រថយន្ត
អន្តរជាតិ
រដ្ឋមន្ត្រី​បរិស្ថាន​បារាំង​មាន​រថយន្ត​ផ្ទាល់ខ្លួន​៦​គ្រឿង​ដែលមាន​តម្លៃ​សរុប​ជិត​១០​ម៉ឺន​ដុល្លារ​អាមេរិក​
18, Dec 2017 , 7:39 pm        
រូបភាព
លោក Nicolas Hulot រដ្ឋមន្ត្រី​បរិស្ថាន​បារាំង។ រូបថត AFP
លោក Nicolas Hulot រដ្ឋមន្ត្រី​បរិស្ថាន​បារាំង។ រូបថត AFP
ដោយ: ធីតា
​លោក Nicolas Hulot អតីត​សកម្មជន​បរិស្ថាន ហើយ​បាន​ក្លាយជា​រដ្ឋមន្ត្រី​បរិស្ថាន​បារាំង​របស់​រដ្ឋាភិបាល លោក អេ​ម៉ា​នុយ​អែល ម៉ា​ក្រុង មាន​យានយន្ត​ផ្ទាល់ខ្លួន​៩​គ្រឿង ដែល​ក្នុងនោះ​មាន​រថយន្ត​ចំនួន​៦​គ្រឿង​។ នេះ​បើតាម របា យ​ការណ៍​ស្តីពី​ការប្រកាស​ទ្រព្យសម្បត្តិ ដែល​ផ្សព្វផ្សាយ​ដោយ​អាជ្ញាធរ​ជាន់ខ្ពស់​សម្រាប់​តម្លាភាព​ក្នុង​ជីវិត សាធារណៈ (HATVP)​។



​រថយន្ត​៦​គ្រឿង កប៉ាល់​១ កង់​អគ្គិសនី​១ និង​ម៉ូតូ​១​គ្រឿង គឺជា​យានយន្ត​ផ្ទាល់ខ្លួន​របស់លោក Nicolas Hulot រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន ដែល​ត្រូវបាន​ចុះ​ក្នុង​បញ្ជី​នៃ​ការប្រកាស​ទ្រព្យសម្បត្តិ​របស់​អាជ្ញាធ​រ​ជាន់ខ្ពស់​សម្រាប់ តម្លាភាព​ក្នុង​ជីវិត សាធារណៈ (HATVP) និង​ត្រូវបាន​ផ្សព្វផ្សាយ​ជា​សាធារណៈ​កាលពីពេល​ថ្មីៗ​កន្លងមកនេះ​។​



​លោក Nicolas Hulot  ជា​អ្នក​ផ្តួចផ្តើម​ផែនការ​ហាមឃាត់​រថយន្ត​ប្រើប្រាស់​ប្រេងសាំង និង​ម៉ា​ស៊ូ​ត​នៅ​ឆ្នាំ​២០៤០ ដោយ​អនុលោម​តាម​ការប្ដេជ្ញាចិត្ត​របស់​ប្រធានាធិបតី អេ​ម៉ា​នុយ​អែល ម៉ា​ក្រុង​ការប្រយុទ្ធប្រឆាំង​បម្រែបម្រួល​បរិស្ថាន​ពិភពលោក​។

​រថយន្ត​ទាំង​៦​គ្រឿង​របស់​រដ្ឋមន្ត្រី​បរិស្ថាន​បារាំង​រូបនេះ ត្រូវបាន​ទិញ​ចន្លោះ​ពី​ឆ្នាំ​១៩៩៨ ដល់​ឆ្នាំ​២០១៧ ដែល​ក្នុងនោះ មាន BMW, Citroen , Citroen 2CV, Volkswagen , Land Rover និង Peugeot Boxer​។ សម្រាប់​រថយន្ត​ទាំងនេះ មានតម្លៃ​សរុប​ប្រមាណ​៨៣ ០០០​អឺរ៉ូ (​ជិត​៩៨ ០០០​ដុល្លារ​អាមេរិក​)​។ បើ​គិត​ទាំង​កប៉ាល់​១ កង់​អគ្គិសនី​១ និង​ម៉ូតូ​១​គ្រឿង​ទៀត​នោះ គឺ​១០៥ ០០០​អឺរ៉ូ (​ជាង​១២​ម៉ឺន​ដុល្លារ​អាមេរិក​)​។​

​លោក Nicolas Hulot ស្ថិត​ក្នុងចំណោម​រដ្ឋមន្ត្រី​ម្នាក់​ដែលមាន​ជាងគេ​ក្នុង​រដ្ឋបាល​របស់លោក អេ​ម៉ា​នុយ​អែល ម៉ា​ក្រុង​។ យោងតាម​ការផ្សាយ​រប​ស់ France Info រដ្ឋមន្ត្រី​បរិស្ថាន​បារាំង​រូបនេះ មានទ្រព្យ​សម្បត្តិ​ជាង​៧,២​លាន​អឺរ៉ូ (​ជាង​៨​លាន​ដុល្លារ​អាមេរិក​)៕




© រក្សាសិទ្ធិដោយ thmeythmey.com