ជាតិ
សង្គមជាតិ
អាជ្ញាធរ​អប្សរា​និង​គម្រោង​អភិរក្ស​អាល្លឺម៉ង់ GACP ចុះ​កិច្ចព្រមព្រៀង​បន្ត​អភិរក្ស​ថ្ម​ប្រាសាទ​តំបន់​អង្គរ​
14, Dec 2017 , 5:54 pm        
រូបភាព
​សៀមរាប​៖ តំណាង​គម្រោង​អភិរក្ស​អាល្លឺម៉ង់​-​អប្សរា និង​អាជ្ញាធរ​ជាតិ​អប្សរា​បានសម្រេច​ចុះ​អនុស្សារណៈ​រួមគ្នា​ដើម្បី​បន្ត​កិច្ចសហប្រតិបត្តិការ​ជួស​ជុល និង​អភិរក្ស​ប្រាសាទ​ដែល​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​អាជ្ញាធរ​ជាតិ​អប្សរា ក្នុង​កិច្ចប្រជុំ​គណៈកម្មាធិការ​អាយ​ស៊ី​ស៊ី​-​អង្គរ​លើក​ទី ២៤ ថ្ងៃ​១៤ ខែធ្នូ​នេះ​។​
 

​អនុស្សារណៈ​យោគយល់​គ្នា​មួយ​ត្រូវបាន​ចុះ​រួមគ្នា​រវាង​អាជ្ញាធរ​ជាតិ​អប្សរា ជាមួយ​គម្រោង​អភិ​រក្សា​អាល្លឺម៉ង់​-​អប្សរា (German-APSARA Conservation Project) ឬ​ហៅ​កាត់​ថា GACP នៅ​ថ្ងៃទី ១៤ ខែធ្នូ​ក្នុង​កិច្ចប្រជុំ​លើក​ទី ២៤​នៃ គណៈកម្មាធិការ​អាយ​ស៊ី​ស៊ី​- អង្គរ​។ វា​ក៏​កើតឡើង​ចំ​ខួប​លើក​ទី ២០​នៃ​គម្រោង​អភិរក្ស GACP នេះដែរ​។ 
 
​លោក​សាស្ត្រាចារ្យ​បណ្ឌិត Klaus  Becker អនុប្រធាន​ស្រាវជ្រាវ និង ចែករម្លែក​ចំណេះដឹង​នៃសាកលវិទ្យាល័យ​វិទ្យាសាស្ត្រអនុវត្តកូឡូញ ប្រទេសអាល្លឺម៉ង់ (TH Koeln University of Applied Science)បាន​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ​ដូច្នេះ​៖ « GACP បានធ្វើ​ការងារ​រយៈពេល​២០​ឆ្នាំ​ហើយ​។ ក្រោម​ការចុះ​កិច្ចព្រមព្រៀង​នេះ វា​មានន័យថា​ជំហាន​ឯកភាពគ្នា​ថា​បន្ត​យើង​បន្តការងារ​នេះ​ទៀត​នៅ​ឆ្នាំក្រោយ​។ វា​ក៏​កំណត់ថា តើ​អនុវត្ត​របៀប​ម៉េច​និង​ផ្តល់ជំនួយ​ទ្រទ្រង់​របៀប​ម៉េច​នោះ​។ សាកលវិទ្យាល័យ​យើង ក៏ដូចជា​ក្រសួងការបរទេស​អាល្លឺម៉ង់​មាន​មោទនភាព និង​រីករាយ​ដោយ​ជួយ​ប្រជាជន​កម្ពុជា​អភិរក្ស​បេតិកភណ្ឌ​ដ៏​អស្ចារ្យ​នេះ​»​។​

