ជាតិ
ស្ថានទូត​អាមេរិក​នៅ​កម្ពុជា បន្ត​ឧបត្ថម្ភ​សិស្ស​ក្រីក្រ​កម្ពុជា​ឲ្យ​បានការ​សិក្សា​ភាសា​អង់គ្លេស​
29, Dec 2017 , 9:19 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ សិស្សានុសិស្ស​ចំនួន​២៤​នាក់ មកពី​អង្គការ​ភាព​ញញឹម​នៃ​កុមារ សាលា​ជា ស៊ីម សាមគ្គី និង​សាលា​ផ្សេងៗ​ទៀត បានបញ្ចប់​ការសិក្សា​ភាសា​អង់គ្លេស​រយៈពេល​២​ឆ្នាំ ដែល​ឧបត្ថម្ភ​ដោយ​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា តាមរយៈ​កម្មវិធី អាហារ​រូបករណ៍​ខ្នាតតូច​ផ្នែក​ភាសា​អង់គ្លេស​។



​នៅក្នុង​ពិធី​បញ្ចប់​ការសិក្សា​ថ្នាក់​អាហារូបករណ៍​ខ្នាតតូច​នេះ នៅ​ព្រឹក​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០១៧ នៅ​សាលា American Education Center លោក William.A.Heidt ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក ប្រចាំ​កម្ពុជា បាន​ថ្លែងថា​ស្ថានទូត​សហរដ្ឋអាមេរិក មាន​មោទនភាព ដែល​បាន​ជួយឧបត្ថម្ភ​ដល់​កម្មវិធី​អាហារូបករណ៍​ខ្នាតតូច​ផ្នែក​ភាសា​អង់គ្លេស​រយៈពេល​២​ឆ្នាំនេះ​។ បើតាម​លោក​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក  គិត​ចាប់តាំងពី​ឆ្នាំ​២០០៤ មាន​សិស្ស​កម្ពុ​ជាជាង​១,២០០​នាក់ បាន​សិក្សា​ភាសា​អង់គ្លេស​តាមរយៈ​កម្មវិធី​នេះ​។



​សម្រាប់ លោក​ឯកអគ្គរដ្ឋទូត ការតាំង​ចិត្ត​រៀន​ភាសារ​អង់គ្លេស​របស់​សិក្សា​នុ​សិស្ស នឹង​ជួយ​ឲ្យ​ពួកគេ​សម្រេច​គោលដៅ​ជាច្រើន​ទៀត នៅពេល​ពួកគេ​បន្ត​ការសិក្សា​នៅ​មហាវិទ្យាល័យ និង​ងាយស្រួល​ក្នុងការ​អភិវឌ្ឍ​ដល់​ប្រទេស​ផង​។

​លោកស្រី ម៉ូ​នី​កា ដាវី​ស មន្ត្រី​ទទួលបន្ទុក​ផ្នែក​កិច្ចការ​វប្បធម៌ បាន​ឲ្យ​ដឹងថា កម្មវិធីសិក្សា​អាហារូបករណ៍រយៈពេល​២​ឆ្នាំនេះ ចាប់ផ្តើម​ពី​ឆ្នាំ​២០០៤ មក ដើម្បី​ជួយ​ដល់​ក្រុម​កុមារ​តាម​អង្គការ កុមារ​ខ្វះ​លទ្ធភាព ក្នុងការ​ចូលរៀន ដើម្បី​ឲ្យ​ពួកគេ​បាន​ចេះ​ភាសារ​អង់គ្លេស អាច​រស់នៅ​ចុះ​ក្នុងសង្គម និង​អាច​ប្រកួតប្រជែង ក្នុង​មុខ​ជំនួញ​ណាមួយ​ក្នុងពេល​អនាគត​។ សម្រាប់​មន្ត្រី​ទទួលបន្ទុក​ផ្នែក​កិច្ចការ​វប្បធម៌ ចំណេះ​ផ្នែក​ភាសា​អង់គ្លេស នឹង​ជួយ​ឲ្យ​ពួកគេ​មានលទ្ធភាព​ចូលរួម​នៅក្នុង​សង្គម ប្រកបដោយ​ទំនុកចិត្ត និង​ភាពទំនើប​។​



​តាម​លោកស្រី ម៉ូ​នី​កា ដាវី​ស ចាប់តាំងពី​ពេល​ចាប់ផ្តើម កម្មវិធី​នេះ បាន​ចំណាយ​ថវិកា​អស់​ប្រមាណ ១,២​លាន​ដុល្លារ ហើយ​អ្នក​ដែល​ទទួលបាន​អាហារូបករណ៍ ភាគច្រើន ជា​សិស្ស​នៅតាម​អង្គការ សិស្ស​ទីទ័លក្រ និង​មកពី​តាម​សាលា​ផ្សេងៗ​។ តាម​អ្នកស្រី ដាវី​ស ខេត្ត​គោលដៅ​បន្ទាប់​នៃ​កម្មវិធី​អាហារូបករណ៍​រយៈពេល​២​ឆ្នាំ ឧបត្ថម្ភ​ដោយ​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​នេះ នឹង​បន្ត​ឆ្ពោះទៅកាន់​ខេត្ត​ចំនួន​៣ គឺ​ខេត្ត​ត្បូងឃ្មុំ ខេត្តកំពង់ឆ្នាំង និង​ខេត្តបាត់ដំបង​៕


Tag:
 អប់រំ​
  ​ស្ថានទូត​អាមេរិក​
  ​ភាសា​អង់គ្លេស​
  William.A.Heidt
  ​ភ្នំពេញ​
© រក្សាសិទ្ធិដោយ thmeythmey.com