អន្តរជាតិ
ត្រាំ ថា ជំហរ​ចិន​លើ​វិបត្តិ​កូរ៉េខាងជើង​មាន​ឥទ្ធិពល​ដល់​នយោបាយ​ពាណិជ្ជកម្ម​អាមេរិក​
29, Dec 2017 , 8:39 pm        
រូបភាព
​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ កំពុង​អាក់អន់​ចិត្តនឹង​ចិន​យ៉ាងខ្លាំង បន្ទាប់ពី​មាន​សេចក្ដីរាយការណ៍​ថា ចិន​បានអនុញ្ញាត​ឲ្យ​កប៉ាល់​របស់ខ្លួន​ដឹក​ប្រេង​ទៅ​ឲ្យ​កប៉ាល់​របស់​កូរ៉េខាងជើង ដែលជា​ទង្វើ​បំពាន​ដំណោះស្រាយ​របស់​ក្រុមប្រឹក្សាសន្តិសុខ​។ លោក ត្រាំ បញ្ជាក់ថា ជំហរ​របស់​ចិន​លើ​សំណុំរឿង​នុយក្លេអ៊ែរ​កូរ៉េខាងជើង មាន​ឥទ្ធិពល​ដល់​គោលនយោបាយ​ពាណិជ្ជកម្ម​របស់​អាមេរិក ខណៈ​អាមេរិក​ធ្វើ​មិនដឹងមិនឮ​រឿង​ឱនភាព​ពាណិជ្ជកម្ម​ជាមួយ​ចិន​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​។​



​ក្នុង​កិច្ច​សម្ភាស​ជាមួយ​សារព័ត៌មាន The New York Times លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ បាន​រៀបរាប់​ពី​ទំនាក់ទំនង​រវាង​គោលនយោបាយ​ពាណិជ្ជកម្ម​អាមេរិក​ជាមួយ​ចិន ទៅនឹង​ជំហរ​របស់​ចិន​ក្នុងការ​ដោះស្រាយ​វិបត្តិ​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​។ លោក ត្រាំ និយាយថា អាមេរិក​មាន​ជំហរ​ទន់ភ្លន់​ដាក់​ចិន​យូរ​មកហើយ ទោះជា​អាមេរិក​ត្រូវ​ប្រឈមមុខ​ទំហំ​ឱនភាព​ពាណិជ្ជកម្ម​ដ៏​ធំក្ដី ហើយ​រឿង​សំខាន់​ជាង​ពាណិជ្ជកម្ម គឺ​មានតែ​សង្គ្រាម​។​

​ជុំវិញ​បញ្ហា​នេះ លោក ត្រាំ បញ្ជាក់ថា លោក​មាន​ជំហរ​តឹងរ៉ឹង​ដាក់​ចិន​លើ​រឿង​ពាណិជ្ជកម្ម​តាំងពី​ពេល​ឃោសនា​រក​សំឡេងឆ្នោត​។ អាមេរិក​មាន​ទំហំ​ឱនភាព​ពាណិជ្ជកម្ម​ជាមួយ​ចិន​យ៉ាងហោចណាស់​៣៥០​ពាន់​លាន​ដុល្លារ ហើយ​នេះ​មិនទាន់​គិត​លើ​វិស័យ​កម្មសិទ្ធិ​បញ្ហា​ដែលមាន​តម្លៃ​៣០០​ពាន់​លាន​ដុល្លារ​ទៀតផង​។ សម្រាប់​លោក ត្រាំ ការខាតបង់​ប៉ុណ្ណេះ​មិនមែនជា​បញ្ហា​ឡើយ​ឲ្យ​តែ​ចិន​ជួយ​ដោះស្រាយ​សំណុំរឿង​នុយក្លេអ៊ែរ​កូរ៉េខាងជើង​។​

«​ប្រសិនបើ​ចិន​ជួយ​ខ្ញុំ​ក្នុង​បញ្ហា​កូរ៉េខាងជើង ខ្ញុំ​អាច​មើល​រឿង​ពាណិជ្ជកម្ម​ក្នុង​ផ្លូវ​ផ្សេង​ក្នុង​រយៈពេល​ណាមួយ​បាន​។ ហើយ​នេះ​ជា​អ្វីដែល​ខ្ញុំ​បាននិងកំពុង​ធ្វើ​។ ប៉ុន្តែ​នៅពេល​ប្រេង​ហូរ​ចូល​កូរ៉េខាងជើង​នោះ ខ្ញុំ​មិន​សប្បាយចិត្ត​ឡើយ​»​។ នេះ​ជាការ​មិន​ពេញចិត្ត​របស់លោក ត្រាំ ក្នុង​កិច្ច​សម្ភាស​ដដែល ក្រោយ​ផ្កាយរណប​អាមេរិក​ចាប់បាន​សកម្មភាព​រប​ស់ក​ប៉ាល់​ចិន​ផ្ទេរ​ប្រេង​ទៅ​ឲ្យ​កប៉ាល់​កូរ៉េខាងជើង​ក្នុង​ដែនទឹក​អន្តរជាតិ​។​

​សកម្មភាព​របស់​កប៉ាល់​ចិន គឺជា​ការបំពាន​ដំណោះស្រាយ​ក្រុមប្រឹក្សាសន្តិសុខ​លេខ​២៣៧៥ អនុម័ត​ខែកញ្ញា ដែល​ហាម​សមាជិក​អង្គការសហប្រជាជាតិ​ទាំង​អស់ពី​ការផ្ទេរ​ទំនិញ​គ្រប់​ប្រភេទ​ពី​កប៉ាល់​មួយ​ទៅ​កប៉ាល់​របស់​កូរ៉េខាងជើង​។ ដោយឡែក​ដំណោះស្រាយ​លេខ​២៣៩៧ ដែល​ទើប​អនុម័ត​កាលពី​សប្ដាហ៍​មុន បាន​បើកដៃ​ឲ្យ​រដ្ឋ​សមាជិក​អាច​រឹបអូស និង​ឆែកឆេរ​កប៉ាល់​ទាំងឡាយ​ដែល​សង្ស័យថា ជាប់​ពាក់ព័ន្ធ​សកម្មភាព​ខុសច្បាប់​ជាមួយ​កូរ៉េខាងជើង​។​

​ការមិន​ពេញចិត្ត​របស់លោក ត្រាំ ពេលនេះ អាចជា​សញ្ញា​បង្ហាញ​ពី​ការ​អស់​ការអត់ធ្មត់​របស់​អាមេរិក​ចំពោះមុខ​ចិន​ជុំវិញ​សំណុំរឿង​នុយក្លេអ៊ែរ​កូរ៉េខាងជើង​នេះ​។ ការមិន​អើពើ ឬក៏​ចន្លោះប្រហោង​របស់​ក្រុង​ប៉េកាំង​ក្នុងការ​ដោះស្រាយ​បញ្ហា​នេះ អាច​ជំរុញ​ឲ្យ​ក្រុង​វ៉ាស៊ីនតោន​ចាត់វិធានការ​ឯកតោភាគី​តែម្ដង ជាជាង​យន្តការ​ទ្វេភាគី ឬក៏​ពហុភាគី​។ នេះ​អាចជា​សញ្ញា​បង្ហាញ​ដែរ​ថា ទំនាក់ទំនង​រវាង​អាមេរិក និង​ចិន អាច​រង្គោះរង្គើ​ផងដែរ​៕


Tag:
 អាមេរិក​
  ចិន​
  កូរ៉េខាងជើង​
  ដូ​ណា​ល់ ត្រាំ
© រក្សាសិទ្ធិដោយ thmeythmey.com