កីឡាជាតិ
ជាតិ
កីឡា​១១​ប្រភេទ​ដែល​បង្ហាញខ្លួន​ក្នុង​បុណ្យ​សមុទ្រ​បានការ​ចាប់អារម្មណ៍​ខ្លាំង​ពី​មហាជន​
25, Dec 2017 , 5:13 pm        
រូបភាព
ដោយ:
​កីឡា​ទាំង​១១​ប្រភេទ​ដែល​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​(NOCC)​នាំយកទៅ​ប្រកួត​និង​សម្តែង​ដើម្បី​អប​ពិធីបុណ្យ​សមុទ្រ​នៅ​ខេត្ត​កែប​ចាប់ពី​ថ្ងៃទី​២២-២៤ ខែធ្នូ ឆ្នាំ​២០១៧ បានបញ្ចប់​ដោយ​រលូន និង​បានការ​គាំទ្រ​ខ្លាំង​ពី​មហាជន​។ ក្រៅពី​សកម្មភាព​កីឡា ការតាំង​ស្តង់​ពិព័រណ៍​ផលិតផល មហោស្រប​ចំណីអាហារ និង​ការសម្តែង​សិល្បៈ​អន្តរជាតិ​ក៏​ព្រឹ​ត្ត​ទៅដោយ​រលូន​ផងដែរ​។



​ការប្រកួត​និង​សម្តែង​ប្រភេទ​កីឡា​លើទឹក លើ​ឆ្នេរ និង​គោក​ដែល​ក្រសួងទេសចរណ៍ និង NOCC ចាត់ទុកជា​សកម្មភាព​ស្នូល​នៃ​ពិធីបុណ្យ​សមុទ្រ​លើក​ទី​៦​នៅ​ខេត្ត​កែប បានបញ្ចប់​សកម្មភាព​របស់ខ្លួន​យ៉ាង​ជោគជ័យ​កាលពី​ថ្ងៃទី​២៤ ខែធ្នូ ឆ្នាំ​២០១៧ ដែលជា​ថ្ងៃ​ចុងក្រោយ​នៃ​ពិធីបុណ្យ​នេះ​។ មិន​ត្រឹម​បង្កើត​ភាពសប្បាយ​រីករាយ និង​ភាព​អ៊​អូរ​ដល់​ភ្ញៀវទេសចរ​នោះទេ តែ​ការប្រកួត​និង​សម្តែង​កីឡា​ទាំង​១១​ប្រភេទ​ក្នុង​បុណ្យ​សមុទ្រ​ឆ្នាំនេះ​ទទួលបាន​ការគាំទ្រ​ច្រើន​ពី​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​ទៀតផង​។  



«​រាល់​ព្រឹត្តិការណ៍​កីឡា​យើង​ប្រព្រឹត្ត​ទៅដោយ​សុវត្ថិភាព ហើយ​មាន​កីឡា​ជំនាញ និង​មហាជន​មួយចំនួន​បង្ក​ភាពងាយស្រួល​ដល់​ការចូលរួម​របស់​មហា​ជន យើង​អាច​វាយតម្លៃ​ជា​ចុងក្រោយ​ថា សកម្មភាព​កីឡា​បាន​បំពេញ​តួនាទី​ដោយ​រលូន និង​ធ្វើ​ឲ្យ​ព្រឹត្តិការណ៍​បុណ្យ​សមុទ្រ​លើក​ទី​៦​នៅ​ខេត្ត​មាន​ភាព​អ៊ូអរ និង​បានការ​ចាប់អារម្មណ៍​ខ្លាំង​ពី​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​»​។ នេះ​ជាការ​លើកឡើង​របស់លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ NOCC​។ 



​កីឡា​មហាជន​រួមមាន​រត់ប្រណាំង​ចម្ងាយ​៥​គីឡូម៉ែត្រ និង​៣​គីឡូម៉ែត្រ ចំបាប់​ឆ្នេរ​ខ្សាច់ និង​ប្រដាល់​គុន​ខ្មែរ និង​គុន​ចម្រុះ​ទទួលបាន​ការចាប់អារម្មណ៍​ច្រើនជាងគេ​ពី​មហាជន​។ ចំណែក​កីឡា​ថាសហោះ​, Water Ski និង​កីឡា​ជិះ​ក្តារ​រំអិល ដែលជា​ប្រភេទ​កីឡា​ថ្មី​បានធ្វើ​ឲ្យ​មានការ​ចាប់អារម្មណ៍ និង​ប្លែក​ភ្នែក​សម្រាប់​មហាជន​ផងដែរ​។ លើសពីនេះ​កីឡា​ជំនាញ​រួមមាន​ទ្រី​យ៉ា​ត្លុង ទូកក្តោង និង​ប្រណាំង​កង់​ដែល​លើកយក​ការប្រកួត​ជើងឯក​ថ្នាក់ជាតិ​របស់ខ្លួន​ទៅ​ខេត្ត​កែប បានប្រែក្លាយ​ពី​ភាពស្ងប់ស្ងាត់​នៅពេល​ព្រឹក​នៃ​ពិធីបុណ្យ​សមុទ្រ​ឲ្យ​មាន​សភាព​អ៊ូអរ​។​

