ជាតិ
បទយកការណ៍ / បទសម្ភាសន៍
យុវវ័យ​៖ ជូន​កាដូ​គ្នា​នៅ​ថ្ងៃ​ណូអែល​ដើម្បី​បង្កើន​ភាពស្និទ្ធស្នាល មិន​ខុស​អ្វី​ឡើយ!
24, Dec 2017 , 9:00 pm        
រូបភាព
ដោយ:
​ទោះបីជា​ណូអែល ឬ​គ្រី​ស្ត​ស្មាស មិនមែនជា​បុណ្យប្រពៃណី ឬ​សាសនា​ផ្លូវការ​របស់​កម្ពុជា​ក៏ដោយ ប៉ុន្តែ​ចលនា​នៃ​ការ​ប្រារព្ធ​ពិធី​នេះ មានការ​ផុសផុល​យ៉ាងខ្លាំង​ក្នុងចំណោម​យុវជន​ខ្មែរ​។  ការមិន​ស្គាល់​ច្បាស់​ពី​ប្រភព​នៃ​ពិធីបុណ្យ​ណូអែល មិនមែនជា​បញ្ហា​ចោទ​នោះឡើយ ដោយ​យុវជន​ខ្មែរ តែងតែ​យក​វេលា​នេះ​ដើម្បី​ទិញ​អំណោយ​អនុស្សាវរីយ៍​សម្រាប់​បង​ប្អូន មិត្តភក្តិ និង​គូស្នេហ៍​របស់ខ្លួន​។​



​បុណ្យ​ណូអែល ឬ Christmas គឺជា​ពិធី​អបអរសាទរ​ការជួប​ជុំគ្នា​របស់​អ្នក​កាន់សាសនា​គ្រិស្ត ដើម្បី​រំលឹក​ដល់​ថ្ងៃ​ដែល​ព្រះ​យេស៊ូ​ប្រសូត​។ ទោះ​មិនមែនជា​បុណ្យ​សាសនា​របស់​ប្រទេស​កម្ពុជា ដែលជា​អ្នក​គោរព​ព្រះពុទ្ធសាសនា​ក្ដី តែ​គេ​សង្កេតឃើញថា យុវវ័យ​ភាគច្រើន ជាពិសេស​នៅ​ទីប្រជុំជន ពួកគេ​បាន​ប្រារព្ធ​ពិធីបុណ្យ​នេះ​យ៉ាង​ផុសផុល ហើយ​ក្រុមហ៊ុន​មួយចំនួន​រៀបចំ​តុបតែង​ដើម​ណូអែល​ដោយមាន​អំពូល​ភ្លើង​ភ្លឺ​ផ្លេក ព្រមជាមួយ​កញ្ចប់​កាដូ​ផងដែរ​។​



​កំពុងតែ​រក​ទិញ​វត្ថុ​អនុ​ស្សារី​យ​នៅ​តូប​តូចៗ​ជាច្រើន​ខាងក្រោយ​វិទ្យាល័យ​សន្ធរម៉ុក លោក បូរ៉ា ហាក់ដូចជា​ពិបាក​ក្នុងការ​សម្រេចចិត្ត​បន្តិច​ដោយសារតែ​កាដូ​ដែល​ខ្លួន​ពេញចិត្ត មានតម្លៃ​ខ្ពស់ជាង​ប្រាក់​ដែល​អាច​ចំណាយ​។​

​ប៉ូរា រើស​បានកូន​តុក្កតា​មួយ​ដែលមាន​តម្លៃ​៨​ដុល្លារ​អាមេរិក ដែល​សមស្រប​ទៅនឹង​ប្រាក់​នៅក្នុង​ហោប៉ៅ​របស់ខ្លួន​។ អង្គុយ​មើល​អ្នកលក់​ខ្ចប់​កាដូ បូរ៉ា ដែល​រៀន​នៅ​ថ្នាក់​ទី​៩ បាន​និយាយ​ទាំង​អារម្មណ៍​រំភើប​ថា​៖ «​មកពី​ស្រលាញ់​គេ​ទើប​ទិញ​កាដូ​នេះ​ឲ្យ​គេ ខ្ញុំ​គិតថា​គេ​នឹង​ពេញចិត្ត​» ។​

