អន្តរជាតិ
​អាមេរិក​ទំនង​វេតូ​ដំណោះស្រាយ​ក្រុមប្រឹក្សាសន្តិសុខ​ប្រឆាំង​ការទទួលស្គាល់​ហ្ស៊េ​រុយ​សា​ឡិ​ម
18, Dec 2017 , 10:19 pm        
រូបភាព
​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​នឹង​ជួបប្រជុំ​នៅ​ថ្ងៃ​ចន្ទ​ទី ១៨ ខែធ្នូ​ដើម្បី​បោះឆ្នោត​អនុម័ត​សេចក្តីព្រាង​ដំណោះស្រាយ​មួយ​ដែល​ទាត់ចោល​ការទទួលស្គាល់​ក្រុង​ហ្ស៊េ​រុយ​សា​ឡិ​ម​ជា​រដ្ឋធានី​ផ្លូវការ​របស់​អ៊ីស្រាអែល​នោះ​។ សេចក្តីព្រាង​ដំណោះស្រាយ​នោះ​ត្រូវបាន​រៀបចំឡើង​ដោយ​អេ​ហ្ស៊ី​ប ប៉ុន្តែ​អាមេរិក​ទំនងជា​នឹង​ប្រើប្រាស់​សិទ្ធិ​វេតូ​របស់ខ្លួន​ផង​។



​នៅ​ចន្ទ​ទី ១៨ ខែធ្នូ​នេះ​ក្រុមប្រឹក្សាសន្តិសុខ​នឹង​ជួបប្រជុំគ្នា​ដើម្បី​បោះឆ្នោត​អនុម័ត​ដំណោះស្រាយ​មួយ​ដែល​ព្រាង​ឡើង​ដោយ​រដ្ឋាភិបាល​អេ​ហ្ស៊ី​ប​។ ដំណោះស្រាយ​នេះ មាន​គោលដៅ​សំខាន់​បដិសេធ​ការទទួលស្គាល់​ក្រុង​ហ្ស៊េ​រុយ​សា​ឡិ​ម​ជា​រដ្ឋធានី​របស់​អ៊ីស្រាអែល​កាលពី​សំណាក់​រដ្ឋបាល​ដូ​ណា​ល់ ត្រាំ កាល​ដើមខែ​ធ្នូ​កន្លងមក​។​

​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP សេចក្តីព្រាង​ដំណោះស្រាយ​ក្រុមប្រឹក្សាសន្តិសុខ​ដែល​រៀបចំឡើង​ដោយ​អេ​ហ្ស៊ី​ប​នេះ​មិនបាន​បញ្ជាក់​ចំឈ្មោះ​អាមេរិក​ឡើយ ប៉ុន្តែ​អេ​ហ្ស៊ី​ប​គ្រាន់តែ​បញ្ជាក់ថា វា​ជា​រឿង​គួរ​ឲ្យ​សោកស្តាយ​ខ្លាំង​ចំពោះ​ការសម្រេចចិត្ត​កន្លងមក​ពាក់ព័ន្ធ​ឋានៈ​នៃ​ក្រុង​ហ្ស៊េ​រុយ​សា​ឡិ​ម​នោះ​។ ក្រៅពីនេះ​ដំណោះស្រាយ​នេះ​ក៏បាន​លើកឡើង​ផងដែរ​ថា ឋានៈ​នៃ​ក្រុង​ហ្ស៊េ​រុយ​សា​ឡិ​ម​អាច​ដោះស្រាយបាន​ដោយ​ការចរចា​គ្នា​តែប៉ុណ្ណោះ​។​

​គេ​ដឹង​ច្បាស់​ថា អេ​ហ្ស៊ី​ប ក៏ដូចជា​អង់គ្លេស​ដែលមាន​ចំណែក​ក្នុងការ​រៀបចំ​ចងក្រង​ដំណោះស្រាយ​នេះ​ប្រឹងប្រែង​ធ្វើយ៉ាងណា​រក្សា​ភាសា​ដែល​ប្រើប្រាស់​ឲ្យ​មាន​លក្ខណៈ​អ​ព្យា​ក្រឹត្យ និង​ដើម្បី​ធានាថា អាមេរិក​មិន​ប្រើប្រាស់​សិទ្ធិ​ជំទាស់​របស់ខ្លួន​ទាត់ចោល​ដំណោះស្រាយ​នេះ​។

​ប៉ុន្តែ​ប៉ា​ឡេ​ស្ទី​ន​ឯណោះ​វិញ​ខឹងសម្បារ និង​ចង់​ឲ្យ​មានការ​ប្រើប្រាស់​ឈ្មោះ​អាមេរិក​ចំៗ​ក្នុង​ដំណោះស្រាយ​នេះដែរ​។ ប្រតិភូ​ប៉ា​ឡេ​ស្ទី​ន​ប្រចាំ​អង្គការសហប្រជាជាតិ​បាន​បន្ត​ជួបប្រជុំ​ជាមួយ​សមាជិក​ក្រុមប្រឹក្សាសន្តិសុខ​ជា​បន្តបន្ទាប់​ដើម្បី​ពិភាក្សា​លើ​ដំណោះស្រាយ​ក្រុមប្រឹក្សាសន្តិសុខ​នេះ​។

​យ៉ាងណាក៏ដោយ​ដំណោះស្រាយ​នេះ​ទំនងជា​ត្រូវ​អាមេរិក​វេតូ​ផង ប៉ុន្តែ​ប៉ា​ឡេ​ស្ទី​ន​ទំនងជា​នឹង​បន្ត​ស្នើសុំ​ទៅកាន់​មហាសន្និបាត​អង្គការសហប្រជាជាតិ​ទៀត​នៅពេល​ខាងមុខ​។  បេសកជន​អ៊ីស្រាអែល​ប្រចាំ​អង្គការសហប្រជាជាតិ Danny Danon ឯណោះ​វិញ បានចេញ​មុខ​ថ្កោលទោស​សេចក្តីព្រាង​ដំណោះស្រាយ​នេះ ហើយ​អះអាងថា គ្មាន​ការបោះឆ្នោត ឬ​ជជែក​ដេញ​ណា​ដែល​អាច​ផ្លាស់ប្តូរ​ការពិត​ដែល​ក្រុង​ហ្ស៊េ​រុយ​សា​ឡិ​ម​ជា​រដ្ឋធានី​របស់​អ៊ីស្រាអែល​ឡើយ​។

​អ្នកការទូត​អ៊ីស្រាអែល​បានប្រកាស​ដូច្នេះ​៖ «​ហ្ស៊េ​រុយ​សា​ឡិ​ម​នឹង​នៅតែ​ជា​រដ្ឋធានី​របស់​អ៊ីស្រាអែល​។ រួមគ្នា​ជាមួយ​សម្ព័ន្ធមិត្ត​យើង យើង​នឹង​អាច​បន្ត​ប្រយុទ្ធ​, ប្រយុទ្ធ​ដើម្បី​ប្រវត្តិសាស្ត្រ​ពិត​របស់​យើង​»៕


Tag:
 ក្រុមប្រឹក្សាសន្តិសុខ​
  ហ្ស៊េ​រុយ​សា​ឡិ​ម​
  អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com