អន្តរជាតិ
គីម ជុង​អ៊ុន ថា អាមេរិក​មិន​វាយ​កូរ៉េខាងជើង​ទេ ព្រោះ​កូរ៉េខាងជើង​មាន​មី​ស៊ី​លបាញ់​ដល់​អាមេរិក​
01, Jan 2018 , 11:26 am        
រូបភាព
​មេដឹកនាំ​កំពូល​កូរ៉េខាងជើង គីម ជុង​អ៊ុន នៅ​ថ្ងៃទី​១ ខែមករា ឆ្នាំ​២០១៨ បាន​និយាយថា សង្គ្រាម​នៅ​ឧបទ្វីប​កូរ៉េ​នឹងមិន​កើតឡើង​ឡើយ ព្រោះ​អាមេរិក​មិន​ហ៊ាន​វាយប្រហារ​កូរ៉េខាងជើង​ទេ​។ អាមេរិក​មិន​ហ៊ាន​ដោយសារ​កូរ៉េខាងជើង​មាន​មី​ស៊ី​លអាច​ពាំ​ក្បាល​គ្រាប់​នុយក្លេអ៊ែរ ដែល​អាច​បាញ់​ដល់​គ្រប់ផ្នែក​របស់​អាមេរិក​។ សម្រាប់​ឆ្នាំ​២០១៨ លោក គីម ជុង​អ៊ុន ក៏បាន​ដាក់​ផែនការ​ផលិត​អាវុធ​នុយក្លេអ៊ែរ​ឲ្យ​បាន​ច្រើន​ថែមទៀត​។​



​នាឱកាស​ថ្លែងការណ៍​អបអរ​ឆ្នាំ​ថ្មី ២០១៨ ប្រមុខ​ដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន បាន​រំ​ឮ​ក​អាមេរិក​ពី​អានុភាព​យោធា​របស់​កូរ៉េខាងជើង ដែលមាន​សមត្ថភាព​ផលិត​មី​ស៊ី​ល​ចម្ងាយ​ឆ្ងាយ និង​អាច​បាញ់​ដល់​គ្រប់​ទីតាំង​ទាំងអស់​នៅលើ​ទឹកដី​អាមេរិក​។ បើតាម​លោក គីម ជុង​អ៊ុន ការ​មាន​មី​ស៊ី​ល​របៀបនេះ នឹង​ជួយ​ទប់ស្កាត់​​សង្គ្រាម​នៅ​ឧបទ្វីប​កូរ៉េ ដ្បិត​អាមេរិក​ញញើត​មិន​ហ៊ាន​ប្រកាសសង្គ្រាម​ជាមួយ​កូរ៉េខាងជើង​ទេ​។​

​ក្នុង​ឆ្នាំ​២០១៧ ក្រុង​ព្យុងយ៉ាង​បាន​សាកល្បង​មី​ស៊ី​ល​បាលី​ស្ទិ​ក​ជាច្រើនលើក និង​បាន​សាកល្បង​គ្រាប់បែក​អ៊ីដ្រូសែន​មួយ​គ្រាប់​ក្នុង​ខែកញ្ញា ខណៈដែល​សហគមន៍​អន្តរជាតិ​ថ្កោលទោស និង​ដាក់ទណ្ឌកម្ម​សឹង​ដក​ដ​ង្ហើ​មិន​រួចទៅហើយ​នោះ​។ នៅក្នុង​ខែវិច្ឆិកា កូរ៉េខាងជើង​ក៏បាន​ប្រកាស​ពី​ជោគជ័យ​ក្នុងការ​សាកល្បង​មី​ស៊ី​ល​ប្រភេទ​ថ្មី Hwasong-15 ដែល​អាច​បាញ់​ដល់​ទឹកដី​អាមេរិក ដែល​រឿងនេះ​ធ្វើ​ឲ្យ​រដ្ឋបាល​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ជ្រួលច្រាល​ខ្លាំង​។​

