ជាតិ
ជំងឺផ្ដាសាយបក្សី​H5N1​កើត​លើស​ត្វ ផ្ទុះ​នៅ​កំពង់ចាម និង​កំពង់ធំ ស្ថាប័ន​ជំនាញ​ប្រាប់​ឲ្យ​ពលរដ្ឋ​ប្រយ័ត្ន​
17, Dec 2017 , 7:19 pm        
រូបភាព
ដោយ:
​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​នៃ​ក្រសួងសុខាភិបាល​(CDC) ប្រាប់​ឲ្យ​ប្រជាពលរដ្ឋ​ប្រុងប្រយ័ត្ន​ខ្ពស់ ក្រោយ​មាន​ផ្ទុះ​ជំងឺផ្ដាសាយបក្សី​H5N1 បាន​កើតជា​បន្ត​បន្តា​ប់​លើស​ត្វ​បក្សី​នៅ​ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម និង​ស្រុក​ស្ទោង ខេត្តកំពង់ធំ​។ ស្ថាប័ន​ជំនាញ​មួយ​នេះ ក៏បាន​គូស​បញ្ជាក់ដែរថា ទោះជា​មាន​ករណី​ផ្ទុះ​ទាំងពីរ​នេះ​ក៏ដោយ ក៏​ជំងឺផ្តាសាយបក្សី H5N1​ពុំទាន់​រកឃើញ​មាន​ឆ្លង​លើ​មនុស្ស​ឡើយ​ទេ ហើយ​មន្ត្រី​ជំនាញ​ក្រសួងសុខាភិបាល កំពុង​បន្ត​តាម​ស្ថានភាព​ជំងឺ​យ៉ាង​យកចិត្តទុកដាក់​បំផុត​។​



CDC បាន​ប្រាប់​ឲ្យ​ប្រជាពលរដ្ឋ​ប្រុងប្រយ័ត្ន​ខ្ពស់ អំពី​ការ​ចម្លងជំងឺ​នេះ ជាពិសេស​ក្នុង​ពិធីបុណ្យ​ផ្សេង​ដែល​នឹង​ឈាន​មកដល់​ក្នុងពេល​ឆាប់ៗ ដោយ​កុំ​យក​មាន់ ទា ឬ​សត្វ​បក្សី​ឈឺ​ឬ​ងាប់ មក​រៀបចំ​ជា​អាហារ ឬ​លក់​បន្ត ត្រូវអនុវត្ត​អនាម័យ​ក្នុងការ បោចរោម និង ចំអិន​ជាប់​ជានិច្ច​។

​តាម CDC បុគ្គល​ដែលមាន​អាការ គ្រុនក្តៅ​លើសពី ៣៨.៥ អង្សា​សេ ព្រម​គ្នា​នឹង​រោគសញ្ញា​ក្អក ឬ​ឈឺ​ក ឬ​ដកដង្ហើម​ហត់ និង​មាន​ប្រវត្តិ​ប៉ះពាល់​ជាមួយ​បក្សី​ឈឺ ឬ​ងាប់ ក្នុងកំឡុងពេល​៧​ថ្ងៃមុន​ចេញ​រោគសញ្ញា ចាត់ទុកថា​ជា​ករណី​សង្ស័យ​។ ករណីនេះ ត្រូវ​ប​ញ្ចូ​ន​អ្នកជំងឺ​ទៅ​មណ្ឌល​សុខភាព ឬ​មន្ទីរពេទ្យ​ជិត​បំផុត ដើម្បី​ព្យាបាល​។ «​យើង​មាន​ឱសថ​សម្រាប់​ព្យាបាល​ជំងឺ​នេះ​»​។ នេះ​ជាការ​បន្ថែម​របស់ CDC​មុននឹង​បញ្ជាក់​ពី​លេខ​ទូរ​សព្ទ​បន្ទាប់​រាយការណ៍​ករណីនេះ គឺ​លេខ ១១៥ ។​

​សូមបញ្ជាក់ថា ចាប់តាំងពី​ឆ្នាំ​២០០៥ ដល់​២០១៤ កម្ពុជា​ធ្លាប់​កើតមាន​ជំងឺផ្តាសាយបក្សី ដែល​បាន​ឆ្លង​ពីស​ត្វ​បក្សី មក​មនុស្ស​ចំនួន​៥៦​ករណី ក្នុងនោះ ៣៧​ករណី​បាន​ស្លាប់​៕


Tag:
 ផ្តាសាយ​បក្សី​H5N1
  CDC
 ​ សុខាភិបាល​
© រក្សាសិទ្ធិដោយ thmeythmey.com