សិល្បៈអន្តរជាតិ
អន្តរជាតិ
តារាចម្រៀង K-Pop កូរ៉េ Jonghyun សមាជិក​ក្រុម Shinee ទទួលមរណភាព​ក្នុង​អាយុ​២៧ឆ្នាំ​
18, Dec 2017 , 10:45 pm        
រូបភាព
តារា K-Pop កូរ៉េ Jonghyun ​ឈ្មោះ​ដើម​ «Kim Jong-hyun» ទទួលមរណភាពក្នុងអាយុ២៧ឆ្នាំ
តារា K-Pop កូរ៉េ Jonghyun ​ឈ្មោះ​ដើម​ «Kim Jong-hyun» ទទួលមរណភាពក្នុងអាយុ២៧ឆ្នាំ
ដោយ: ធីតា
Jonghyun ដែលមាន​ឈ្មោះ​ដើម​ថា «Kim Jong-hyun» ដែលជា​សមាជិក​ម្នាក់​ក្នុងចំណោម​៥​នាក់​នៃ​ក្រុម Boy Band SHINee បានទទួល​មរណភាព​ក្នុង​អាយុ​២៧​ឆ្នាំ​នៅពេល​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ ក្រោយ​ត្រូវបាន​ប្រទះឃើញ​សន្លប់​ស្តូកស្តឹង​ក្នុង​អាគារ​មួយ​នៅ​ក្រុង​សេ​អ៊ូ​ល នា​ថ្ងៃទី​១៨ ខែធ្នូ​។​



​ប៉ូលិស​កូរ៉េខាងត្បូង បាននាំគ្នា​ទៅកាន់​អាគារ​ដែល Jonghyun ស្នាក់នៅ​បន្ទាប់ពី​ទទួលបាន​សេចក្តីរាយការណ៍​បន្ទាន់​ពី​បងស្រី​បង្កើត​របស់​តារាចម្រៀង K-Pop រូបនេះ​។ បើតាម​ការផ្សាយ​របស់​បណ្តាញ​ព័ត៌មាន​កូរ៉េ ប៉ូលិស​បាន​ទៅដល់​ទីតាំង​កើតហេតុ ហើយ​បាន​ប្រទះឃើញ Jonghyun ឈ្មោះ​ដើម Kim Jong-hyun សន្លប់​ស្តូកស្តឹង ហើយ​បាន​ស្លាប់​នៅ​មន្ទីរពេទ្យ​។​

​បងស្រី​របស់ Jonghyun បាន​អះអាង ប្អូនប្រុស​ខ្លួន​ទំនងជា​ស្លាប​ដោយសារតែ​ការធ្វើអត្តឃាត ពីព្រោះ​នា​រយៈពេល​ចុងក្រោយ​នេះ គេ​បាន​ផ្ញើ​សារ​ប្លែកៗ​ទៅ​គ្រួសារ​តែ​រៀបរាប់​ទាក់ទង​នឹង​ការព្រាត់ប្រាស់​។ ទីភ្នាក់ងារ​ព័ត៌មាន Yonhap បាន​រាយការណ៍​ថា បងស្រី​របស់ Kim បានទទួល​សារ​ខ្លី​ពី​ប្អូន​ដែល​សរសេរថា​៖ «​សូម​ឲ្យ​ខ្ញុំ​ចាក​ចេញទៅ​។ ប្រាប់​ខ្ញុំ​មក​ថា ខ្ញុំ​ធ្វើ​បានល្អ​ហើយ​។ ការ​លា​ជា​លើកចុងក្រោយ​»​។​

SHINee ជា​ក្រុម Boy Band ដ៏​ល្បីល្បាញ​នៅ​កូរ៉េខាងត្បូង ដែល​ត្រូវបាន​បង្កើតឡើង​នៅ​ឆ្នាំ​២០០៨ ដោយ​ក្រុមហ៊ុន SM Entertainment​។ Jonghyun ជា​សមាជិក​ម្នាក់​ក្នុងចំណោម​៥​នាក់​របស់​ក្រុម ដោយ​សមាជិក​ផ្សេងទៀត​មាន Onew, Key, Minho និង Taemin​។​

ក្រៅពី​អាជីព​តារាចម្រៀង Jonghyun ក៏​ជា​សកម្មជន​ម្នាក់​ដែល​តស៊ូ​មតិ​លើ​គោលនយោបាយ​អប់រំ និង​ការគាំទ្រ​ក្រុម​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា LGBT ផងដែរ​។​

​ខណៈដែល​ប៉ូលិស​បើក​ការស៊ើបអង្កេត​ទាក់ទង​នឹង​ការស្លាប់​នេះ ក្រុមហ៊ុន SM Entertainment បានប្រកាសថា ពិធី​បុណ្យសព​របស់ Jonghyun នឹង​រៀបចំ​ឡើងជា​លក្ខណៈ​គ្រួសារ ដោយមាន​វត្តមាន​សាច់ញាតិ និង​មិត្ត​ភក្ត្រ​មួយចំនួន​ប៉ុណ្ណោះ​៕




Tag:
 Jonghyun
  K-Pop
© រក្សាសិទ្ធិដោយ thmeythmey.com