ជាតិ
កម្ពុជា ក្លាយជា​ប្រធាន​ក្រុម​ដឹកនាំ​ការងារ​ទីក្រុង​និរន្តរភាព​បរិស្ថាន​អាស៊ាន
18, Dec 2017 , 8:59 am        
រូបភាព
រូបភាពពីហ្វេសប៊ុកក្រសួងបរិស្ថាន
រូបភាពពីហ្វេសប៊ុកក្រសួងបរិស្ថាន
ដោយ: ថ្មីៗ
​ក្រុមការងារ​អាស៊ាន​ស្តីពី​ទីក្រុង​និរន្តរភាព​បរិស្ថាន បានរៀបចំ​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ កម្មវិធី​ទីក្រុង​គំរូ​និរន្តរភាព​បរិស្ថាន​អាស៊ាន និង​ពិនិត្យ​វាយតម្លៃ​លើ​ទិសដៅ​កម្មវិធី​ការងារ​ឆ្នាំ​២០១៨ នៅ​ក្រុង​ប៉ា​តៃ​យ៉ា ប្រទេស​ថៃ ពីថ្ងៃ​ទី​១៤​ដល់ទី​១៦ ខែធ្នូ​។ លោក វ៉ាន់ មុនីនាថ អគ្គលេខាធិការរង​នៃ​ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍ​ដោយ​ចីរភាព (​ក​.​ជ​.​អ​.​ច​) និង​ជា​ប្រធាន​ក្រុមការងារ​អាស៊ាន​ស្តីពី​ទីក្រុង​និរន្តរភាព​បរិស្ថាន​ផង បាន​ទៅ​ចូលរួម​កិច្ចប្រជុំ​នេះ​។



​តាម​ហ្វេ​ស​ប៊ុ​ក​ក្រសួងបរិស្ថាន  កម្មវិធី​នេះ ផ្តោតលើ​កម្មវិធី​ទីក្រុង​ឆ្នើម​អាស៊ាន សម្រាប់​គោលដៅ​អភិវឌ្ឍន៍​ដោយ​ចីរភាព (ASEAN SDGs Front Runner Cities Program) ដែលមាន​ប្រទេស​កម្ពុជា ឥណ្ឌូណេស៊ី ឡាវ ម៉ាឡេស៊ី ភូមា ហ្វីលីពីន ថៃ វៀតណាម អគ្គលេខាធិការដ្ឋាន​អាស៊ាន វិទ្យាស្ថាន​យុទ្ធសាស្ត្រ​បរិស្ថាន​សកល និង​ក្រសួងបរិស្ថាន ជប៉ុន​ចូលរួម​។​

​កិច្ច​ប្រជុំបាន​ពិភាក្សា​លើ​លក្ខណៈវិនិច្ឆ័យ ដំណើរការ​ជ្រើសរើស​បេក្ខភាព​ទីក្រុង​ឆ្នើម យន្តការ​ទទួលខុសត្រូវ​រដ្ឋ​សមាជិក ផែនការ និង​ថវិកា រួមទាំង​នីតិវិធី និង​ការឆ្លើយតប​ទៅនឹង​គោលដៅ​អភិវឌ្ឍន៍​ដោយ​ចីរភាព​។ ទន្ទឹមនឹងនេះ ក្រុមការងារ​អាស៊ាន ក៏បាន​ឯកភាព​លើ​ទិសដៅ​កម្មវិធី​ការងារ​ទីក្រុង​ឆ្នើម រយៈពេល​២​ឆ្នាំ​បន្តទៀត ពី​ឆ្នាំ​២០១៨ ដល់​២០១៩ ដែល​គាំទ្រ​ដោយ​រដ្ឋាភិបាល​ជប៉ុន​។ នេះ​បើតាម​ហ្វេ​ស​ប៊ុ​ក​ក្រសួងបរិស្ថាន​ដដែល ដោយបាន​បញ្ជាក់ទៀតថា កម្មវិធី នឹងត្រូវ​ប្រកាស​ផ្លូវការ នៅក្នុង​សន្និសីទ​ជាន់ខ្ពស់​អាស៊ី​បូព៌ា​ស្តីពី​ទីក្រុង​និរន្តរភាព ដែល​គ្រោង​ធ្វើ​នៅ​កម្ពុជា នា​ខែមីនា ឆ្នាំ​២០១៨​។​



​សូមបញ្ជាក់ថា កាលពី​ខែកញ្ញា​កន្លងទៅ ខេត្ត​ចំនួន​២​របស់​កម្ពុជ គឺ​ខេត្តពោធិ៍សាត់ និង​កំពត បានទទួល​ពានរង្វាន់​អាស៊ាន​ផ្នែក​និរន្តរភាព​បរិស្ថាន ដោយ​ខេត្ត​កែប​ទទួលបាន​ពានរង្វាន់​ទីក្រុង​និរន្តរភាព​បរិស្ថាន​អាស៊ាន ឯ​ខេត្តពោធិ៍សាត់​ទទួលបាន​ពានរង្វាន់​ផ្នែក​និរន្តរភាព​ទឹកស្អាត​។ ការប្រគល់​ពានរង្វាន់​នេះ ធ្វើឡើង​នៅ​ប្រទេស​ព្រុយ​ណេ ក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​បរិស្ថាន​អាស៊ាន កាលពី​ខែ កញ្ញា​កន្លងទៅ​។ ខេត្ត​ទាំង​២​នេះ​របស់​កម្ពុជា ត្រូវបាន​ក្រុមការងារ​អាស៊ាន​ទទួលបន្ទុក​និរន្តរភាព​បរិស្ថាន ជ្រើសរើស​សម្រាប់​ប្រកួតប្រជែង​សម្រាប់​ពានរង្វាន់​អាស៊ាន​ផ្នែក​និរន្តរភាព​បរិស្ថាន ជាមួយ​បណ្ដា​ទីក្រុង​ផ្សេងទៀត​ក្នុង​តំបន់​អាស៊ាន នា​ប្រជុំ​ក្រុមការងារ​អាស៊ាន​ទទួលបន្ទុក​និរន្តរភាព​បរិស្ថាន​ទីក្រុង​លើក​ទី ១៥ ដែល​រៀបចំ​អំឡុង​ខែមេសា នៅក្នុង​ខេត្តសៀមរាប​៕


Tag:
 បរិស្ថាន​
 ​ ទីក្រុង​និរន្តរភាព​
  ​អាស៊ាន​
© រក្សាសិទ្ធិដោយ thmeythmey.com