ជាតិ
ធាតុអាកាសត្រជាក់ខ្លាំងបន្ត​ដល់ថ្ងៃទី២២ ខែធ្នូ ខណៈតំបន់ភ្នំដងរែកត្រជាក់ដល់​១៣អង្សាសេ
18, Dec 2017 , 9:32 am        
រូបភាព
ដោយ:
ពីថ្ងៃនេះ ដល់​ថ្ងៃទី២២ ខែ​ធ្នូ អាកាសធាតុ​នៅ​តំបន់​ជួរ​ភ្នំ​ដងរែក នឹង​ចុះ​ត្រជាក់​យ៉ាងគំហុក គឺ​ស្ថិតក្នុង​រង្វង់​១៣​អង្សា​។ នេះ​បើតាម​ការ​ព្យាករ​របស់​ក្រសួង​ធនធានទឹក ដែល​បាន​បញ្ជាក់ទៀតថា ខេត្ត​៦​ទៀត គឺ​ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ព្រះវិហារ ឧ​ត្ត​រ​មានជ័យ និង​ខេត្ត​ប៉ៃលិន សីតុណ្ហភាព​នឹង​ធ្លាក់ចុះ​ដល់​រង្វង់​១៥​អង្សា​។​



​យោងតាម​ការ​ព្យាករ​អាកាសធាតុ របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម  ចាប់ពី​ថ្ងៃទី​១៨ ដល់​ថ្ងៃទី​២២ ខែធ្នូ សីតុណ្ហភាព​អប្បបរមា ​ធ្លាក់ចុះ​យ៉ាងគំហុក ក្នុងនោះ​សីតុណ្ហភាព​អប្បបរមា នឹង​ថយ​ចុះមក​នៅក្នុង​រង្វង់ ១៣​អង្សា នៅ​តំបន់​ជួរ​ភ្នំ​ដងរែក​។​

​តាម​ការ​ព្យាករ​ដដែល ខេត្តស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ព្រះវិហារ ឧ​ត្ត​រ​មានជ័យ និង​ខេត្ត​ប៉ៃលិន សីតុណ្ហភាព​អប្បបរមា នឹង​ថយ​ចុះមក​នៅក្នុង​រង្វង់​១៥ អង្សា ពីថ្ងៃ​ទី​១៨ ដល់ទី​២២ ខែធ្នូ ខណៈ​ខេត្តពោធិ៍សាត់ បាត់ដំបង សៀមរាប បន្ទាយមានជ័យ និង​ខេត្តកោះកុង នឹងមាន​សីតុណ្ហភាព​អប្បបរមា​ពី ១៧-១៨ អង្សា​។ ក្រៅពីនេះ បណ្តា​ខេត្ត​ផ្សេងទៀត មាន​សីតុណ្ហភាព​អប្បបរមា​ពី ១៩ -២០​អង្សា លើកលែងតែ​ខេត្ត​កែប កំពត និង​ខេត្ត​ព្រះសីហនុ​ដែល​មិនសូវ​ចុះ​ត្រជាក់​ខ្លាំង​។

​ផ្អែក​តាម​ការ​ព្យាករ​នេះ ក្រសួង​ជំនាញ​អំពាវនាវ​ឲ្យ​ក្រសួង ស្ថាប័ន អាជ្ញាធរ​ដែនដី​ដែល​ពាក់ព័ន្ធ និង​សាធារណជន ប្រុងប្រយ័ត្ន ពិសេស​កងទ័ព​ដែល​កំពុង​ឈរ​ជើង​តាម​បន្ទាត់​ព្រំដែន​តំបន់​ជួរ​ភ្នំ​ដងរែក​៕


Tag:
 អាកាសធាតុ​
  ​ត្រជាក់
© រក្សាសិទ្ធិដោយ thmeythmey.com