​ខណៈពេលដែល​បូរ៉ា​កំពុង​រង់ចាំ​ការ​ខ្ចប់​កាដូ​ជូន​មិត្តស្រី យុវតី​ពីរ​នាក់ បាន​ជិះ​ម៉ូតូ​ទៅ​ឈប់​ក្បែរ​នោះ ដោយ​នៅលើ​ដៃ​ម៉ូតូ សុទ្ធសឹងតែ​ថង់​ពោរពេញ​ដោយ​វត្ថុ​អនុស្សាវរីយ៍​។ ក្នុងចំណោម​ស្រី​ស្អាត​ទាំងពីរ កញ្ញា​ស្រី​ពេជ្រ បាន​និយាយ​ទាំង​បើកចំហរ​មកកាន់​សារព័ត៌មាន​ថ្មីៗ​ថា វត្ថុ​អនុស្សាវរីយ​នៅ​ពេញដៃ​របស់ខ្លួន​នោះ គឺ​សម្រាប់​យកទៅ​ចាប់ឆ្នោត​ប្ដូរ​កាដូ​គ្នា​នៅ​កន្លែងធ្វើការ​។



​ស្រី​ពេជ្រ ដែលមាន​អាយុ​ខ្ទង់​២០​ឆ្នាំ បាន​បញ្ជាក់ថា កម្មវិធី​បែបនេះ គឺធ្វើឡើង​ដោយសារ​ចង់​បង្កើន​ភាព​ស្និត​ស្នាល​រវាង​បុគ្គលិក និង​បុគ្គលិក​។ កញ្ញា​សប្បុរស​រូបនេះ បាន​និយាយ​៖ «​ខ្ញុំ​មិន​គិតថា​ការចូលរួម​ពិធី​ដែល​មិនមែន​សាសនាព្រះពុទ្ធ​ខុស​នោះទេ ព្រោះ​លែង​បែប​ហ្នឹង​គឺ​សប្បាយ ហើយ​ធ្វើ​ឲ្យ​បុគ្គលិក​កាន់​តែមាន​ភាពស្និទ្ធស្នាល​ជាមុន ហើយ​មើលទៅ​ដូចជា​រឿង​ធម្មតា​ទៅហើយ​»​។​

​ក្រោយ​ញាប់ដៃ​ញាប់ជើង​ខ្ចប់​កាដូ ម្ចាស់​តូប​ដែលមាន​ឈ្មោះ ស្រី​ពេជ្រ ដូចជា​ភ្ញៀវ​ខាងលើ​ផងដែរ​នោះ បាន​ឆ្លៀត​និយាយ​មកកាន់​សារព័ត៌មាន​ថ្មីៗ​ថា​៖ «​លក់ដាច់​ណាស់​អូន​ពេល​បុណ្យ​អ៊ីចឹងៗ ហើយ​ខ្ចប់​កាដូ​ក៏​ច្រើន​ពេលខ្លះ​ក្រោយ​ចប់​កម្មវិធី​អ្នកលក់​ឈឺ​ក៏មាន​»​។​



​ចំពោះ​ការលក់​វត្ថុ​អនុស្សាវរីយ និង​ខ្ចប់​កាដូ​នៅ​អំឡុង​ពិធីបុណ្យ​ណូអែល​នេះ អ្នកស្រី​ពេជ្រ អាច​រកចំណូលបាន​ប្រមាណ​១០០០​ដុល្លារ​អាមេរិក​។  ម្ចាស់​តូប​វ័យក្មេង​រូបនេះ​បាន​ឲ្យ​ដឹង​ទៀតថា ពេល​បុណ្យ​ណូអែល​វត្ថុ​អនុស្សាវរីយ​លក់ដាច់​គ្រ​ប់​មុខ ហើយ​ភ្ញៀវ​ដែល​មក​ទិញ​មាន​ចាប់ពី​ថ្នាក់បឋមសិក្សា​ឡើងទៅ​។​

​ទោះបីជា​យ៉ាងណាក៏ដោយ អ្នកស្រី ពេជ្រ បាន​បញ្ជាក់ថា សន្ទុះ​នៃ​ការលក់​កាដូ មិនបាន​ច្រើន​ដូច​ទឹកបាក់​ទំនប់ ដូចជា​នៅក្នុង​ទិវា​នៃ​សេចក្តីស្រឡាញ់ (Valentine Day) នៅ​ថ្ងៃទី​១៤​ខែកុម្ភៈ​នោះឡើយ​៕








Tag:
 បុណ្យ​ណូអែល​
 ​វត្ថុ​អនុស្សាវរីយ​
 ​យុវវ័យ
© រក្សាសិទ្ធិដោយ thmeythmey.com