អន្តរជាតិ
ថៃ​ប្រាប់​អាមេរិក ៖ បើ​ឱកាស​ហុច​ឲ្យ ថៃ​នឹង​ជួយ​និយាយ​ឲ្យ​កូរ៉េខាងជើង​ចូល​តុ​ចរចា​វិញ
16, Dec 2017 , 3:39 pm        
រូបភាព
ដោយ:
​រដ្ឋាភិបាល​ក្រុង​បាងកក បាន​ទទូច​ឲ្យ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ប្រកាន់យក​ជំហរ​បើកចំហ​លើ​វិបត្តិ​ឧបទ្វីប​កូរ៉េ ។ ជាមួយគ្នានេះ ក្រុង​បាងកក ក៏បាន​បញ្ជាក់ដែរថា ថៃ បាន​ត្រៀមខ្លួន​រួចជាស្រេច​ក្នុងការ​ធ្វើជា​អ្នកសម្របសម្រួល និង​បញ្ចុះបញ្ចូល​ឲ្យ​ក្រុង​ព្យុងយ៉ាង​ត្រឡប់​ទៅរក​តុ​ចរចា​ជាមួយនឹង​ក្រុង​វ៉ាស៊ីនតោន​វិញ ។



​លោក​ឧ​ត្ត​ម​សេនីយ៍ Wallop Rohsanoh អគ្គលេខាធិការ​ក្រុមប្រឹក្សាសន្តិសុខ​ជាតិ​ថៃ នៅ​ថ្ងៃ​១៤ ធ្នូ បាន​ជួបពិភាក្សា​ជាមួយនឹង​បេសកជន​ពិសេស​អាមេរិក លោក Joseph Yun​។  លោក Rohsanoh ក៏បាន​បញ្ជាក់​ពី​ជំហរ​របស់​ថៃ​យ៉ាង​ដូច្នេះ​ថា​៖«​ថៃ បាន​ត្រៀមខ្លួន​រួចស្រេច​ហើយ​ដើម្បី​ជួយ​នាំ​កូរ៉េខាងជើង​ឲ្យ​ត្រលប់​ទៅរក​តុ​ចរចា​ស្តីពី​ដំណោះស្រាយ​នៅ​ឧបទ្វីប​កូរ៉េ ប្រសិនបើ​ឳ​កាស​ហុច​ឲ្យ​។​» នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន​ថៃ The Nation ។

​គួរ​ជម្រាប​ផងដែរ​ថា បេសកជន​អាមេរិក លោក Joseph Yun នៅ​សប្តាហ៍​នេះ ដែរ ក៏បាន​បំពេញ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​សម្ព័ន្ធមិត្ត​អាមេរិក​នៅ​អាស៊ី​បូព៌ា​ជប៉ុន​រួចហើយ ។ ដំណើរ​ទស្សនកិច្ច​រប​ស់លោក​ទាំង​ទៅកាន់​ជប៉ុន និង​ថៃ មាន​គោលដៅ​ដើម្បី​រិះរក​មធ្យោបាយ​ក្នុងការ​ដោះស្រាយ​វិបត្តិ​នៅ​ឧបទ្វីប​កូរ៉េ ក៏ដូចជា​ដើម្បី​ដាក់​សម្ពាធ​កូរ៉េ​ខាង​ជើ ដែល​កំពុងតែបន្ត​កម្ម​វិធី​អាវុធ​នុយក្លេអ៊ែរ​ដោយ​គ្មាន​ញញើត​ពី​បម្រាម​សហគមន៍​អន្តរជាតិ​នោះ ។

​អ្វី​គួរកត់សម្គាល់​នោះ មុនពេល​នៃ​ការលើកឡើង​ពី​ជំហរ​របស់​ថៃ​ក្នុងការ​បញ្ចុះបញ្ចូល​ឲ្យ​កូរ៉េខាងជើង ត្រឡប់​មករក​តុ​ច​ចារ​វិញ​នោះ ប្រមុខ​របប​សឹក​ថៃ ក៏បាន​ប្រកាស​ពី​ជំហរ​របស់ខ្លួន​ក្នុងការ​អនុវត្ត​យ៉ាង​ពេញលេញ​លើ​សេចក្តីសម្រេច​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ ដូច​ទៅនឹង​អ្វីដែល​រដ្ឋាភិបាល​អាមេរិក បានស្នើ​កន្លងមក​ឲ្យ​សម្ព័ន្ធមិត្ត​ចាស់​នៅ​អាស៊ី​មួយ​នេះ​ជួយ​ដាក់​គំនាប​កូរ៉េខាងជើង​ផង​នោះ ។

​នៅមុន​ពីរ​ថ្ងៃ​នៃ​ការបំពេញ​ទស្សនកិច្ច​របស់​បេសកជន​អាមេរិក​ទៅកាន់​ថៃ លោកនាយក​រដ្ឋមន្ត្រី​ប្រា​យុទ្ធ ចន្ទ​អូ​ចា បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖ « ថៃ​ធានាថា យើង​គោរព​តាម​ដំណោះស្រាយ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​។ វា​ធ្លាប់មាន​របាយការណ៍​ស្តីពី​ទូក​កូរ៉េខាងជើង នៅក្នុង​ដែនទឹក​យើង​។ ប៉ុន្តែ​ខ្ញុំ​បានដាក់​បញ្ជា ហាមឃាត់​យូរ​មកហើយ​។ វា​គ្មាន​ឡើយ​ពាណិជ្ជកម្ម ឬ​ការជួញដូរ​ទំនិញ​ជាមួយគ្នា​នោះ​» ៕


Tag:
 ថៃ​
  អាមេរិក​
  កូរ៉េ​ខា​ជើង
© រក្សាសិទ្ធិដោយ thmeythmey.com