ពីនេះ ពីនោះ
«​ស្នើ​»,«​សូម​» និង​«​សុំ​» សម្រាប់​ប្រើ​ក្នុងន័យ​ណា​?
02, Jan 2018 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
​សាធារណជន​ខ្លះ​មិនបាន​ចាប់អារម្មណ៍​រវាង​ពាក្យ «​ស្នើ​»,«​សូម​» និង​«​សុំ​»​ថា​មាន​អត្ថន័យ​ខុសគ្នា​បែបណា​ឡើយ​។ នៅក្នុង​វចនានុក្រម​សម្តេចព្រះសង្ឃរាជ ជួន ណាត បានបញ្ជាក់​ពាក្យ​ទាំងអស់នេះ​មាន​អត្ថន័យ​ខុសគ្នា ហើយ​ការប្រើប្រាស់​ក៏​ខុសគ្នា​ដែរ​។



«​ស្នើ​»​មានន័យថា សួរ​ឲ្យ​ដឹង​មុន​, ពិគ្រោះ ឬ​ប្រឹក្សា​យោបល់​ជាមុនសិន​។ ឧទាហរណ៍​៖ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​បានស្នើ​ឲ្យ​ប្រជាពលរដ្ឋ​ចូលរួម​ថែរក្សា​ធម្មជាតិ និង​បរិស្ថាន​។ ម្យ៉ាងវិញទៀត​ពាក្យ «​ស្នើ​»​នេះ​គឺ​ប្រើ​ជាមួយនឹង​ឥស្សរជន គឺ​ក្រាប បង្គំ​ទូល​, ក្រាបទូល​, ទូល​, ជម្រាប ឲ្យ​ដឹង​ជាមុនសិន​។

«​សូម​»​មានន័យថា វាចា​ដែល​បញ្ចេញ ឬ​សម្តែង​ឫកពា​ឲ្យ​គេ​ធ្វើតាម​អ្វីដែល​ខ្លួន​ចង់បាន ឬ​ត្រូវការ ដូចជា សូមមេត្តា​, សូម​អធ្យាស្រ័យ​, សូម​អភ័យទោស​។ ឧទាហរណ៍​៖ សូម​អធ្យាស្រ័យ​!​ជួយ​ទិញ​កាហ្វេ​ឲ្យ​ខ្ញុំ​បន្តិច​មក​។

​ចំណែក​ពាក្យ «​សុំ​»​គឺ​សំដៅលើ​ការនិយាយ​សុំ​អង្វរ​, សុំទោស​, សុំទាន ជាដើម​។ ឧទាហរណ៍​៖ សុំ​អង្វរ​!​អាណិត​ខ្ញុំ​ផង​។ សុំទោស​!​ដែល​ខ្ញុំ​មិនបាន​ទៅ​ចូលរួម​ពិធីជប់លៀង​របស់​អ្នក​៕ 


Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com