ជាតិ
សភា រង់ចាំ​ជួយ​ដោះ​បន្ទុក​អតីតមន្ត្រី​CNRP ដែល​មិនទាន់​ប្រកាស​ទ្រព្យសម្បត្តិ​តាមច្បាប់​ACU
18, Dec 2017 , 11:19 pm        
រូបភាព
​ភ្នំពេញ​៖ រដ្ឋសភា កំពុង​រៀបចំ​ក្រុមការងារ​ជួយ​សម្រួល​បញ្ហា​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល​របស់​អតីតមន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​បញ្ចៀស​ការទទួល​ទោស​តាមច្បាប់​ប្រឆាំង​អំពើពុករលួយ​។ អង្គភាព​ប្រឆាំង​អំពើពុករលួយ​(ACU) ទើបតែ​ទទួលបាន​ឯកសារ​ប្រកាស​ទ្រព្យសម្បត្តិ​ពី​សមាជិក​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​២៤៦​នាក់​ប៉ុណ្ណោះ ក្នុង​រយៈពេល​៣០​ថ្ងៃ​កន្លងមក​។



​ថ្នាក់ដឹកនាំ​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​២៤៦​នាក់ ដែល​បានប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល តាមរយៈ​រដ្ឋសភា ឬ​នៅក្នុង​អង្គភាព​ប្រឆាំង​អំពើពុករលួយ​នោះ មាន​តំណាងរាស្ត្រ​៣៣​រូប សមាជិក​ក្រុមប្រឹក្សា​តាម​មូលដ្ឋាន​២១០​រូប និង​សមាជិក​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​កូតា​ពី​ខាង​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​៣​រូប​។ នេះ​បើតាម​រយៈ​លិខិត​ចុះ​ថ្ងៃទី ១៥ ធ្នូ របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ ដែល​បានកំណត់​រយៈពេល​៣០​ថ្ងៃ ។​

​សារព័ត៌មាន​ថ្មីៗ មិនទាន់​អាចទាក់ទង​មន្ត្រី​អង្គភាព​ប្រឆាំង​អំពើពុករលួយ ដើម្បី​សុំ​ការអត្ថាធិប្បាយ​បន្ថែម​លើ​ករណី​ប្រកាស​ទ្រព្យសម្បត្តិ​របស់​អតីតមន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ឡើយ​។

​បើតាម​មាត្រា ៣៨ ស្តីពី បទ​មិន​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល ចែងថា ជន​ណា​ដែល​មិនបាន​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល ឬ​បានប្រកាស​មិន​ត្រឹមត្រូវ​នូវ​ទ្រព្យសម្បត្តិ​របស់ខ្លួន ទៅតាម​បទ​ប្បញ្ញត្តិ ដែល​មានចែង​ក្នុង​មាត្រា​១៧ (​សមាសភាព​ដែល​ត្រូវ​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល​) មាត្រា​១៨ (​របប​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល​) និង​មាត្រា​១៩ (​ជន​ផ្សេងទៀត​ដែល​ត្រូវ​ប្រកាស​ទ្រព្យសម្បត្តិ​និង​បំណុល​) នៃ​ច្បាប់​នេះ ត្រូវ​ផ្ដន្ទាទោស​ដាក់ពន្ធនាគារ​ពី​១​ខែ ទៅ​១​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី​១០០,០០០​រៀល ទៅ ២,០០០,០០០​រៀល ហើយ​ត្រូវ​បង្ខំ​ឲ្យ​ប្រកាស​ទ្រព្យសម្បត្តិ​ជូន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​។ ក្នុងករណី​រឹងរូស​មិន​ព្រម​ប្រកាស​ទ្រព្យសម្បត្តិ​ទៀត  ត្រូវ​ផ្តន្ទាទោស​ទ្វេ​រដង​…​។​

​ជុំវិញ​បញ្ហា​នេះ​រដ្ឋសភា កំពុង​រៀបចំ​ក្រុមការងារ​ជួយ​សម្រួល​បញ្ហា​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល​របស់​អតីតមន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​បញ្ចៀស​ការទទួល​ទោស​តាមច្បាប់​ប្រឆាំង​អំពើពុករលួយ​។ លោក ឡេង ប៉េងឡុង អ្នកនាំពាក្យ​រដ្ឋសភា បាន​និយាយថា រដ្ឋសភា​កំពុង​ទាក់ទង​ទៅ​អតីតមន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ទាំងនោះ មក​ប្រកាស​ទ្រព្យសម្បត្តិ​ឲ្យ​ទាន់ពេលវេលា​ហើយ ប៉ុន្តែ​មិនទាន់មាន​ការឆ្លើយតប​ឡើយ​។​

​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ លោក ឡេង ប៉េងឡុង បានបញ្ជាក់​ដូច្នេះ​ថា​៖«​ខាង​រដ្ឋសភា​មាន​ក្រុម​ស្នូល​មួយ ដើម្បី​ធ្វើជា​បង្គោល​ចាំ​ជួយ​ដោះស្រាយ និង​សម្រួល​ដល់​អតីតមន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​រស់នៅ​ក្រៅប្រទេស​ផ្ញើ​ឯកសារ​ពាក់ព័ន្ធ​ពី​ទ្រព្យសម្បត្តិ និង​បំណុល​មក​រដ្ឋសភា ដើម្បី​សម្របសម្រួល​ជាមួយ​ខាង​អង្គភាព​ប្រឆាំង​អំពើពុករលួយ​លើ​បញ្ហា​នេះដែរ ប៉ុន្តែ​មិនឃើញ​មាន​តប​វិញ​សោះ​។ ហើយ​ចំពោះ​តំណាងរាស្ត្រ​ទាំង​៥៥​នាក់​នេះ ប្រកាស​ខ្លះ​៣៣​នាក់​ហើយ តាម​ការស្នើ​របស់​ACU​ដែល​តម្រូវ​ឲ្យ​ប្រកាស​នេះ​»​។​

​មន្ត្រី និង​សមាជិក​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​អង្គភាព​ប្រឆាំង​អំពើពុករលួយ ស្នើ​ឲ្យ​ប្រកាស​ទ្រព្យសម្បត្តិ​នេះ គឺ​ស្ថិតនៅក្នុង​បញ្ជី​ឯកសារ​របស់​ACU តាមរយៈ​ការ​ស្រង់​តាម​ឋានៈ និង​តួនាទី ដែល​តែងតាំង​ដោយ​ព្រះរាជក្រឹត្យ និង​អនុក្រឹត្យ​ប៉ុណ្ណោះ​។ នេះ​បើតាម​លោក ឡេង ប៉េងឡុង ។​

​គួរ​បញ្ជាក់ថា អតីតមន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ជាច្រើនរូប កំពុង​រស់នៅ​ក្រៅប្រទេស ក្រោយពី​គណបក្ស​ត្រូវបាន​តុលាការ​រំលាយ តាម​បណ្ដឹង​ក្រសួងមហាផ្ទៃ កាលពី​ថ្ងៃទី​១៦ វិច្ឆិកា​។ ការចាកចេញ​ទៅ​ក្រៅប្រទេស​នេះ ធ្វើឡើង​តាម​ការអំពាវនាវ​រប​ស់លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​៕



Tag:
 ឡេង ប៉េងឡុង​
  ACU
© រក្សាសិទ្ធិដោយ thmeythmey.com