ជាតិ
សេដ្ឋកិច្ច
ថៃ​ផ្ដល់ប្រាក់​ជាង ១​លាន​ដុល្លារ ជួយ​សង់​មជ្ឈមណ្ឌល​ជាតិ​ព្យាបាល​អ្នកញៀន​គ្រឿងញៀន​
16, Dec 2017 , 3:25 pm        
រូបភាព
លោក កៅ ខុនដារ៉ា ប្រធានស្ដីទីអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន
លោក កៅ ខុនដារ៉ា ប្រធានស្ដីទីអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន
ដោយ:
​ភ្នំពេញ​៖ កម្ពុជា បានទទួល​ជំនួយឥតសំណង​ជាង ១​លាន​ដុល្លារ ពី​រដ្ឋាភិបាល​ថៃ ដើម្បី​សាងសង់​មជ្ឈមណ្ឌល​ជាតិ​ព្យាបាល​អ្នកញៀន​គ្រឿងញៀន នៅ​ខេត្ត​ព្រះសីហនុ​។ កម្ពុជា​គ្រោង​ចំណាយ​ប្រាក់ ៦​លាន​ដុល្លារ សង់​មជ្ឈមណ្ឌល​ជាតិ​នេះ លើ​ផ្ទៃដី​ជាង​២០​ហិកតា ដើម្បី​ប្រមូល​ជនរងគ្រោះ​ដោយសារ​គ្រឿងញៀន ទៅ​បន្សាប​សារជាតិ​ញៀន អប់រំ និង​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​។​



​ស្រប​ពេលដែល​កម្ពុជា កំពុង​សាងសង់​មជ្ឈមណ្ឌល​ជាតិ​បន្សាប​គ្រឿងញៀន នៅ​ខេត្ត​ព្រះសីហនុ ដើម្បី​ព្យាបាល​ជនរងគ្រោះ​ដោយ​ឥតគិតថ្លៃ រដ្ឋាភិបាល​ថៃ​តាមរយៈ​គម្រោង​កម្ពុជា​-​ថៃ ស្ដីពី​ការពង្រឹង និង​ជំរុញ​កិច្ចសហប្រតិបត្តិការ​ព្យាបាល និង​ស្តារនីតិសម្បទា​អ្នកញៀន​គ្រឿងញៀន បានផ្តល់​ថវិកា​ប្រមាណ​៣៨​លាន​បាត ស្មើនឹង ១.១៥​លាន​ដុល្លារ ជួយ​ដល់​ការសាងសង់​។ 

​គេហទំព័រ​អគ្គស្នងការ​នគរបាល​ជាតិ បាន​ស្រង់​សំដី លោក កៅ ខុន​ដា​រ៉ា ប្រធានស្ដីទី​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ដែល​ថ្លែង​នៅក្នុង​ពិធី​ប្រគល់ និង​ទទួល​ជំនួយ​ថវិកា នេះ​ថា បទល្មើស​គ្រឿងញៀន កើត​ឡើងជា​បន្តបន្ទាប់ ជាក់ស្ដែង​បច្ចុប្បន្ន មាន​អ្នកញៀន​គ្រឿងញៀន ប្រមាណ ២​ម៉ឺន​នាក់​នៅ​កម្ពុជា​។​

​លោក កៅ ខុន​ដា បាន​បន្ត​ដោយ​រំពឹងថា ការព្យាបាល​អ្នកញៀន​គ្រឿងញៀន នឹង​ទទួលបាន​ភាព​វិជ្ជមាន បន្ទាប់ ពី​មជ្ឈមណ្ឌល​ជាតិ​នេះ​សាងសង់​រួចរាល់ ខណៈដែល​កម្ពុជា បាន​សហការ​ជាមួយ​ប្រទេសជិតខាង និង​មាន​កិច្ចខិតខំ​ប្រឹងប្រែង​ក្នុងការ​ទប់ស្កាត់​បទល្មើស​គ្រឿងញៀន​ជា​បន្តបន្ទាប់​។ 


រដ្ឋមន្រ្តីក្រសួង​យុត្តិធម៌ថៃលោក​ ប្រាជីន ជុនទុង

​លោក ប្រា​ជីន ជុន​ទុង រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌​ថៃ បានលើកឡើង​ក្នុង​ពិធី​នេះ​ថា បញ្ហា​គ្រឿងញៀន​នេះ បានធ្វើ​ឲ្យ​ប្រទេស​ទាំង​២​ព្រួយបារម្ភ​យ៉ាងខ្លាំង ហើយ​ប្រទេស​ថៃ គាំទ្រ​ជានិច្ច ក្នុង​កិច្ចសហប្រតិបត្តិការ​រួម​គ្នា​ជាមួយ​កម្ពុជា ក្នុងការ​លុបបំបាត់ និង​ទប់ស្កាត់​បទល្មើស​គ្រឿងញៀន​។ រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌​ថៃ បាន​បន្តទៀតថា ថៃ​នឹង​បន្ត​ជួយ​ជា​ឧបករណ៍​សម្រាប់​បន្សាប​គ្រឿងញៀន និង​សម្ភារ​ផ្សេងៗ​បន្ថែមទៀត​ដល់​កម្ពុជា ដើម្បី​ទប់ស្កាត់​គ្រឿងញៀន​។

​កន្លងមក រដ្ឋាភិបាល​វៀតណាម ក៏បានផ្តល់​ជំនួយ​ចំនួន​៣​លាន​ដុល្លារ​អាមេរិក  ចូលរួម​ជួយ​សាងសង់​មណ្ឌល​បន្សាប​គ្រឿងញៀន នេះដែរ​។​

​រាជរដ្ឋាភិបាល​កម្ពុជា គ្រោង​ចំណាយ​ប្រាក់ ៦​លាន​ដុល្លារ សង់​មជ្ឈមណ្ឌល​ជាតិ ស្តារនីតិសម្បទា និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ លើ​ផ្ទៃដី​ជាង​២០​ហិកតា នៅ​ខេត្ត​ព្រះសីហនុ  ដើម្បី​ប្រមូល​ជនរងគ្រោះ​ដោយសារ​គ្រឿងញៀន ទៅ​បន្សាប​សារជាតិ​ញៀន អប់រំ និង​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​។

​សូម​រម្លឹកថា ចាប់ពី​ដើមឆ្នាំ ដល់​ថ្ងៃទី​៣ ខែធ្នូ​នេះ សមត្ថកិច្ច​បាន​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ជាង ៧,៥០០​ករណី ឃាត់ខ្លួន​មនុស្ស​ជាង ១​ម៉ឺន​៦​ពាន់​នាក់ រឹបអូស​គ្រឿងញៀន​គ្រប់​ប្រភេទ​បាន​ជាង​១៦៨​គីឡូក្រាម និង​ជាង​១,៤០០​កញ្ចប់ កញ្ឆា​ក្រៀម​ជាង​៨៩​គីឡូក្រាម និង​២៣៤,២៨៣​ដើម​៕


Tag:
 កៅ ខុន​ដា​រ៉ា​
  ​ប្រា​ជីន ជុន​ទុង​
© រក្សាសិទ្ធិដោយ thmeythmey.com