​ក្នុង​សារ​អបរ​អរ​ឆ្នាំ​ថ្មី លោក គីម ជុង​អ៊ុន បញ្ជាក់ថា ទឹកដី​អាមេរិក​ទាំងមូល​ស្ថិតក្នុង​រង្វង់​ដែល​នុយក្លេអ៊ែរ​កូរ៉េខាងជើង​បាញ់​ដល់ ហើយ​ប៊ូ​តុង​នុយក្លេអ៊ែរ គឺ​ស្ថិត​លើ​តុ​របស់លោក​ជានិច្ច​។ លោក គីម ចាត់ទុក​សម្ដី​របស់ខ្លួន ជាការ​ពិត មិនមែនជា​ការគំរាមកំហែង​អ្វី​ឡើយ ឯ​នុយក្លេអ៊ែរ​ប្រើ នៅពេល​មានការ​គំរាម​ប៉ុណ្ណោះ​។ លើសពីនេះ មេដឹកនាំ​វ័យក្មេង​រូបនេះ​ក៏​បញ្ជា​ឲ្យ​ផលិត​ក្បាល​គ្រាប់​នុយក្លេអ៊ែរ និង​មី​ស៊ី​ល​បាលី​ស្ទិ​ក​ឲ្យ​បាន​ច្រើន​ថែមទៀត​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Yonhap ។​

​ទន្ទឹមគ្នា​នេះដែរ លោក គីម ជុង​អ៊ុន ក៏​បង្ហាញ​ជំហរ​ទន់ភ្លន់​ដាក់​កូរ៉េខាងត្បូង ដោយ​និយាយថា ទ្វារ​សម្រាប់​ការចរចា​នៅតែ​បើកចំហ​។ មន្ត្រី​មកពី​កូរ៉េ​ទាំងពីរ​នឹង​ជួបគ្នា​ឆាប់ៗ​នេះ ដើម្បី​ពិភាក្សា​លើ​ការចូលរួម​ក្នុង​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​រដូវរងា​ររ​បស់​កូរ៉េខាងជើង ដែល​រៀបចំ​នៅ​ខែកុម្ភៈ ឆ្នាំ​២០១៨ ។ លោក គីម ចាត់ទុក​ព្រឹត្តិការណ៍​ពិភពលោក​នេះ ជា​ឱកាសល្អ​សម្រាប់​កូរ៉េ​ទាំងពីរ ហើយ​លោក​សង្ឃឹមថា ព្រឹត្តិការណ៍​នេះ​នឹងធ្វើ​ឡើង​ដោយ​ជោគជ័យ​។

​ប្រធានាធិបតី​កូរ៉េខាងត្បូង មូ​ន ចេ​អ៊ី​ន ធ្លាប់​លើកឡើង​ហើយ​ថា វត្តមាន​របស់​កូរ៉េខាងជើង​នឹង​ធានាបាន​ពី​សុវត្ថិភាព​របស់​ព្រឹត្តិការណ៍​អូឡាំពិក​លើក​នេះ ខណៈ​ប្រទេស​ជាច្រើន​បានបង្ហាញ​ក្ដីបារម្ភ​ថា កូរ៉េខាងជើង​អាច​អុកឡុក​ព្រឹត្តិការណ៍​នេះ​មិន​ខាន​ដូចជា​ការបាញ់​មី​ស៊ី​ល​ជាដើម​ផង​។ យ៉ាងណាមិញ គេ​មិណទាន់​ច្បាស់​ថា កូរ៉េខាងជើង​នឹង​បញ្ជូន​ប្រតិភូ​របស់ខ្លួន​ចូលរួម​កម្មវិធី​នេះ​នៅឡើយ​ទេ ឯ​ការចរចា​រវាង​កូរ៉េ​ទាំងពីរ​ក៏​មិនទាន់​ច្បាស់​ដែរ​៕


Tag:
 អាមេរិក​
  កូរ៉េខាងជើង​
  គីម ជុង​អ៊ុន​
  ដូ​ណា​ល់ ត្រាំ​
© រក្សាសិទ្ធិដោយ thmeythmey.com