ជាតិ
បទយកការណ៍ / បទសម្ភាសន៍
យុវជន​គួរ​ផ្តើម​គិត​រឿង​រៀបការ​នៅ​អាយុ​២៥​ឆ្នាំ តែ​កុំ​យក​កូន​ភ្លាម​ឲ្យ​សោះ ព្រោះ​...
31, Dec 2017 , 8:19 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ លោក Christopher Lee អ្នកឯកទេស​ផ្នែក​អភិវឌ្ឍន៍​មនុស្ស យល់ស្រប​ថា​ការជ្រើសរើស​ដៃគូ​ជីវិត​ពិតជា​សំខាន់​ណាស់ ក្នុង​ជីវិត​រស់នៅ ព្រោះ​ការ​រើស​ដៃគូ​ខុស នឹងធ្វើ​ឲ្យ​មាន​វិប្បដិសារី និង​មិន​រីករាយ​ពេញ​មួយជីវិត​។ ជា​ស្ថាបនិក​អង្គការ​HEDC​អន្តរជាតិ​ផង លោក Lee បន្ថែមថា​ការជ្រើសរើស​ដៃគូ​ត្រឹមត្រូវ គឺ​ការ​រើស​ដោយ​ក្តី​ស្រឡាញ់ និង​មាន​ចរិត​ត្រូវ​គ្នា​។ លោក Lee លើកទឹកចិត្ត​យុវជន​បច្ចុប្បន្ន​ឲ្យ​គិតគូរ​រឿង​រៀបការ ក្នុង​អាយុ​ចាប់ពី​២៥​ឆ្នាំទៅ ព្រោះ​វ័យ​នេះ​គឺជា​វេលា​ស័ក្តិសម ប៉ុន្តែ​ចូរ​កុំ​យក​កូន​ភ្លាមៗ ក្រោម​រៀបការ គឺ​ត្រូវ​ចំណាយ​ពី​១​ឆ្នាំ ទៅ​២​ឆ្នាំ​ទៀត​សិន ស្វែងយល់​ពី​ទំនាក់ទំនង​រវាង​ប្តី​ប្រពន្ធ​។



​សូម​អញ្ជើញ​អាន​បទ​សម្ភាស រវាង​លោក ទីន សុខ​លីម អ្នកកាសែត នៃ​សារព័ត៌មាន​អេឡិចត្រូនិក​ថ្មីៗ និង​លោក Christopher Lee អ្នកឯកទេស​ផ្នែក​អភិវឌ្ឍន៍​មនុស្ស ខាងក្រោម​៖

​លោក ទីន សុខ​លីម​៖ តើ​លោក​យល់​បែបណា ចំពោះ​ការជ្រើសរើស​ដៃគូ​ជីវិត​នាពេល​បច្ចុប្បន្ន​? 

​លោក Christopher Lee ៖ កាលពីមុន មនុស្ស​មាន​សេរីភាព​តិចជាង​បច្ចុប្បន្ន ហើយ​ក្មេងស្រី មិនត្រូវ​បានអនុញ្ញាត​ឲ្យ​ជួប​មនុស្ស​ប្រុស​ទេ​។ ធម្មតា​ចាស់ៗ​ជួបគ្នា ក៏​ណែនាំ​កូន​របស់​ពួកគាត់​ថា​គួរតែ​រៀបការ​ជាមួយ​អ្នកណា ហើយ​កូនៗ​ក៏​ទទួល​ការផ្គូផ្គង​បែបនេះ​។ ប៉ុន្តែ​បច្ចុប្បន្ន​យុវវ័យ​មាន​សេរីភាព​ជាង​មុន ហើយ​ពួកគេ​មិន​ទទួលយក​ការចាប់​គូរ​បស់​ឪពុកម្តាយ​ដែរ​។ ការផ្គូផ្គង​របស់​ឪពុកម្តាយ​កាលពីមុន​ក៏ត្រូវ​ខ្លះ​ដែរ ប៉ុន្តែ​បច្ចុប្បន្ន បើ​ឪពុកម្តាយ​នៅតែ​ធ្វើបែបនេះ​ទៀត ភាគច្រើន​គឺ​បរាជ័យ​។ ការស្រាវជ្រាវ​មួយ​នៅ​ប្រទេស​អូស្ត្រាលី​ទៅលើ​អ្នកជំងឺ បាន​បង្ហាញថា ភាព​សោកស្តាយ​បំផុត​មុនពេល​ដែល​ពួកគេ​ស្លាប់ ដោយសារ​ពួកគេ​មិនបាន​រស់នៅ​ជាមួយនឹង​ជីវិត​ខ្លួនឯង​ចង់​។ នៅ​ក្នុងន័យនេះ បើ​យើង​មិនបាន​រស់នៅ​នឹង​ជីវិត​ខ្លួនឯង​ចង់​បានទេ យើង​នឹងមិន​រីករាយ​ទេ​។ 

​លោក ទីន សុខ​លីម​៖ តើ​ការជ្រើសរើស​ដៃគូ​ជីវិត មាន​សារៈសំខាន់​យ៉ាងដូចម្តេច​?

