ជាតិ
ចិន និង​ជប៉ុន គឺជា​អ្នករ៉ាប់រង​ដំណើការ​បោះឆ្នោត​នៅ​ឆ្នាំ​២០១៨
14, Dec 2017 , 10:59 pm        
រូបភាព
លោក ស៊ិក ប៊ុនហុក ប្រធានគ.ជ.ឞ
លោក ស៊ិក ប៊ុនហុក ប្រធានគ.ជ.ឞ
​ភ្នំពេញ​៖ រដ្ឋាភិបាល​ចិន និង​ជប៉ុន នឹង​ក្លាយជា​អ្នកធានារ៉ាប់រង​ដល់​ដំណើការ​បោះឆ្នោត​នៅ​កម្ពុជា ក្នុង​ឆ្នាំ​២០១៨​ខាងមុខនេះ បន្ទាប់ពី​អាមេរិក និង​សហភាព​អឺរ៉ុប ប្រកាស​ផ្ដាច់ជំនួយ​ដល់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គជប​) ។​



​ដោយសារតែ​បញ្ហានយោបាយ​នៅ​កម្ពុជា ទាក់ទង​នឹង​ការរំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ការឃុំខ្លួន​លោក កឹម សុខា និង​ការផ្អាក​សកម្មភាព​អ្នកនយោបាយ​បក្សប្រឆាំង​៥​ឆ្នាំនេះ រដ្ឋាភិបាល​អាមេរិក និង​សហភាព​អឺរ៉ុប បានប្រកាស​ផ្ដាច់ និង​ព្យួរ​ជំនួយ​ដល់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គជប​) ។ កន្លងមក​សហភាព​អឺរ៉ុប បាន​ជួយ​ដល់គ​.​ជ​.​ប សម្រាប់​ដំណើការ​បោះឆ្នោត​ជាង​៥​លាន​ដុល្លារ​អាមេរិក ខណៈដែល​អាមេរិក បាន​ជួយ​រថយន្ត​ម៉ាក Ford ចំនួន​៦​គ្រឿង ដល់ គ​.​ជ​.​ប​។

​អគ្គលេខាធិការរង​គ​ណៈ​ក​ម្មា​ធិ​ការ​ជាតិ​រៀបចំ​ការបោះឆ្នោត លោក សោម សូ​រី​ដា បាន​និយាយថា បើទោះជា​សហភាព​អឺរ៉ុប និង​អាមេរិក ផ្ដាច់​និង​ព្យួរ​ជំនួយ​ក្តី ប៉ុន្តែ​វា​គ្មាន​អ្វីដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ដំណើការ​បោះឆ្នោត​នៅ​កម្ពុជា ក្នុង​ឆ្នាំ​២០១៨​នោះទេ​។ មូលហេតុ​ដែល គ​.​ជ​.​ប មិន​ព្រួយបារម្ភ​នោះ ក៏​ព្រោះតែ​រដ្ឋាភិបាល បាន​ត្រៀម​កញ្ចប់​ថវិកា​ជាង​៥០​លាន​ដុល្លារ​សម្រាប់​ដំណើការ​បោះឆ្នោត​នេះ​។

​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ លោក សោម សូ​រី​ដា បានបញ្ជាក់​ដូច្នេះ​ថា​៖«​យើង​មានការ​សោកស្ដាយ​ដែល​ខាង​សហភាព​អឺរ៉ុប ភ្ជាប់​បញ្ហានយោបាយ​មក គ​.​ជ​.​ប ដែលជា​ស្ថាប័ន​ឯករាជ្យ មិន​ស្ថិតនៅក្រោម​អ្នកនយោបាយ​។ ប៉ុន្តែ​យ៉ាងណា​រដ្ឋាភិបាល ក៏បាន​ត្រៀម​ថវិកា​គ្រប់គ្រាន់​ហើយ ដោយ​ថវិកា​ជាង​២​លាន​ដុល្លារ​សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​សមាជិក​ព្រឹទ្ធសភា និង​ថវិកា​ជាង​៥២​លាន​ដុល្លារ សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​»​។

