ជាតិ
សេដ្ឋកិច្ច
រដ្ឋាភិបាល​នឹង​បង្កើត​ធនាគារ ដែលមាន​ទឹកប្រាក់​១០០​លាន​ដុល្លារ ជួយ​SME​ដោះស្រាយ​បញ្ហា​សេដ្ឋកិច្ច​
21, Dec 2017 , 9:43 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ រដ្ឋាភិបាល នឹង​បង្កើត​ធនាគារ​ធុន​តូច និង​មធ្យម​មួយ សម្រាប់​ជួយ​ដោះស្រាយ​បញ្ហា​ប្រជាពលរដ្ឋ​។ សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​និយាយថា រដ្ឋាភិបាល​នឹង​ទម្លាក់​ថវិកា​១០០​លាន​ដុល្លារ​ក្នុង​ធនាគារ​នេះ ដើម្បី​ទុក​បំពេញតម្រូវការ​សហ​គ្រាស​ធុន​តូច និង​មធ្យម របស់​ប្រជាពលរដ្ឋ ដែល​ជួបប្រទះ​បញ្ហា​ខ្វះ​ដើមទុន​សម្រាប់​ប្រក​បរប​អ្វីមួយ​។ ជាពិសេស​ការ​លើ​កម្ពស់​ដល់​ការផលិត​ក្នុងស្រុក និង​ជំរុញ​ឲ្យ​មានការ​នាំចេញ​ផលិតផល​ទៅ​ប្រកួតប្រជែង​ក្រៅប្រទេស ។​



សូមស្តាប់សំឡេង៖




​ថ្លែង​ក្នុង​ពិធី​សំណេះសំណាល ជាមួយ​កម្មករ​ជាង​១​ម៉ឺន​នាក់ នៅ​រោងចក្រ​តំបន់​ទួល​ពង្រ ខណ្ឌ​ពោធិ៍​សែន​ជ័យ នៅ​ថ្ងៃទី​២០ ធ្នូ នាយករដ្ឋមន្ត្រី បានបញ្ជាក់​ដូច្នេះ​ថា «​ថ្ងៃនេះ​ខ្ញុំ​ចង់​បញ្ចេញ​សារ​ថា រាជរដ្ឋាភិបាល នឹង​បង្កើត​ធនាគារ​ធុន​តូច​និង​មធ្យម ដែល​គ្រោង​ប្រើ​ដើមទុន​១០០​លាន​ដុល្លារ​អាមេរិក មិនទាន់មាន​ជា​លាយលក្ខណ៍អក្សរ​ទេ តែ​នាយករដ្ឋមន្ត្រី​និយាយ​បែបនេះហើយ មិនអាច​ដកថយ​បានទេ​…​។ សារ​នេះ​ក៏​ចង់​បញ្ជាក់ថា ពេលខាងមុខ​យើង​នឹង​ខិតខំ​បង្កើត​មុខរបរ បង្កើត​ការងារ​ធ្វើ​កាន់តែច្រើន​ទៀត​សម្រាប់​ពលរដ្ឋ​របស់​យើង ជំរុញ​ការផលិត​នៅក្នុង​ស្រុក​ដើម្បី​បម្រើ​សេចក្តីត្រូវការ​របស់​យើង និង​ជំរុញ​ការនាំចេញ​របស់​យើង​» ។​

​ប្រមុខ​រដ្ឋាភិបាល សង្កត់ធ្ងន់ថា ការរៀបចំ​ឲ្យ​មាន​ធនាគារ​ធុន​តូច និង​មធ្យម​នេះ ក្នុងទិសដៅ​ដោះស្រាយ​បញ្ហា​កសិកម្ម និង​ឧស្សាហកម្ម​ជាដើម​។ ជាពិសេស​កាត់បន្ថយ​ការពឹង​ពាក់​ទៅលើ​ការជួយ​របស់​បរទេស​។​

​ជុំវិញ​ការលើកឡើង​ខាងលើ អ្នកជំនាញ​ខាង​សេដ្ឋកិច្ច និង​កសិកម្ម ក៏​ធ្លាប់​ស្នើ​ឲ្យ​រដ្ឋាភិបាល រៀបចំ​គោលនយោបាយ​ទម្លាក់​កញ្ចប់​ថវិកា ក្នុង​ខ្ទង់ចំណាយ​ណាមួយ ដើម្បី​ត្រៀម​ដោះស្រាយ​បញ្ហា​ប្រជាពលរដ្ឋ តាមរយៈ​ការលើកកម្ពស់​វិស័យ​កសិកម្ម និង​ឧ​ស្សហកម្ម ដែលជា​ចរន្ត​សេដ្ឋកិច្ច​សំខាន់ សម្រាប់​ទ្រទ្រង់​ផលិតផល​ក្នុងស្រុក និង​ការនាំ​ចេញទៅ​ក្រៅប្រទេស​នេះ​៕


Tag:
 ហ៊ុន សែន​
 ​ ធនាគារ
© រក្សាសិទ្ធិដោយ thmeythmey.com