​លោក Christopher Lee ៖ សារៈសំខាន់​បំផុត គឺ​សេចក្តី​រីករាយ និង​សុភមង្គល​នៅក្នុង​ជីវិត​។ ប្រសិនបើ​យើង​រៀបការ​ជាមួយ​អ្នក​ដែល​យើង​មិន​ស្រឡាញ់ នោះ​ធ្វើ​ឲ្យ​អាពាហ៍ពិពាហ៍​ក្លាយជា​កាតព្វកិច្ច​ទៅវិញ​។ អាពាហ៍ពិពាហ៍ គួរតែ​សេចក្តីសោមនស្ស​នៅក្នុង​ជីវិត​។ ពេលខ្លះ​គួរ​ឲ្យ​អស់សំណើច​ដែរ នៅពេលដែល​ប្តី​ប្រពន្ធ រស់នៅ​ជាមួយគ្នា​ក្នុងផ្ទះ ប៉ុន្តែ​ហាក់បីដូចជា​មនុស្ស​មិនដែល​ស្គាល់គ្នា​សោះ​។ សកម្មភាព​នេះ  មិន​ត្រឹមតែ​ប៉ះពាល់​ទំនាក់ទំនង​រវាង​ប្តី និង​ប្រពន្ធ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ប៉ះទង្គិច​អារម្មណ៍​របស់​កូនៗ​ផងដែរ ព្រោះថា​ឪពុកម្តាយ​ត្រូវ​ស្រឡាញ់គ្នា​ទៅវិញទៅមក ដើម្បី​ជា​គំរូ​ដល់​កូន​។​

​លោក ទីន សុខ​លីម​៖ តើ​ធ្វើ​យ៉ាងដូចម្តេច ដើម្បី​ជ្រើសរើស​ដៃគូ​ជីវិត​ឲ្យ​បាន​ត្រឹមត្រូវ​?


​លោក Christopher Lee ៖ មាន​មធ្យោបាយ​មួយ ដើម្បី​ជ្រើសរើស​ដៃគូ​ស្រករ​ដែល​ត្រឹមត្រូវ គឺ​យើង​ត្រូវ​សួរ​ខ្លួនឯង​ថា ហេតុអ្វី​បានជា​យើង​ត្រូវ​រស់នៅ​ជាមួយគ្នា​ជា​ប្តី​ប្រពន្ធ​? មូលហេតុ​មួយ​ដែល​ធ្វើ​ឲ្យ​មនុស្ស​អាច​រស់នៅ​ជាមួយគ្នា​ពេញ​មួយជីវិត គឺ​ក្តី​ស្រឡាញ់​។ ចូរ​កុំ​ជ្រើសរើស​ដោយសារ​ទ្រព្យសម្បត្តិ តួនាទី និង​សុវត្ថិភាព​។ ខ្ញុំ​ផ្តាំ​ទៅ​យុវជន​ថា ការ​រៀបការ​ជាមួយគ្នា​ត្រូវមាន​មូលហេតុ​តែមួយគត់ គឺ​ក្តី​ស្រឡាញ់ បើ​មិន​ដូច្នោះ យើង​នឹង​សោកស្តាយ​នៅក្នុង​ជីវិត​។ បន្ទាប់មក​ត្រូវ​គិតពី​ចរិតលក្ខណៈ ព្រោះ​បញ្ហា​លែងលះ​ដែល​ធំ​បំផុត​នៅក្នុង​គ្រួសារ កើតចេញពី​ការផ្តើម​រិះគន់​រវាង​គ្នា​នៃ​គូ​ស្វាមីភរិយា​នោះ​។ ត្រូវ​ជ្រើសរើស​មនុស្ស​ដែល​ចិត្តល្អ ចេះ​អធ្យាស្រ័យ​ចំពោះ​អ្នកដទៃ និង​ជឿជាក់​លើ​ខ្លួនឯង និង​ជាម​នុស្ស​មិន​ស្តីបន្ទោស​។​



​លោក ទីន សុខ​លីម​៖ តើ​យើង​គួរ​មាន​ដៃគូ​ជីវិត ពេលណា​ទើប​ល្អ​?

