភាគីទីពីរ បន្ទាប់ពីសហរដ្ឋអារមេរិក ដែលបានដាក់ទណ្ឌកម្មលើមន្ត្រីកម្ពុជា ដោយរឹតបន្តឹងការផ្តល់ទិដ្ឋាការ៕
Tag:
អឺរ៉ុប
រឹតបន្តឹងទិដ្ឋាការ
© រក្សាសិទ្ធិដោយ thmeythmey.com