ជាតិ
​​​ន​យោ​បាយ​ជាតិ​
តំណែង​រដ្ឋលេខាធិការ អាច​លែង​ជា​សមាជិក​រដ្ឋាភិបាល​
27, Dec 2017 , 10:41 am        
រូបភាព
​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊‌ុ​ន សែន ចង់​ដកតំណែង​រដ្ឋលេខាធិកា​រ ចេញពី​សមាជិក​រដ្ឋាភិបាល​កម្ពុជា ដើម្បី​ឲ្យ​ក្បាលម៉ាស៊ីន​រដ្ឋាភិបាល​រួម​តូច​។ បើតាម​លោក ផៃ ស៊ី​ផាន ដែលជា​អ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋមន្ត្រី សម្តេច ហ៊‌ុ​ន សែន បាន​បង្ហើប​បំណង​នេះ​ឡើង នៅក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី កាលពី​ថ្ងៃទី​២៣ ខែធ្នូ ឆ្នាំ​២០១៧​។​



​លោក ផៃ ស៊ី​ផាន បានបញ្ជាក់​ប្រាប់​សារព័ត៌មាន​ថ្មីៗ​យ៉ាង​ដូច្នេះ​ថា​៖«​សមាជិក​រដ្ឋាភិបាល ​គ្របដណ្តប់​ត្រឹមតែ​រដ្ឋមន្ត្រី​ទេ​។ សម្តេច ចង់​ធ្វើ​យ៉ាងម៉េច កុំ​ឲ្យ​គណៈរដ្ឋមន្ត្រី ធំ​សំពីងសំពោង​»​។​

​មាត្រា ១១៨ ថ្មី នៃ​រដ្ឋធម្មនុញ្ញ បាន​ចែងថា​៖«​គណៈរដ្ឋមន្ត្រី ជា​រាជរដ្ឋាភិបាល​កម្ពុជា​។ គណៈរដ្ឋមន្ត្រី ត្រូវបាន​ដឹកនាំ​ដោយ​នាយករដ្ឋមន្ត្រី​មួយរូប អមដោយ​ឧបនាយករដ្ឋមន្ត្រី ព្រមទាំង​មាន​ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី និង​រដ្ឋលេខាធិការ​ជាស​មា​ជិ​ក​»​។

​ដោយសារតែ​មាត្រា​១១៨​នៃ​រដ្ឋធម្មនុញ្ញ បានចាត់ទុក​រដ្ឋលេខា​ធិ​ការ​ជា​សមាជិក​រដ្ឋា​ភិ​បាល ទើបបានជា​ការតែងតាំង​រដ្ឋលេខាធិការ​នាពេល​បច្ចុប្បន្ន តម្រូវ​ឲ្យ​រដ្ឋសភា បោះឆ្នោត​ផ្តល់​សេចក្តីទុកចិត្ត​ជាមុនសិន ហើយ​បន្ទាប់មក​ទើប​ថ្វាយទៅ​ព្រះមហាក្សត្រ ដើម្បី​ព្រះអង្គ ចេញ​ព្រះរាជក្រឹត្យ​តែងតាំង​ជា​ផ្លូវការ​។

​លោក ផៃ ស៊ី​ផាន អះអាងថា ប្រសិនបើ​បំណង​របស់​សម្តេច ហ៊‌ុ​ន សែន ដែល​ចង់​ដកតំណែង​រដ្ឋលេខាធិកា​រ​ចេញពី​សមាជិក​រដ្ឋា​ភិ​បាល ក្លាយជា​ការពិត​មែន​នោះ ការកែប្រែ​រដ្ឋធម្មនុញ្ញ ត្រង់​មាត្រា​១១៨​នេះ នឹង​កើតមានឡើង​ជាមិនខាន​។ លោក បន្តថា ក្នុងករណី​មាត្រា​នេះ ត្រូវបាន​កែប្រែ ពេលនោះ នាយករដ្ឋមន្ត្រី អាច​ថ្វាយទៅ​ព្រះមហាក្សត្រ​ដោយផ្ទាល់​តែម្តង ដើម្បី​សុំ​ឲ្យ​ព្រះអង្គ ចេញ​ព្រះរាជក្រឹត្យ ប្រកាស​តែងតាំង​រដ្ឋលេខាធិការ ដោយ​មិនចាំបាច់​ឆ្លងកាត់​ការបោះឆ្នោត​ផ្តល់​សេចក្តីទុកចិត្ត​ពី​រដ្ឋសភា​។​

​សមាសភាព​នៃ​រាជរដ្ឋាភិបាល​កម្ពុ​ជានា​អាណត្តិ​ទី​៥​នេះ​ដែល​កើតឡើង​ក្រោយ​ការបោះឆ្នោត​ឆ្នាំ​២០១៣ រួមមាន នាយករដ្ឋមន្ត្រី (​សម្តេច ហ៊‌ុ​ន សែន​) ឧបនាយករដ្ឋមន្ត្រី​៩​រូប ទេសរដ្ឋមន្ត្រី ១៥​រូប រដ្ឋមន្ត្រី​២៧ (​ដឹកនាំ​ក្រសួង​ទាំង​២៧)  រដ្ឋមន្ត្រី​អម​ប្រតិភូ​នាយករដ្ឋមន្ត្រី​១៣​រូប រួមទាំង​រដ្ឋលេខាធិកា​រ​ជាង​១៦០​រូប នៅតាម​បណ្តា​ក្រសួង​ទាំង​២៧​។  សម្តេច ហ៊‌ុ​ន សែន ធ្លាប់​រុះរើ​គណៈរដ្ឋមន្ត្រី​ម្តង​រួចមកហើយ ក្នុង​អាណត្តិ​ទី​៥​នេះ ដោយបាន​ផ្លាស់ប្តូរ​រដ្ឋមន្ត្រី​មួយចំនួន ហើយ​រដ្ឋលេខាធិការ​មួយចំនួនទៀត ត្រូវបានតែងតាំង​បន្ថែម​ដែរ​៕


Tag:
 ផៃ ស៊ី​ផាន​
  រដ្ឋលេខាធិការ​
© រក្សាសិទ្ធិដោយ thmeythmey.com