​លោក Christopher Lee ៖ យើង​ត្រូវ​យល់ថា​ខួរក្បាល​របស់​មនុស្ស មានការ​អភិវឌ្ឍ​ពេញលេញ​នៅ​អាយុ​២៥​ឆ្នាំ ហើយ​មនុស្ស​អាច​សម្រេច​ចិត្ត​បានល្អ​នៅ​អាយុ​នេះ​។ កាលពី​ជំនាន់​មុន ឪពុកម្តាយ​ជ្រើសរើស​ដៃគូ​ជីវិត​ឲ្យ​កូន ហើយ​ចង់​ឲ្យ​កូន​រៀបការ​លឿន ពិសេស​កូនស្រី​។ ប្រហែលជា​គ្រានោះ កូន​គាត់​អាយុ​ពី​១៦ ទៅ​១៨​ឆ្នាំ ដែល​សម្រេចចិត្ត​មិនបាន​ល្អ ទើប​ឪពុកម្តាយ​សម្រេច​ជំនួស តែ​យុវជន​បច្ចុប្បន្ន មិន​សម្រេចចិត្ត​រៀបការ​លឿន​ទេ​។ សម្រាប់​គំនិត​ខ្ញុំ​ផ្ទាល់ គួរតែ​អាយុ​២៥​ឆ្នាំ​ជា​ឆ្នាំ​ដែល​ល្អ ហើយក៏​ពេល​ពួកគេ​ចាប់ផ្តើម​មានការ​ងារ​ធ្វើ​ដែរ​។ ជីវិត​ប្តី​ប្រពន្ធ​មានទំនាស់​ជាច្រើន កើតឡើង​ពី​ហិរញ្ញវត្ថុ ហើយ​បើទោះជា​រៀបការ​នៅ​អាយុ​២៥​ឆ្នាំ​ល្អ​ក៏ពិតមែន ប៉ុន្តែ​កុំ​យក​កូន​ភ្លាម​ឲ្យ​សោះ​។ ពួកគេ​គួរ​ចំណាយពេល សិក្សា​ពីគ្នា និង​សាង​ទំនាក់ទំនង​ឲ្យ​ល្អ ១​ឆ្នាំ ឬ​២​ឆ្នាំ​សិន មុននឹង​យក​កូន​។ បើ​យក​កូន​ភ្លាម វា​នឹងធ្វើ​ឲ្យ​ប្តី​ប្រពន្ធ​មិន​យល់​គ្នា​បាន​ច្រើន​។

​លោក ទីន សុខ​លីម​៖ មកដល់​នាទី​នេះ មាន​បុរសៗ​មួយចំនួន​ចង់បាន​ដៃគូ​នារី​ជាម​នុស្ស​ត្រឹមត្រូវ និង​នៅ​បរិសុទ្ធ ប៉ុន្តែ​ពួកគាត់​បែរជា​មិនបាន​ប្រតិបត្តិ​ខ្លួន​ឲ្យ​ត្រឹមត្រូវ ឬ​នៅ​បរិសុទ្ធ​ដូច​អ្វីដែល​គាត់​ចង់បាន​ពី​ភាគី​ម្ខាង​ទៀត​។ ហេតុអ្វី​?

​លោក Christopher Lee ៖ រឿង​ស្តង់ដា​ពីរ​ជាន់​នេះ មិនមែន​មានតែ​បច្ចុប្បន្ន​ទេ ពីមុន​ក៏​អ៊ីចឹង​ដែរ គឺ​បុរសៗ មាន​ស្រី​ខាងក្រៅ ហើយ​គាត់​រំពឹងថា​ភរិយា​របស់ខ្លួន​នោះ នឹងមាន​ភាព​បរិសុទ្ធ​។ ប៉ុន្តែ​បច្ចុប្បន្ន បុរស និង​នារី​មាន​សិទ្ធិ​ស្មើគ្នា ដូច្នេះ​ពួកគេ គួរតែ​តោង​ទទួលយក​ថា ភរិយា​របស់​ពួកគេ ក៏មាន​ស្តង់ដារ​ពីរ​ជាន់​ដែរ​។ សម្រាប់​ខ្ញុំ បើ​ស្រឡាញ់គ្នា ពួកគេ​គួរតែ​បំភ្លេចចោល​អតីតកាល ហើយ​គិតពី​អនាគត​វិញ​។ អ​តី​កាលដែល​កើតឡើង យើង​មិនចាំបាច់​រំឭក​វា​មកវិញ​ទេ​៕


Tag:
 Christopher Lee
 ​ ដៃគូ​ជីវិត​
 ​ គូស្រករ​
 ​ យុវជន​
 ​ រៀបការ​
  HEDC
© រក្សាសិទ្ធិដោយ thmeythmey.com