ជាតិ
សង្គមជាតិ
លោក ថោង ខុន៖ ឆ្នេរសមុទ្រ​កម្ពុជា​អាច​ទទួល​ទេសចរ​អន្តរជាតិ ២​លាន​នាក់​នៅ​ឆ្នាំ​២០២០
24, Dec 2017 , 10:00 pm        
រូបភាព
ដោយ: &
ឆ្នេរសមុទ្រ​ប្រទេស​កម្ពុជា​ត្រូវបាន​ព្យាករ​ថា អាចនឹងទទួល​បាន​ភ្ញៀវទេសចរ​អន្តរជាតិ​ចំនួន​២​លាន​នាក់ និង​ជាតិ​ជិត​៤​លាន​នាក់​នៅ​ឆ្នាំ​២០២០​។ នេះ​បើតាម​ការលើកឡើង​រប​ស់លោក​រដ្ឋមន្ត្រីក្រសួង​ទេសចរណ៍ នៅ​ថ្ងៃទី​២៣ ខែធ្នូ ក្នុង​ពិធី​បើក​កម្មវិធី​បុណ្យ​សមុទ្រ​។​



​តាម​ការព្យាករណ៍​រប​ស់​ក្រសួងទេសចរណ៍​កម្ពុជា​បាន​ជឿជាក់ថា​ឆ្នេរសមុទ្រ​ទាំង​៤ របស់​ប្រទេស​កម្ពុជា នឹង​ទទួលបាន​ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ​ចំនួន​២​លាន​នាក់ និង​ភ្ញៀវ​ជាតិ​ចំនួន​៤​លាន​នាក់​នៅ​ឆ្នាំ​២០២០​។ មិនតែប៉ុណ្ណោះ​ចំនួន​ភ្ញៀវទេសចរ​អន្តរជាតិ​អាច​នឹង​កើន​ឡើងដល់ ៣​លាន​នាក់ ភ្ញៀវ​ជាតិ ៦​លាន​នាក់​នៅ​ឆ្នាំ​២០៣០​។ នេះ​បើតាម​ការលើកឡើង​រប​ស់​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​លោក​ថោង ខុន នៅ​ថ្ងៃទី​២៣ ខែធ្នូ ក្នុង​ពិធីបុណ្យ​សមុទ្រ​នៅ​ខេត្ត​កែប​។​

​ដោយសារតែ​ចំនួន​ភ្ញៀវទេសចរ​កាន់តែ​កើនឡើង​បែបនេះ លោក​រដ្ឋមន្ត្រី​បាន​អំពាវនាវ​ឲ្យ​ពាណិជ្ជករ​ទាំងអស់ ជាពិសេស​នៅ​តំបន់ឆ្នេរ​ត្រូវ​យកចិត្តទុកដាក់​ខ្ពស់​លើ​អាជីវកម្ម​របស់ខ្លួន​ទាំង​អនាម័យ និង​សោ​ភ័​ណ្ឌ​ភាព​។ លើសពីនេះ​លោក​ក៏​អំពាវនាវ​ឲ្យ​មានការ​អភិវឌ្ឍ​តំបន់ឆ្នេរ​ប្រកបដោយ​និរន្តរភាព និង​ការទទួលខុសត្រូវ​ក្នុងការ​អភិរក្ស​ធនធាន​ធម្មជាតិ​។ លោក​បន្តថា​ការអភិវឌ្ឍ និង​ថែរក្សា​បរិស្ថាន​នេះ​ក៏​ទាមទារ​ឲ្យ​ប្រជាជន​យល់ដឹង​ពី​សារសំខាន់​របស់​ឆ្នេរសមុទ្រ​ផងដែរ​។​

លោក ថោង ខុន បន្ថែមទៀតថា តំបន់ឆ្នេរ​ទាំងអស់​ត្រូវ​រៀបចំ​ឲ្យ​មាន​ផែនការមេ​អភិវឌ្ឍន៍ និង​តម្រូវ​ឲ្យ​មាន​អ្នក​អភិវឌ្ឍន៍​តំបន់ឆ្នេរ​សមុទ្រ​ច្បាស់លាស់ ហើយ​ត្រូវ​ធានាថា​មាន​ភោជនីយដ្ឋាន​ស្អាត សេវាកម្ម​ល្អ និង​គ្មាន​សំរាម។

បើតាម​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល ខេត្ត​កែប​គឺជា​គោលដៅ​ទេសចរណ៍​តំបន់​ខ្ពស់ និង​ប្រណីត ខណៈដែល​ខេត្ត​ព្រះសីហនុ គឺជា​គោលដៅ​ទេសចរណ៍​សម្រាកលំហែរ និង​ជា​បណ្ដុំ​សម្រាប់​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា ឯ​ខេត្តកំពត​ជា​គោលដៅ​ទេសចរណ៍​បេតិកភណ្ឌ​វប្បធម៌ និង​ក​សិ​ទេសចរណ៍​តំបន់ឆ្នេរ ហើយ​ខេត្តកោះកុង​ជា​គោលដៅ​អេកូរ​ទេសចរណ៍​តំបន់ឆ្នេរ​។​

ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ​ឲ្យ​មក​កម្សាន្ត​នៅ​តំបន់ឆ្នេរ ប្រទេស​កម្ពុជា​បានរៀបចំ​កម្មវិធី​បុណ្យ​សមុទ្រ​នេះ​រយៈពេល​៦​ឆ្នាំ​មកហើយ ដោយ​តម្រូវ​ឲ្យ​មានការ​ផ្លាស់​វេន​គ្នា​នៃ​ខេត្ត​ឆ្នេរសមុទ្រ​ទាំង​៤​របស់​កម្ពុជា​៕



Tag:
 សង្គម​
 ​ភ្ញៀវទេសចរ​
 ​បុណ្យសមុទ្រ
© រក្សាសិទ្ធិដោយ thmeythmey.com