ពីនេះ ពីនោះ
វត្តមាន​របស់​អង្កាំ និង​ផ្គាំ នៅតែ​ជា​គ្រឿងអលង្ការ​សម្រាប់​លម្អ​កាយ​របស់​ស្ត្រី​នា​សម័យ​បច្ចុប្បន្ន​
16, Dec 2017 , 8:59 am        
រូបភាព
ដោយ: ថ្មីៗ
​កាលពី​សម័យបុរាណ​ដូនតា​ខ្មែរ នៅពេល​មាន​ពិធីបុណ្យ ពិធីការ​ផ្សេងៗ តែងតែ​បំពាក់​នូវ​គ្រឿងអលង្ការ​ដែលមាន​តម្លៃ​ដូចជា  អង្កាំ ផ្គាំ មាស ពេជ្រ កែវកង ជាដើម ដើម្បី​លម្អរូប​រាងកាយ​ឲ្យ​ស្អាតបាត​។ ដោយ​ខ្មែរ​ពី​បុរាណ សម្បូរ​ទៅដោយ​គ្រឿងអលង្ការ​ផ្សេងៗ ដែលមាន​តម្លៃ សម្រាប់​តប់​តែងខ្លួន​ដែល​បំពាក់​ទៅ​កូនស្រី ឬ​ស្ត្រី​ដែល​ពេញវ័យ​។ ប៉ុន្តែ​សម័យ​បច្ចុប្បន្ន គឺ​សង្កេតឃើញ​នៅតែមាន​គេ​យក អង្កាំ និង​ផ្គាំ សម្រាប់​ច្នៃ​ធ្វើជា​គ្រឿងអលង្ការ​នានា ដូចជា ក្រវិល ខ្សែដៃ ខ្សែក ចិញ្ចៀន និង​គ្រឿង​ផ្សេងៗ​ទៀត ដើម្បី​បង្កើន​សោភ័ណភាព​បាន​មួយកម្រិត​ទៀតផង​។



​វត្តមាន​អង្កាំ និង​ផ្គាំ ធ្វើ​អំពី​ថ្មកែវ ភ្លុក ឆ្អឹង ប្រាក់ មាស ឬ​សំណ ដែលមាន​ចំនួន​ឥត​គណនា មាន​ពណ៌​ចម្រុះ​គ្រប់​ពណ៌ និង​គ្រប់​ខ្នាត​។ បើតាម​វចនានុក្រម​សម្តេចព្រះសង្ឃរាជ ជួន ណាត «​អង្កាំ​» គឺ​សំដៅលើ គ្រាប់​មូល​តូចៗ ឬ​ល្អិត មាន​ប្រហោង​ដោត​ខ្សែ​បាន ដែល​ធ្វើ​អំពី​មាស សម្រាប់​ប្រើ​ជា​កម្រង ឬ​ជា​គ្រឿង​ប្រដាប់​កាយ​ស្រី្ត​ក៏បាន សព្វថ្ងៃ​មនុស្ស​ស្រី​ទូទៅ យក​អង្កាំ​ធ្វើជា ក្រវិល ចិញ្ចៀន ខ្សែដៃ កងដៃ ខ្សែក ខ្សែជើង ឬ​ខ្សែ​បន្តោង កាបូបស្ពាយ​ដៃ កន្ត្រក ឬ​កាបូបយួរ និង​សម្រាប់​ធ្វើជា​រូប​កូន​សត្វ​ដូចជា សត្វ​ឆ្កែ សត្វ​ទន្សាយ​និង​សត្វ​ផ្សេងៗ​ទៀតផង​ដែរ​។

​ចំពោះ​អង្កាំ​តូចៗ​វិញ ប្រើ​សម្រាប់​ប៉ាក់​ឌិន​លើ​រ៉ូ​ប សំលៀកបំពាក់ ខោអាវ ជាដើម​។ ចំណែកឯ​ផ្គាំ ដែលមាន​ខ្សែ​ចងភ្ជាប់​មុខ​គ្នា​ជា​ចង្វាយ សម្រាប់​ប្រឡេះ​រាប់​មេ​ធម៌ ឬ​បទ​ធម៌​ក្នុងការ​ចម្រើន​ភាវនា​។ ការបង្ហាញ​ខ្លួន​របស់​អង្កាំ និង​ផ្គាំ មិន​គ្រាន់តែ​គ្រឿង​លម្អ​ប៉ុណ្ណោះ​ទេ ថែមទាំង​បង្ហាញ​ពី​ភាពរុងរឿង​នៅក្នុង​សង្គម ហើយ​មាន​ទំនាក់ទំនង​ល្អ​រវាង​ជនជាតិខ្មែរ និង​ប្រទេស​ដទៃទៀត​ផង​។​

​អង្កាំ និង​ផ្គាំ គឺ​ចែកចេញជា​អង្កាំ និង​ផ្គាំ​មាន​ប្រភព​ចេញពី​ប្រទេស​ឥណ្ឌា និង​មាន​ប្រភព​ចេញពី​ប្រទេស​រ៉ូ​មាំ​ង​។ ប្រទេស​កម្ពុជា​ក៏មាន​អង្កាំ និង​ផ្គាំ ដែល​ផលិត​ចេញពី​ជនជាតិខ្មែរ​នៅលើ​ទឹកដី​នគរ​ខ្មែរ​ដែរ ដែល​គេ​រកឃើញ​នៅក្នុង​សា្ថ​នី​យ​ប្រវត្តិសាស្ត្រ​គឺ សុផាន់​បូរី អូរ​កែវ និង​អង្គរ​បូរី ដែល​សុទ្ធសឹង​ជានគរ​បុរាណ​ទាំងអស់ ស្ថិតនៅ​ក្នុងសម័យ​រុងរឿង​របស់​ខ្មែរ​ពី​សម័យ​នោះ រហូតមកដល់​សព្វថ្ងៃ​យើង​នេះ​។ ដោយ​ផ្អែកលើ​សំណង់​នៃ​បំណែក​អង្កាំ​ថ្ម និង​គំនរ​កញ្ចក់​ពណ៌​យ៉ាងច្រើន​លើសលប់ ដែល​គេ​អាច​យក​ស្ល អ្នកស្រាវជ្រាវ បាន​អះអាងថា អង្កាំ និង​ផ្គាំ​មាន​កន្លែង​ផលិត​ច្រើន នៅ​រាជធានី​អង្គរ​បូរី ហើយ​ការផលិត​នេះ​ត្រូវបាន​ធ្វើឡើង​ដោយ​ជាងទង​ដ៏​ចំណាន ដែល​ចម្លង​រូបមន្ត​ថ្ម​របស់​កិ្ល​ង្គ ឬ​ពួក​រ៉ូ​មាំ​ង​៕

[​អត្ថបទ​ដាក់​ស្រង់​ពី​សៀវភៅ​ប្រវត្តិសាស្ត្រ​កម្ពុជា អាណាចក្រ​ភ្នំ សតវត្ស​ទី​១ ដល់​សតវត្ស​ទី​៦ របស់​បណ្ឌិត ម​.​ត្រា​ណេ​]


Tag:
 ​អង្កាំ​
  ​ផ្គាំ​
  ​គ្រឿងអលង្ការ
© រក្សាសិទ្ធិដោយ thmeythmey.com