ជាតិ
ជីវភាព​កសិករ​ខ្នាតតូច​បានប្រសើរ តាមរយៈ​គម្រោង​កសិក​ម្ម​បែប​កិច្ចសន្យា​របស់ Oxfam​
14, Dec 2017 , 5:16 pm        
រូបភាព
ដោយ:
​កសិកម្ម​តាមបែប​កិច្ចសន្យា​បាន​ជួយ​ដល់​កសិករ ធានា​នូវ​និរន្តរភាព​ក្នុងការ​ផលិត និងការ​លក់​ឲ្យ​ក្រុមហ៊ុននៅពេលអនាគត។ តាមរយៈ​កិច្ចសន្យា​ប្រជាកសិករ​នៅតែ​អាច​បន្ត​ដាំ​ដំណាំ​ដើម្បី​ផ្គត់ផ្គង់​ឲ្យ​ក្រុមហ៊ុន​ដោយ​ខ្លួនឯង​។ ជាពិសេស​កសិកម្ម​បែប​កិច្ចសន្យា​នេះ ក៏​ចៀសវាង​ការ​បន្ទាប​ថ្លៃ​ពី​ឈ្មួញកណ្ដាល ដោយសារ​ដំណាំ​ផលិត​លើស​តម្រូវការ​ទីផ្សារ ។



​លោក ផៃ ចិត្ត អ្នកសម្របសម្រួល​កម្ម​វិធី​សន្សំ​ប្រាក់​ដើម្បី​ផ្ដាស់​ប្ដូរ​របស់​អង្គការ Oxfam បាន​លើកឡើងថា ការអនុវត្ត​នៅមាន​បញ្ហា​ប្រឈម​មួយចំនួន ទាក់ទងនឹងបច្ចេកទេស និងកសិកម្ម ជាពិសេស ផលិតកម្មដំណាំស្រូវ និងបញ្ហាទីផ្សារ។ ខេត្ត​គោលដៅ​របស់​គម្រោង​នេះ​មាន​ខេត្តសៀមរាប ឧ​ត្ត​រ​មានជ័យ ពោធិ៍សាត់ និង​ខេត្តបន្ទាយមានជ័យ​។



​លោក ផៃ ចិត្ត បន្តថា​ប្រជាពលរដ្ឋ​ជាពិសេស​យុវជន​ភាគច្រើន បានធ្វើ​ចំណាកស្រុក​ដើម្បី​រក​ការងារ​ធ្វើ​នៅ​តំបន់​ផ្សេង ឬ​ទៅ​ក្រៅប្រទេស​ជាដើម​។ កត្តា​នេះ​បាន​បណ្ដាល​ឲ្យ​ការបង្កបង្កើន​ផលរប​ស់​ប្រជាពលរដ្ឋ​មាន​ចំនួន​តិច​នៅឡើយ​។ លោក ផៃ ចិត្ត បញ្ជាក់ថា​៖ «​យើង​ព្យាយាម​ធ្វើការ​ជាមួយ​ប្រជាពលរដ្ឋ​ក្រីក្រ ប៉ុន្តែ​ពួកគាត់​តែងតែ​ចល័ត គាត់​តែង​ធ្វើ​ចំណាកស្រុក​រយៈពេល​យូរ ឬ​ខ្លី ហើយ​យុវជន​ក៏មាន​ការ​ចល័ត​ច្រើន​ដែរ​។ សូម្បីតែ​គណៈកម្មការ​គ្រប់គ្រង​ក៏​យើង​ត្រូវការ​លេខា​ដើម្បី​កត់ត្រា នៅពេលដែល​ខ្វះ​ធនធានមនុស្ស​បែបនេះ ក្រុម​ក៏​មិនអាច​ដំណើរការ​បានដែរ​»​។​

​យ៉ាងណា​អង្គការ​នេះ នៅតែ​បន្ត​ព្យាយាម​ធ្វើការ និង​ជំរុញ​ដល់​ប្រជាពលរដ្ឋ ក្នុងការ​ចងក្រង​ជាក្រុមសន្សំប្រាក់, សហគមន៍​កសិកម្ម ទាំង​ការ​ការ​សន្សំ​ប្រាក់, ការចិញ្ចឹមសត្វ និងការដាំដុះដំណាំ​ ជាពិសេសផលិតកម្មដំណាំស្រូវ។ ជាកស្ដែង​អង្គការ​នេះ បានរៀបចំ​ទស្សន​កិច្ច​រយៈពេល​៣​ថ្ងៃ​នៅ​ខេត្តព្រះវិហារ ដល់​កសិករ ដើម្បី​រៀនសូត្របន្ថែមទាក់ទងនឹង​ការ​ចងក្រង​សហគមន៍ និង​ចប្ចេកទេសដាំដុះស្រូវសរីរាង្គ ចាប់ពី​ថ្ងៃទី​១១ ដល់​ថ្ងៃទី​១៣ ខែធ្នូ ឆ្នាំ​២០១៧ ដោយមាន​កសិករ​ចំនួន​៥០​នាក់ មកពី​ខេត្ត​ចំនួន​២​ចូលរួម ក្នុងនោះ​មាន​ខេត្តពោធិ៍សាត់ និង​ខេត្តបន្ទាយមានជ័យ​។​



​ជាការ​កត់សម្គាល់ ក្រុម​កសិករ​បាន​ផ្លាស់ប្តូរ​បទពិសោធន៍​លើ​បច្ចេកទេស​ដាំ​ដុះ ស្រូវ​សរីរាង្គ និង​ចែករំលែក​បទពិសោធន៍​ថែទាំ ចាប់ផ្តើម​តាំងពី​ការដាំដុះ រហូត​ប្រមូល​ផល និង​លក់​ទៅ​ទីផ្សារ​។ ក្រុម​កសិករ​មកពី ២​ខេត្ត​ខាងលើនេះ មាន​ចំណាប់អារម្មណ៍​យ៉ាងខ្លាំង និង​បាន​រៀនសូត្រ​លើ​ការអនុវត្ត​គម្រោង​កម្ម​កសិកម្ម​តាមបែប​កិច្ចសន្យារ​នេះ បន្ទាប់ពី​កសិករ​បាន​ចងក្រង​ជា​សហគមន៍​កសិកម្ម ដែល​បានទទួល​ការគាំទ្រ​ពី​រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈ​មន្ទីរ​កសិក​ម្ម​ខេត្តព្រះវិហារ​។

​គម្រោង​សន្សំ​ប្រាក់​ដើម្បី​ការផ្លាស់ប្ដូរ​របស់​អង្គការ Oxfam ដែល​ជម្រុញ​ឲ្យ​កសិករ​ធ្វើការ​ជា​ក្រុម​នេះ បាន​អនុវត្ត​ប្រតិបត្តិការ​រ​បស់​ខ្លួន​អស់​រយៈពេល​ជាង​១០​ឆ្នាំ​មកហើយ ដែល​បាន​ចងក្រង​សមាជិក​ក្រុម​សន្សំ​ជាង ១៤​មឺ​ន​នាក់ ដែល​អាចអោយ​ក្រុម​សន្សំ​ប្រា​ក់មាន​ទុន​ប្រមាណ​ជិត ៦​លាន​ដុល្លារ ៕​


Tag:
 កសិកម្ម​
 ​ កសិករ​
 ​ ចំណាកស្រុក
© រក្សាសិទ្ធិដោយ thmeythmey.com