ជាតិ
សេដ្ឋកិច្ច
បារាំង​ផ្ដល់ជំនួយ​ជាង​១៣​លាន​ដុល្លារ សង់​រោងចក្រ​ទឹកស្អាត​ទី​២​នៅ​ខេត្តសៀមរាប​
25, Dec 2017 , 8:00 am        
រូបភាព
លោក Philippe Chatignoux តំណាងស្ថានទូតបារាំងប្រចាំកម្ពុជា
លោក Philippe Chatignoux តំណាងស្ថានទូតបារាំងប្រចាំកម្ពុជា
សៀមរាប​៖ រដ្ឋាភិបាល​បារាំង​បានផ្ដល់​ជំនួយ​ជាង ១៣​លាន​ដុល្លារ សម្រាប់​សាងសង់​រោងចក្រ​ទឹកស្អាត​ទី​២ នៅ​ខេត្តសៀមរាប​។ សម្រាប់​បារាំង ជំនួយ​លើក​គម្រោង​ថ្មី​នៃ​រោងចក្រ​ទឹកស្អាត​នៅ​តំបន់​អង្គរ​នេះ ជា​និមិត្តរូប​នៃ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​បារាំង​-​កម្ពុជា​។ រីឯ​រដ្ឋាភិបាល​កម្ពុជា ចាត់ទុកថា វា​នេះ​ជា​សមិទ្ធផល​ថ្មី​មួយទៀត ក្នុង​វិស័យ​ផ្គត់ផ្គង់​ទឹកស្អាត ដើម្បី​បម្រើ​ដល់​វិស័យ​ទេសចរណ៍​លើ​តម្រូវការ​ប្រើប្រាស់​ទឹកស្អាត​ប្រចាំថ្ងៃ​។​

 
​រដ្ឋាភិបាល​បារាំង​បានផ្ដល់​ជំនួយ​ជាង ១៣​លាន​ដុល្លារ សម្រាប់​សាងសង់​រោងចក្រ​ទឹកស្អាត​ទី​២ នៅ​ខេត្តសៀមរាប ក្នុង​ការធានា​សុវត្ថិភាព សុខភាព​ជូន​ប្រជាពលរដ្ឋ​។ នេះ​បើតាម​ទីភ្នាក់ងារសារព័ត៌មាន​កម្ពុជា (AKP) ដកស្រង់​សម្ដី​រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម​លោក ចម ប្រសិទ្ធ រោងចក្រ​នេះ ជា​សមិទ្ធផល​ថ្មី​មួយទៀត របស់​រដ្ឋាភិបាល​កម្ពុ​ជា ក្នុង​វិស័យ​ផ្គត់ផ្គង់​ទឹកស្អាត ដើម្បី​បម្រើ​ដល់​វិស័យ​ទេសចរណ៍​លើ​តម្រូវការ​ប្រើប្រាស់​ទឹកស្អាត​ប្រចាំថ្ងៃ​។ 
​លោក ចម ប្រសិទ្ធ បាន​គូសបញ្ជាក់​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​នៅ​ឆ្នាំ​២០២៥ ដែល​កំណត់ថា ពលរដ្ឋ​រស់នៅ​តាម​ទីក្រុង ទីប្រជុំជន​ទូទាំងប្រទេស នឹង​ទទួលបាន​ការផ្គត់ផ្គង់​ទឹកស្អាត ១០០​ភាគរយ ក្នុងនោះ​ចំនួន​៩០​ភាគរយ​ទទួលបាន​សេវាកម្ម​ទឹកស្អាត​តាម​បំពង់​សម្រាប់​ប្រើប្រាស់ រីឯ​១០​ភាគរយ​ទៀត ទទួលបាន​ទឹកស្អាត​ពី​ប្រភព​ផ្សេងៗ​។ សម្រាប់​តម្លៃ​ទឹកស្អាត រដ្ឋាភិបាល​បានផ្តល់​លទ្ធភាព​ឲ្យ​ពលរដ្ឋ ចូលរួម​ពិភាក្សា​កំណត់​តម្លៃ​លក់​ទឹកស្អាត ក្នុង​មូលដ្ឋាន​របស់ខ្លួន​និង​ផ្តល់​អាទិភាព បញ្ចុះតម្លៃ​ប្រើប្រាស់​ទឹក​សម្រាប់​ពលរដ្ឋ​ក្រីក្រ​ផងដែរ​។   
​លោក Philippe Chatignoux តំណាង​ស្ថានទូត​បារាំង​ប្រចាំ​កម្ពុជា បាន​លើកឡើងថា គម្រោង​ថ្មី​នៃ​រោងចក្រ​ទឹកស្អាត​នៅ​តំបន់​អង្គរ ជា​និមិត្តរូប​នៃ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​បារាំង​-​កម្ពុជា​។ បន្ថែម​លើ​នេះ កិច្ចសហប្រតិបត្តិការ​នៃ​ការផលិត​និង​ចែកចាយ​ទឹកស្អាត​នេះ រយៈពេល​២៥​ឆ្នាំ​មកហើយ​។ 
​តំណាង​ស្ថានទូត​បារាំង​រូបនេះ បន្ថែមថា មកដល់​បច្ចុប្បន្ននេះ បារាំង​បានផ្តល់​ហិរញ្ញប្បទាន សម្រាប់​ដំណើរការ​នៅ​កម្ពុជា ដូចជា​កន្លែង​ប្រមូលផ្តុំ​ក្នុង​រាជធានី​ភ្នំពេញ និង​គម្រោង​ទី​២ នៅ​ខេត្តសៀមរាប​។ ការផ្ដល់​ហិរញ្ញប្បទាន​នេះ ធ្វើឡើង​ដើម្បី​ឆ្លើយតប​ទៅនឹង​កំណើន​នៃ​តម្រូវការ​ក្នុង​តំបន់​មួយ ដែល​នឹង​ទទួលបាន​ការយកចិត្ត​ទុកដាក់​។ លោក Philippe Chatignoux អះអាងថា ប្រទេស​បារាំង​បាន និង​កំពុង​បន្ត​ខិតខំ​ដើម្បី​គាំពារ និង​ការលើកកម្ពស់​តម្លៃ​នៃ​បេតិកភណ្ឌ​អង្គរ រួមចំណែក​ក្នុងការ​អភិវឌ្ឍ​ទីក្រុង​នៅក្នុង ខេត្តសៀមរាប ប្រកបដោយ​និរន្តរភាព​។ នេះ​បើតាម​ទីភ្នាក់ងារសារព័ត៌មាន​កម្ពុជា (AKP) ដដែល​៕
 

Tag:
 ទឹកស្អាត​
 ​ចម ប្រសិទ្ធ​
 ​បារាំង​
 ​សៀមរាប​
© រក្សាសិទ្ធិដោយ thmeythmey.com