 
​អនុស្សរណៈ​យោគយល់​គ្នា​នេះ​មាន​គោលបំណង​សំខាន់​បន្ត​គម្រោង​កិច្ចសហប្រតិបត្តិការ​តាមរយៈ​អង្គភាព​អចិន្ត្រៃយ៍​ដែលមាន​អ្នកជំនាញ​ជួសជុល និង​អភិរក្ស​ប្រាសាទ​ក្នុង​រមណីយដ្ឋាន​អង្គរ និង​រមណីយដ្ឋាន ប្រវត្តិសាស្ត្រ​ដទៃទៀត​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​អាជ្ញាធរ​ជាតិ​អប្សរា​។​
 
​ក្រៅពី​ចុះ​អនុស្សារណៈ​យោគយល់​គ្នា​គ្នា វា​ក៏មាន​ពិធី​ចែក​វិញ្ញាបនបត្រ​សរសើរ​ដល់​ក្រុម​អ្នក​អភិរក្ស​ចំនួន ១៧ នាក់​ដែល​បម្រើ​ការងារ​ក្នុង​គម្រោង​អភិរក្ស​អាល្លឺម៉ង់​-​អប្សរា ។  អ្នក​អភិរក្ស​ទាំង ១៧ នាក់​នោះ​ទទួលបាន​ការបណ្តុះបណ្តាល​ជំនាញ​បច្ចេកទេស​ទាំង​ទ្រឹស្តី និង​ការអនុវត្ត​បែប​វិទ្យាសាស្ត្រ ពី​អ្នកវិទ្យាសាស្ត្រ​អភិរក្ស​អាល្លឺម៉ង់ និង​បាន​បម្រើ​ការងារ​ល្អប្រសើរ​ក្នុងការ​អភិរក្ស​ថ្ម​ប្រាសាទ​កន្លងមក​។ 

 
 
​តាមពិតទៅ​គម្រោង​អភិ​រក្សា GACP នេះ​ស្ថិតនៅក្រោម​ការដឹកនាំរ​បស់​លោក​សាស្ត្រាចារ្យ​បណ្ឌិត Hans Leisen ដោយ​ទទួលបាន​ការគាំទ្រ​ពី​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រអនុវត្តកូឡូញ ប្រទេស​​អាល្លឺម៉ង់ (TH Koeln University of Applied Science) និង​ក្រសួងការបរទេស​អាល្លឺម៉ង់​។  
 
​គម្រោង​អភិរក្ស GACP នេះ​ត្រូវបាន​ចាប់ផ្តើម​ដំណើរការ​កាលពី​ឆ្នាំ ១៩៩៧ ដែល​ទទួលបាន​ការឧបត្ថម្ភ​គាំទ្រ​ពី​សំណាក់​ក្រសួងការបរទេស​អាល្លឺម៉ង់ ហើយ​មកដល់​បច្ចុប្បន្ន GACP មាន​សមាជិក​ប្រហែល​៥០​នាក់​ហើយ​។ ដោយ​សហការ​ជាមួយ​អាជ្ញាធរ​ជាតិ​អប្សរា អង្គភាព​នេះ​បានទទួល​ខុសត្រូវ​លើ​គម្រោង​ជួសជុល​ចម្លាក់​អប្សរា និង​ចម្លាក់​លៀន នៅ​ប្រាសាទអង្គរវត្ត ពី​ឆ្នាំ​១៩៩៧ រហូតមកដល់​បច្ចុប្បន្ន​។ ក្រៅពី​គម្រោង​អភិរក្ស​នៅ​តំបន់​រមណីយដ្ឋាន​អង្គរ GACP ក៏​ចូលរួមចំណែក​អភិរក្ស​ថ្ម​ប្រាសាទ​នៅ​ប្រាសាទកោះកេរ្តិ៍ និង សំបូរ​ព្រៃ​គុក​ខេត្តកំពង់ធំ​ផងដែរ​៕
 
 
 
 
 

Tag:
 ​អាជ្ញាធរ​ជាតិ​អប្សរា​
  GACP
  អាល្លឺម៉ង់​
  TH Koeln University Applied Science
© រក្សាសិទ្ធិដោយ thmeythmey.com