កីឡាជាតិ
ជាតិ
កូរ៉េ ឧបត្ថម្ភ៤ម៉ឺនដុល្លារ ដល់គម្រោងសាលាតម្រង់ទិសកីឡាបាល់ទាត់ ២៥ខេត្ត-ក្រុង លោក សៅ សុខា (កណ្តាល)ចូលរួមពិធីប្រគល់និងទទួលប្រាក់ឧបត្ថម្ភពីភាគីកូរ៉េនៅសណ្ឋាគាឡឺរ៉ូយ៉ាល់
× គម្រោងអភិវឌ្ឍន៍កីឡាបាល់ទាត់ សាលាតម្រង់ទិសកីឡាបាល់ទាត់ទូទាំង២៥ខេត្ត-ក្រុង របស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ដែលកំពុងដំណើរការ ទទួលបានការឧបត្ថម្ភពីភាគីកូរ៉េនូវសម្ភារ និងប្រាក់សុទ្ធ សរុបចំនួន៤ម៉ឺនដុល្លារ ដើម្បីទ្រទ្រង់ផែនការអភិវឌ្ឍន៍រយៈពេលវែង សម្រាប់សម្រិតសម្រាំងរកយុវជនឆ្នើម ត្រៀមការប្រកួតស៊ីហ្គេមឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ទទួលបានការឧបត្ថម្ភមូលនិធិ ដើម្បីផ្លាស់ប្តូរវប្បធម៌ពិភពលោក ជាសម្ភារ ដែលមានតម្លៃស្មើ២ម៉ឺនដុល្លារ និងមូលធិនិការចែករំលែកសេចក្តីស្រឡាញ់បាល់ទាត់កូរ៉េ សាច់ប្រាក់សុទ្ធចំនួន២ម៉ឺនដុល្លារ ដើម្បីទ្រទ្រង់ផែនការអភិវឌ្ឍន៍ សាលាតម្រង់ទិសកីឡាបាល់ទាត់ ទូទាំង២៥ខេត្ត-ក្រុង។ ពិធីប្រគល់ប្រាក់ឧបត្ថម្ភនេះ ធ្វើនៅសណ្ឋាគាឡឺរ៉ូយ៉ាល់ កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ ក្រោមវត្តមាន លោក សៅ សុខា ប្រធានសហព័ន្ធ លោក Yong Rack Kim ប្រធានមូលនិធិដើម្បីផ្លាស់ប្តូរវប្បធម៌ពិភពលោក និង លោក Gap Jin Lee ប្រធានមូលនិធិការចែករំលែកសេចក្តីស្រឡាញ់បាល់ទាត់កូរ៉េ។
ក្រៅពីថ្លែងអំណរគុណដល់ភាគីកូរ៉េ លោក សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាតល់កម្ពុជា បាន ចាត់ទុកការឧបត្ថម្ភ របស់សមាគមទាំងពីរ ជាចំណុចវិជ្ជមាន ជំរុញឲ្យគម្រោងសាលាតម្រង់ទិសកីឡាបាល់ទាត់ទូទាំង២៥ខេត្ត-ក្រុង ឈានទៅរកភាពជោគជ័យ ទោះបីថវិកានេះ មិនគ្រប់គ្រាប់នឹងការចំណាយក៏ដោយ។
«ថវិកាដែលយើងទទួលបានពីការឧបត្ថម្ភមកដល់ពេលនេះ បើតាមខ្ញុំប៉ាន់ស្មានគឺមិនទាន់គ្រប់នោះទេ ព្រោះយើងមិនមែនយកមកត្រឹមតែបណ្តុះបណ្តាលធនធានមនុស្សទេ ប៉ុន្តែថវិកានេះយើងយកមកកែលម្អ និងសាងសង់ទីលានបាល់ទាត់ ដូចដែលយើងបានដឹងហើយប្រទេសយើងនៅក្រកញ្ចប់ថវិកា ទទួលបានពីក្រសួងអប់រំយុវជន និងកីឡានៅមានកម្រិត»។នេះជាការលើកឡើងរបស់លោក សៅ សុខា។
ដ្បិតតែសាលាទម្រង់ទិសកីឡាបាល់ទាត់នេះ មិនទាន់មានគម្រោងច្បាស់លាស់ ប៉ុន្តែបើតាមលោក សៅ សុខា សហព័ន្ធកីឡាបាល់ទាត់កំពុងគិតបណ្តើរ និងធ្វើបណ្តើរ ដើម្បីត្រៀមខ្លួនសម្រាប់ កីឡាស៊ីហ្គេម នៅឆ្នាំ២០២៣ ខាងមុខ។
សម្រាប់គម្រោងអភិវឌ្ឍន៍សាសាតម្រង់ទិសកីឡាបាល់ទាត់រយៈពេលវែង នេះ លោក Gap Jin Lee ប្រធានមូលនិធិការចែករំលែកសេចក្តីស្រឡាញ់បាល់ទាត់កូរ៉េ លោក Gap Jin Lee បានបញ្ជាក់ថា ទៅអនាគត កូរ៉េ មិនត្រឹមតែជួយផ្នែកថវិកាប៉ុណ្ណោះទេ ប៉ុន្តែក៏នឹងជួយផ្នែក ផ្នែកធនធានមនុស្សដល់ FFC ទៀតផង៕
Tag:
បាល់ទាត់
សៅ សុខា
កូរ៉េ
សាលាតម្រង់ទិសបាល់ទាត់
© រក្សាសិទ្ធិដោយ thmeythmey.com