កីឡាជាតិ
ជាតិ
សម្តេច ហ៊ុន សែន​៖ កីឡាករ​ដែល​ចូលចិត្ត​និយាយ​បញ្ហា​លុយ​លើ​ហ្វេ​ស​ប៊ុ​ក ជាការ​ទម្លាក់​តម្លៃ​ខ្លួន​
15, Dec 2017 , 10:54 am        
រូបភាព
​ភ្នំពេញ​៖ សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន រិះគន់​លើ​កីឡាករ -​កីឡាការិនី​មួយចំនួន ដែល​តែងតែ​សរសេរ​រៀបរាប់​ពី​ការមិន​ពេញចិត្ត ឬ​បញ្ហា​ផ្ទាល់ខ្លួន​អ្វីមួយ លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​។ សម្ដេច ហ៊ុន សែន ចាត់ទុក​ទង្វើ​របស់​កីឡាករ​-​កីឡាការិនី​ទាំងនោះ កំពុងតែ​ទម្លាក់​តម្លៃ​ខ្លួនឯង ក្នុងនាម​ជា​កីឡាករ​តំណាង​ឲ្យ​មុខមាត់​ប្រទេសជាតិ​។​



​ថ្លែង​ក្នុង​ពិធី​ប្រគល់​ប្រាក់រង្វាន់​រាជរដ្ឋាភិបាល ជូន​កីឡាករ កីឡាការិនី ដែល​បានឈ្នះ​មេដាយមាស​ក្នុងការ​ប្រកួត Sea Games លើក​ទី​២៩ និង​ការប្រកួត​ជើងឯក​គ្រប់​កម្រិត​ជា​លក្ខណៈ​អន្តរជាតិ ប្រមុខ​រដ្ឋាភិបាល បាន​និយាយ​ដូច្នេះ​ថា​៖«​ក្នុងពេលដែល​ខ្ញុំ​អបអរសាទរ​កីឡាករ​-​កីឡាការិនី ដែលជា​ជ័យលាភី​នៅទីនេះ​។ ខ្ញុំ​ក៏​សូម​យក​ឱកាស​នេះ​ដើម្បី​និយាយ​ទៅកាន់​ក្មួយៗ ក៏ដូចជា​អ្នកគាំទ្រ​ទាំងឡាយ មេត្តា​យោគយល់​អា​ធ្យា​ស្រ័យ ហើយ​យើង​តាំងខ្លួន​ជា​អ្នកកីឡា​ស្អាតស្អំ កីឡា​មិនមែន​ដើម្បី​ប្ដូរប្រាក់ ព្រោះ​រយៈពេល​កន្លងទៅ ខ្ញុំ​ក៏​ឃើញ​ការ​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក​មួយចំនួន ដែល​នេះ​ជាការ​ទម្លាក់ខ្លួន​របស់​ក្មួយ ឬក៏​អ្នកគាំទ្រ​របស់​ក្មួយៗ​ទៅវិញ​ទេ​។ ទោះបីជា​មេដាយ​ថ្នាក់​ណាក៏ដោយ ប្រសិនបើ​អង្គុយ​ទាមទារ​នូវ​ប្រាក់​ប្រញាប់ប្រញាល់​ហួស ច្បាស់​ជា​វា​ធ្វើ​ឲ្យ​តម្លៃ​ដែល​យើង​ប្រកួត​ធ្លាក់ចុះ​វិញ​។ អារម្មណ៍​បែបនេះ​ខ្ញុំ​យល់ ក៏ប៉ុន្តែ​យើង​ត្រូវ​យល់ថា អ្វីដែល​ជាការ​ចាយវាយ​ប្រាក់​…»​។​

សូមស្ដាប់សំឡេង៖


​ការលើកឡើង​របស់​ស​ម្ដេច ហ៊ុន សែន បែបនេះ ធ្វើឡើង​ក្រោយពី​មាន​កីឡាករ​-​កីឡាការិនី សរសេរ​ពី​បញ្ហា​ថវិកា​លើ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់​ពួកគេ ដែលមាន​ការចែក​ចាយ​ព៌​ត៌មាន​បន្ត​យ៉ាង​ទំ​លំ​ទំលាយ ពី​សំណាក់​អ្នកគាំទ្រ​របស់​ពួកគេ ។​

​នៅ​ព្រឹក​ថ្ងៃ​១៥ ធ្នូ​នេះ រដ្ឋាភិបាល បាន​ចំណាយ​ទឹក​៧០០០​ពាន់​លាន​រៀល​(​ជាង​១,៧​លាន​ដុល្លារ​) ប្រគល់​ប្រាក់រង្វាន់​ដល់​កីឡាករ កីឡាការិនី ដែល​បានឈ្នះ​មេដាយមាស​ក្នុងការ​ប្រកួត Sea Games លើក​ទី​២៩ និង​ការប្រកួត​ជើងឯក​គ្រប់​កម្រិត​ជា​លក្ខណៈ​អន្តរជាតិ ៕


Tag:
 ​ហ៊ុន សែន​
 ​ កីឡាករ​
 ​ កីឡាការិនី​
© រក្សាសិទ្ធិដោយ thmeythmey.com