ជាតិ
​​​ន​យោ​បាយ​ជាតិ​
អង្គការ​លើកលែងទោស​អន្តរជាតិ ធ្វើ​យុទ្ធនាការ​ឲ្យ​ដោះលែង​លោក កឹម សុខា
25, Dec 2017 , 4:32 pm        
រូបភាព
លោក កឹម សុខា នៅពេលដែលត្រូវបាន​ចាប់ខ្លួននៅផ្ទះកាលពីយប់ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧។ រូបថត AFP
លោក កឹម សុខា នៅពេលដែលត្រូវបាន​ចាប់ខ្លួននៅផ្ទះកាលពីយប់ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧។ រូបថត AFP
​ភ្នំពេញ​៖ អង្គការ​លើកលែងទោស​អន្តរជាតិ ជំរុញ​សាធារណជន ចូលរួម​ទាមទារ​ឲ្យ​ដោះលែង​លោក កឹម សុខា​។ ប៉ុន្តែ​អ្នក​នាំពា​ក្ស​បក្ស​កាន់អំណាច​ប្រាប់​វិញ​ថា បរទេស​គ្មាន​សិទ្ធិ​លូកដៃ​ចូល​ផ្ទៃក្នុង​កម្ពុជា​ជាដាច់ខាត​។



​ដោយសារតែ​ការស្នើសុំ​ឲ្យ​ដោះលែង លោក កឹម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ កាលពី​កន្លងមក មិន​ទទួលបាន​ជោគជ័យ អង្គការ​លើកលែងទោស​អន្តរជាតិ (Amnesty International) ក៏​ចាប់ផ្តើម​ចេញមុខ​មក​ឈឺឆ្អាល​សារជាថ្មី​។ លើក​នេះ អង្គការ​លើកលែងទោស​អន្តរជាតិ មិន​ចេញ​លិខិត​ឬ​សេចក្តីថ្លែងការណ៍​ដូច​មុន​នោះទេ តែ​បានប្រកាស​ឲ្យ​សាធារណជន​ទូទៅ ចូលរួម​ជាមួយ​ខ្លួន​តែម្តង ដើម្បី​ទាមទារ​ឲ្យ​ដោះលែង​លោក កឹម សុខា​។​

​វិធីសាស្ត្រ និង​មធ្យោបាយ ដែល​អង្គការ​លើកលែង​ទោស​អន្តរជាតិ បាន​ណែនាំ​ឲ្យ​សាធារណជន ប្រើប្រាស់​នៅក្នុង​យុទ្ធនាការ​ទាមទារ​ឲ្យ​ដោះលែង​លោក កឹម សុខា គឺ​ការសរសេរ​អត្ថបទ ការហៅ​ទូរ​សព្ទ ការផ្ញើ​សារ​តាម​អ៊ីមែល ឬ​តាម​ទូរសារ ទៅកាន់​បុគ្គល​ជាន់ខ្ពស់​ពីររូប គឺ​សម្តេច ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​លោក ជុំ ប៊ុន​រ៉ុង ឯកអគ្គរាជទូត​កម្ពុ​ជាប្រចាំ​សហរដ្ឋអាមេរិក យ៉ាងយូរបំផុត ឲ្យ​បាន​មុន​ឬ​ត្រឹម​ថ្ងៃទី​១ ខែកុម្ភៈ ឆ្នាំ​២0១៨​។ របៀប វិធី លេខ​ទូរ​សព្ទ អ៊ីមែល និង​ទូរសារ ដើម្បី​ទាក់ទង​ទៅកាន់​បុគ្គល​ទាំងពីរ​នេះ ត្រូវបាន​បង្ហោះ​នៅលើ​គេហទំព័រ​របស់​អង្គការ​លើកលែងទោស​ទោស​អន្តរជាតិ ​។