​ព្រឹត្តិការណ៍​កីឡា​ទាំងអស់​អាច​ប្រព្រឹត្ត​ទៅដោយ​ជោគជ័យ​បាន ក៏​ព្រោះតែ​មានការ​សហការ​រ​បស់​អាជ្ញាធរ​ពាក់ព័ន្ធ​គ្រប់​ជាន់ថ្នាក់ ជាពិសេស​ការ​អំណោយផល​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​នៅតាម​មាត់​ឆ្នេរ តាមរយៈ​ការសាងសង់​បង្គោល​ភ្លើង​ដោយ​បំពាក់​ភ្លើង​ហ្វា ដើម្បី​បំភ្លឺ​នៅតាម​ឆ្នេរកែប​ដែល​បង្ក​ភាពងាយស្រួល​ដល់​ការប្រកួត​កីឡា​នៅពេល​យប់​។ 


 
«​ប្រជាពលរដ្ឋ​អាច​ឃើញ​សកម្មភាព​កីឡា​ប្លែកៗ និង​កីឡា​បែប​ប្រពៃណី​របស់​យើង​។ កីឡា​លើទឹក​រួមមាន​ទូកក្តោង និង​កីឡា Water Ski ទទួលបាន​ការចូលរួម​លេង​ច្រើន​ពី​មហាជន​ផងដែរ​។ អ្វីដែល​យើង​មើលឃើញ​កីឡា​បី​ប្រភេទ​ទាំង​លើទឹក លើ​ឆ្នេរ និង​លើគោក​បាន​ស្រូប​ការយកចិត្តទុកដាក់ និង​ទាក់ទាញ​ពី​មហាជន ជាពិសេស​បាន​បង្ក​ភាពសប្បាយ​រីករាយ​ពិតប្រាកដ​ជូន​ភ្ញៀវ​ទេសចរណ៍​រយៈពេល​៣​នៃ​ពិធីបុណ្យ​សមុទ្រ​»​។ នេះ​ជាស​ម្តី​របស់លោក វ៉ា​ត់ ចំរើន ដែល​បង្ហាញ​ពី​ការចាប់អារម្មណ៍​របស់​មហាជន​ចំពោះ​សកម្ម​ភព​កីឡា​។​

​កីឡា​ទាំង​១១​ប្រភេទ​នោះ​រួមមាន​រត់ប្រណាំង​, ប្រណាំង​កង់​, ទ្រី​យ៉ា​ត្លុង​, ទូកក្តោង​, ចំបាប់​ឆ្នេរ​ខ្សាច់​, បាល់ទះ​ឆ្នេរ​ខ្សាច់​, ប្រដាល់​គុន​ខ្មែរ​ចម្រុះ​, ថាសហោះ​, ជិះ​ក្តារ​រំអិល​, រាំ​អន្តរជាតិ និង​កីឡា Water Ski​។ កីឡា​ទាំងនេះ​បានបញ្ចប់​សកម្មភាព​ប្រកួត​និង​សម្តែង​ទាំងស្រុង​នៅ​ល្ងាច​ថ្ងៃទី​២៤ ខែធ្នូ ឆ្នាំ​២០១៧ ដែលជា​ថ្ងៃ​បញ្ចប់​នៃ​ពិធីបុណ្យ​សមុទ្រ​លើក​ទី​៦​ដែល​ខេត្ត​កែប​ធ្វើជា​ម្ចាស់ផ្ទះ​។ នៅ​ឆ្នាំ​បន្ទាប់​ខេត្តកោះកុង​នឹង​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​ពិធីបុណ្យ​នេះ ហើយ​វា​ក៏​ជា​លើក​ទី​២​ផងដែរ​សម្រាប់​ខេត្ត​មួយ​នេះ​។



​ក្រៅពី​សកម្មភាព​កីឡា ពិធីបុណ្យ​សមុទ្រ​ដែល​ធ្វើឡើង​ក្រោម​ប្រធានបទ​«​ឆ្នេរសមុទ្រ​បៃតង អនាគត គឺ​បច្ចុប្បន្ន​»​ក៏មាន​ការតាំង​ស្តង់​ពិព័រណ៍​ផលិតផល និង​មហោស្រប​ចំណីអាហារ​អន្តរជាតិ​រវាង​កម្ពុជា ថៃ ឡាវ វៀតណាម ឥណ្ឌូណេស៊ី និង​ឥណ្ឌា​ផងដែរ​។ លើសពីនេះ​មានការ​ប្រគំ​តន្ត្រី​របស់​ស្ថានីយទូរទស្សន៍​បាយ័ន និង​ការសម្តែង​សិល្បៈ​អន្តរជាតិ​របស់​ក្រុម​សិល្បៈ​កម្ពុជា ថៃ ឥណ្ឌា វៀតណាម និង​ឥណ្ឌូណេស៊ី រួមទាំង​ទស្សនីយភាព​ជាច្រើន​ទៀត​៕






Tag:
 វ៉ា​ត់ ចំរើន​
  បុណ្យ​សមុទ្រ​
  ខេត្ត​កែប​
© រក្សាសិទ្ធិដោយ thmeythmey.com