​ក្រៅពី​រដ្ឋាភិបាល​ត្រៀម​កញ្ចប់​ថវិកា​ហើយ រដ្ឋាភិបាល​ចិន និង​ជប៉ុន ក៏​ចេញមុខ​ធានារ៉ាប់រង​ដំណើការ​បោះឆ្នោត​នៅ​ឆ្នាំ​២០១៨ ផងដែរ​។ ភាគី​ជប៉ុន​គ្រោង​ផ្ដល់ជំនួយ​៧,២ លាន​ដុល្លារ ខណៈដែល​ចិន គ្រោង​ផ្ដល់​ថវិកា​ជាង​២០​លាន​ដុល្លារ សម្រាប់​ការបោះឆ្នោត​ខាងមុខនេះ​។ នេះ​បើតាម​លោក សោម សូ​រី​ដា ដែល​បានទទួល​ពត៌មាន​បណ្ដោះ​អាសន្ន​ពី​លេខា​ទី​១​នៃ​ទូត​ជប៉ុន និង​ខាង​ភាគី​ចិន​។​

​អគ្គលេខាធិការរង​គ​ជប​រូបនេះ បានបញ្ជាក់​ដូច្នេះ​ថា​៖«​ចិន​គាំទ្រ​ដល់ គ​.​ជ​.​ប ហើយ​បាន​សួ​រម​កគ​.​ជ​.​ប ត្រូវការ​អ្វីខ្លះ​គេ​នឹង​ជួយ​គ្រប់យ៉ាង​សម្រាប់​ការបោះឆ្នោត​អាណត្តិ​ក្រោយនេះ​។ យើង​បាន​សិក្សា និង​ពិភាក្សាគ្នា​ហើយ ប៉ុន្តែ​យើង​មិនទាន់​ស្នើ​ទៅកាន់​គេ​ទេ ដោយ​រង​ចាំមើល​ទិដ្ឋភាព​ជាក់ស្ដែង​សិន​។ ប៉ុន្តែ​បើតាម​ខ្ញុំ​ឮ​ព័ត៌មាន​ខ្លះ​នោះ ឮថា​ចិន​គ្រោង​ផ្ដល់​ថវិកា​ជាង​២០​លាន​ដុល្លារ តែ​លទ្ធផល​ជាក់ស្ដែង​នោះ ទាល់​តែមាន​ឯកសារ​ជា​លាយលក្ខណ៍អក្សរ​សិន​។ ចំណែក​ខាង​ជប៉ុន​ក៏​សន្យា​ជួយ​គ្រប់យ៉ាង​ដែរ​»​។ 

​កាលពី​ឆ្នាំ​២០១៦​កន្លងមក ភាគី​ជប៉ុន បានផ្ដល់​ជំនួយ​ដល់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ជា​ទឹក​១​លាន​ដុល្លារ សម្រាប់​ទិញ​សម្ភារ​បរិក្ខា និង​ប្រព័ន្ធ​ផ្ទុក​ទិន្នន័យ (Server System) ការបោះឆ្នោត​។ ចំណែក​ភាគី​ចិន ក៏បានផ្ដល់​ជំនួយ​១២​លាន​ដុល្លារ​ដល់គ​.​ជ​.​ប សម្រាប់​ដំណើការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ កាលពី​ថ្ងៃទី​៤ មិថុនា ឆ្នាំ​២០១៧​ផងដែរ​។​

​ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា អាណត្តិ​ទី​៤ នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២៥ កុម្ភៈ ឆ្នាំ​២០១៨​។ ចំណែក​ការ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ អាណត្តិ​ទី​៦ នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២៩ កក្កដា ឆ្នាំ​២០១៨ ខាងមុខ​៕


Tag:
 ​សោម សូ​រី​ដា​
 ​ គជប​
 ​ បោះឆ្នោត​
 ​ ចិន​
 ​ ជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com