​បន្ទាប់មក អង្គការ​លើកលែងទោស​អន្តរជាតិ បាន​ប្រាប់​ឲ្យ​សាធារណជន ផ្តល់ព័ត៌មាន​ត្រឡប់​ទៅកាន់​ស្ថាប័ន​របស់ខ្លួន​វិញ ប្រសិនបើ​បាន​ចូលរួម​ក្នុង​យុទ្ធនាការ​នេះ​។ អង្គការ​អន្តរជាតិ​មួយ​នេះ បានបញ្ជាក់​ដូច្នេះ​ថា​៖«​យើង​នឹង​ប្រមូល​រាល់​របាយការណ៍​របស់​អ្នក ដែល​បានផ្តល់​មក​ឲ្យ​។ ហើយ​យើង នឹង​ប្រើប្រាស់​របាយការណ៍​ទាំងនោះ ដើម្បី​តស៊ូ​មតិ​ទាមទារ​ឲ្យ​ដោះលែង​លោក កឹម សុខា​»​។​

​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន បានចេញ​មុខមក​ត​ទ​ល់​ជាមួយនឹង​អង្គការ​លើកលែងទោស​អន្តរជាតិ ដែល​បង្កើត​យុទ្ធនាការ​ខាងលើ​។ លោក បាន​សួរ​ទៅកាន់​អង្គការ​លើកលែងទោស​អន្តរជាតិ​ថា តើ​នៅលើ​លោក​នេះ មាន​ប្រទេស​ណា ដែល​ដោះលែង​ជន​ក្បត់ជាតិ​?

​បន្ទាប់ពី​សួរ​បែបនេះហើយ អ្នកនាំពាក្យ​បក្ស​កាន់អំណាច ក៏​បកស្រាយ​ថា ចំណាត់ការ​ផ្លូវច្បាប់​ចំពោះ​ជនល្មើស គឺជា​រឿង​ធម្មតា ហើយ​ស្របតាម​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ​និង​នីតិរដ្ឋ​នៅក្នុង​ប្រទេសឯករាជ្យ​។ តាមរយៈ​សារ​ដែល​សរសេរ​ទៅកាន់​ក្រុមអ្នកកាសែត​ក្នុង​បណ្តាញ​ទំនាក់ទំនង​តេ​ឡេ​ក្រាម (Telegram) លោក​បាន​សង្កត់ធ្ងន់ៗ​យ៉ាង​ដូច្នេះ​ថា​៖«​ជនបរទេស និង​ប្រទេស​ផ្សេងៗ ព្រមទាំង​បណ្តា​អង្គការ​នានា គ្មាន​សិទ្ធិ​លូកដៃ​ចូលក្នុង​កិច្ចការ​ផ្ទៃក្នុង​កម្ពុជា​ជាដាច់ខាត​»​។

​ក្រៅពី​ឆ្លើយតប​ទៅកាន់​អង្គការ​លើកលែងទោស​អន្តរជាតិ  លោក សុខ ឥសាន នៅមាន​សារ​មួយ​ផ្សេងទៀត ទុក​ជាការ​ដាស់តឿន​ដល់​សហគមន៍​អន្តរជាតិ​នានា  ដែល​នៅតែ​ទន្ទ្រាន​រដ្ឋាភិបាល​កម្ពុជា ឲ្យ​ដោះលែង​លោក កឹម សុខា​។ ក្នុង​សារ​ចុងក្រោយ​នេះ លោក​បានសរសេរថា​៖«​រាល់​ការទាមទារ​ណាក៏ដោយ ទាំង​នៅក្នុង​ប្រទេស និង​នៅក្រៅ​ប្រទេស គ្រាន់តែ​ជា​សិទ្ធិ​បញ្ចេញមតិ​ប៉ុណ្ណោះ តែ​គ្មាន​សិទ្ធិ​ចាប់បង្ខំ​តុលាការ ឲ្យ​ធ្វើតាម​ខ្លួន​នោះទេ​»​។         -

​កញ្ញា កឹម មនោ​វិទ្យា កូនស្រី​ច្បង​លោក កឹម សុខា បាន​យក​សំណុំរឿង​របស់​ឪពុក ទៅ​ប្តឹងផ្តល់​ដល់​ក្រុម​អ្នកជំនាញ​នៃ​អង្គការសហប្រជាជាតិ ដែលមាន​ឈ្មោះថា ក្រុមការងារ ទទួលបន្ទុក​កិច្ចការ​ផ្នែក​ឃុំខ្លួនតាមអំពើចិត្ត (The Working Group on Arbitrary Detention) ដើម្បី​ឲ្យ​ជួយ​រក​យុត្តិធម៌​។ ក្រុម​មេធាវី​អន្តរជាតិ​មួយក្រុម ដែល​កញ្ញា​បាន​ពឹងពាក់ បាន​យក​បណ្តឹង ទៅដាក់ជូន​ក្រុម​ទទួលបន្ទុក​កិច្ចការនេះ​រួចហើយ កាលពីពេល​ថ្មីៗ​នេះ​។      
      
