អន្តរជាតិ
ចិន​ទាត់ចោល​ព័ត៌មាន​ផ្សាយ​ថា​កប៉ាល់​ខ្លួន​លួច​ដឹក​ប្រេង​ឲ្យ​កូរ៉េខាងជើង​
30, Dec 2017 , 8:39 pm        
រូបភាព
​ក្រុង​ប៉េកាំង​បាន​ទាត់ចោល​ព័ត៌មាន​ដែល​ផ្សាយ​ថា កប៉ាល់​របស់ខ្លួន​បាន​លួចលាក់​ដឹក​ប្រេង​ទៅ​ឲ្យ​កប៉ាល់​កូរ៉េខាងជើង ផ្ទុយ​ពី​ដំណោះស្រាយ​របស់​ក្រុមប្រឹក្សាសន្តិសុខ​ដែល​ហាមប្រាម​ការផ្ទេរ​ទំនិញ​គ្រប់​ប្រភេទ​ពី​កប៉ាល់​ប្រទេសមួយ​ទៅ​ឲ្យ​កប៉ាល់​របស់​កូរ៉េខាងជើង​។ ការបកស្រាយ​នេះ ធ្វើឡើង​មួយថ្ងៃ ក្រោយ​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ បង្ហាញ​ការខកចិត្ត ក្រោយ​លេច​ឮថា ចិន​បន្ត​អនុញ្ញាត​ឲ្យ​មានការ​នាំចូល​ប្រេង​ទៅ​កូរ៉េខាងជើង​។​



​គ្មាន​ឡើយ​កប៉ាល់​ចិន​ដឹក​ប្រេង​ទៅ​ឲ្យ​កប៉ាល់​កូរ៉េខាងជើង​។ នេះ​ជា​ចម្លើយ​របស់​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន ទៅនឹង​សំណួរ​ជុំវិញ​ព័ត៌មាន​ថា មាន​កប៉ាល់​ចិន​មួយគ្រឿង​បាន​ដឹក​ប្រេង​ទៅ​ឲ្យ​កប៉ាល់​កូរ៉េខាងជើង​ក្នុង​ដែនទឹក​អន្តរជាតិ​។ ព័ត៌មាន​នេះ​ធ្វើ​ឲ្យ​លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ អន់ចិត្ត​យ៉ាងខ្លាំង ព្រោះតែ​ចិន​មិន​សហការ​ដាក់ទណ្ឌកម្ម​លើ​កូរ៉េខាងជើង ដែល​បន្ត​មហិច្ឆតា​អភិវឌ្ឍ​នុយក្លេអ៊ែរ​អាច​បាញ់​ដល់​ទឹកដី​អាមេរិក​។​

​ប្រភពព័ត៌មាន​នានា​ផ្សាយ​ថា នៅ​ថ្ងៃទី​១៩ ខែតុលា កប៉ាល់​ចិន​មួយគ្រឿង​បាន​ដឹកជញ្ជូន​ប្រេង​ដោយ​លួចលាក់​ទៅ​ឲ្យ​កប៉ាល់​កូរ៉េខាងជើង​ក្នុង​សមុទ្រ​អន្តរជាតិ​។ មកដល់​ថ្ងៃទី​២៩ ខែធ្នូ មន្ត្រី​កូរ៉េខាងត្បូង និយាយថា កូរ៉េខាងត្បូង​ឃាត់​កប៉ាល់​ហុងកុង​មួយគ្រឿង​ដែល​ជាប់​សង្ស័យថា​លួច​ដឹក​ប្រេង​ចម្រាញ់​រួច​ទៅ​ឲ្យ​កប៉ាល់​កូរ៉េខាងជើង​ដូចគ្នា​។

​ក្នុង​សន្និសីទ​សារព័ត៌មាន​ថ្ងៃទី​២៩ ខែធ្នូ លោកស្រី Hua Chunying អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​និយាយថា ជុំវិញ​ព័ត៌មាន​ខាងលើ ចិន​បាន​ស៊ើបអង្កេត​ភា្ល​មៗ និង​បាន​រកឃើញថា ព័ត៌មាន​ទាំងនោះ​មិនមែនជា​ការពិត​ឡើយ​។ លោកស្រី Hua Chunying បញ្ជាក់ថា តាំងពី​ខែសីហា​មក នាវា​ជាប់​សង្ស័យ​ខាងលើ​មិនដែល​ចូល​ចត ឬ​ចាក​ចេញពី​កំពង់ផែ​ចិន​ឡើយ ហើយ​ចិន​ក៏​មិនដឹងថា​កប៉ាល់​នេះ​ធ្លាប់​ចូល​ចត​កំពង់ផែ​ប្រទេស​ផ្សេង​ដែរ​។​

​ឆ្លៀត​ពេលនោះ អ្នកនាំពាក្យ​ដដែល​នេះ​ក៏បាន​ប្រកាស​ជាថ្មីទៀត​ពី​ជំហរ​របស់​ចិន​ក្នុង​អនុវត្ត​ដំណោះស្រាយ​នានា​របស់​ក្រុមប្រឹក្សាសន្តិសុខ និង​បំពេញ​តាម​កាត​ព្វ​អន្តរជាតិ​របស់ខ្លួន​។ លើសពីនោះ ចិន​ក៏​មិន​អនុញ្ញាត​ឲ្យ​ជនជាតិ និង​ក្រុមហ៊ុន​របស់ខ្លួន ចូលរួម​ក្នុង​សកម្មភាព​ទាំងឡាយណា​ដែល​បំពាន​ដំណោះស្រាយ​ក្រុមប្រឹក្សាសន្តិសុខ​ដែរ​។ ក្នុងករណី​បំពាន ជនជាតិ​ចិន ឬ​ក្រុមហ៊ុន​ទាំងនោះ​នឹង​ទទួលខុសត្រូវ​តាមផ្លូវ​ច្បាប់​មិន​ខាន​។​

​អ្នកនាំពាក្យ​ខាងលើ​ក៏​ឆ្លៀត​និយាយ​ឌឺដង​ដាក់​អាមេរិក ដែលមាន​ជំហរ​ក្នុងការ​ដាក់ទណ្ឌកម្ម​លើ​កូរ៉េខាងជើង​តែមួយ​មុខ ខណៈដែល​ដំណោះស្រាយ​របស់​ក្រុមប្រឹក្សាសន្តិសុខ​ក៏​ស្នើ​ឲ្យ​មានការ​ដោះស្រាយ​បញ្ហា​នុយក្លេអ៊ែរ​កូរ៉េខាងជើង​តាមផ្លូវ​សន្តិភាព​ផងដែរ​។ ចិន​បានស្នើ​ឲ្យ​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ត្រូវអនុវត្ត​ដំណោះស្រាយ​ឲ្យ​បាន​ពេញលេញ ដើម្បី​ជំរុញ​ដំណើការ​រំសាយ​នុយក្លេអ៊ែរ និង​ការកសាង​សន្តិភាព​នៅ​ឧបទ្វីប​កូរ៉េ​៕ 


Tag:
 ចិន​
  កូរ៉េខាងជើង​
  អាមេរិក​
  ដូ​ណា​ល់ ត្រាំ
© រក្សាសិទ្ធិដោយ thmeythmey.com