​ការចាប់​លោក កឹម សុខា រួមទាំង​ការរំលាយ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ជំរុញ​ឲ្យ​តំណាង​ប្រទេស​នានា ដោយមាន​សហរដ្ឋអាមេរិក និង​សហភាព​អឺរ៉ុប ជា​អ្នក​នាំមុខ បាន​យកទៅ​ធ្វើជា​ប្រធានបទ​ក្នុងការ​ពិភាក្សា កាលពី​ថ្ងៃទី​១៩ ខែធ្នូ ឆ្នាំ​២0១៧ ដោយ​ដាក់​ចំណងជើង​ថា «​ការធ្លាក់ចុះ​លទ្ធិប្រជាធិបតេយ្យនៅ​កម្ពុជា​»​។ កញ្ញា កឹម មនោ​វិទ្យា ដែល​ត្រូវបាន​អញ្ជើញ​ឲ្យ​ចូលរួម​ក្នុង​កិច្ចពិភាក្សា​នោះ បានស្នើ​ឲ្យ​ដាក់​បញ្ហា​ប្រទេស​កម្ពុជា ចូល​ជារ​របៀបវារៈ​ក្នុង​កិច្ចប្រជុំ​មហាសន្និបាត​នៃ​អង្គការសហប្រជាជាតិ នា​ខែមករា ឆ្នាំ​២0១៨ ខាងមុខ និង​ស្នើ​ឲ្យ​អង្គការសហប្រជាជាតិ បញ្ជូន​តំណាង មកកាន់​ប្រទេស​កម្ពុជា ដើម្បី​ដោះស្រាយ​បញ្ហានយោបាយ​បច្ចុប្បន្ន​។ 

​ក្រៅពី​សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប នៅមាន​បណ្តា​ប្រទេស​និង​អង្គការ​អន្តរជាតិ​នានា ដែល​នៅតែ​ទទូច​ឲ្យ​ដោះលែង លោក កឹម សុខា និង​អនុញ្ញាត​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ ធ្វើ​សកម្មភាព​ឡើងវិញ ដើម្បី​បាន​ចូលរួម​ការបោះឆ្នោត ក្នុង​ឆ្នាំ​២0១៨​។ ឯ​អតីត​ក្រុម​អ្នកប្រឆាំង បានរ​ត់ទៅ​ប្រមូល​ផ្តុំគ្នា​នៅក្រៅ​ប្រទេស ដើម្បី​ជំរុញ​ឲ្យ​សហគមន៍​អន្តរជាតិ បន្តធ្វើ​កិច្ចការ​ខាងលើនេះ​។ 

​យ៉ាងណា​ក៏ដោយចុះ រហូតមកដល់​ពេលនេះ ដំណឹង​នៃ​ការដោះលែង​លោក កឹម សុខា ឬ​ការ​រស់​ឡើងវិញ​នូវ​គណបក្ស​សង្គ្រោះ​ជាតិ នៅតែ​គ្មាន​ពន្លឺ សូម្បីតែ​បន្តិច​។ ផ្ទុយទៅវិញ រដ្ឋាភិបាល​កម្ពុជា ប្រកាស​ជំហរ​ជា​ដដែលៗ​ថា ចំណាត់ការ​ទាំងនេះ គឺ​ស្រប​នឹង​ច្បាប់ ហើយ​ស្ថិតក្នុង​ដែន​អធិបតេយ្យ​របស់​កម្ពុជា ដោយ​ប្រទេស​ដទៃ មិនអាច​ជ្រៀតជ្រែក​បានឡើយ​៕

Tag:
 កឹម សុខា​
  Amnesty International
© រក្សាសិទ្ធិដោយ thmeythmey.com