អន្តរជាតិ
ម៉ា​ក្រុង​អំពាវនាវ​ឲ្យ​ប្រជាជន​បារាំង​ពង្រឹង​ឯកភាព​ជាតិ និង​ប្តេជ្ញា​ពង្រឹង​ឥទ្ធិពល​បារាំង​ឡើងវិញ​
01, Jan 2018 , 9:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ប្រធានាធិបតី​បារាំង​លោក អេ​ម៉ា​នុយ​អែល ម៉ា​ក្រុង បាន​អំពាវនាវ​ទៅកាន់​ប្រជាជន​បារាំង​ឲ្យ​កសាង​ស្មារតី​រួបរួម​និង​ឯកភាព​ជាតិ ហើយ​លោក​បាន​សន្យា​ជាថ្មី​ថា រដ្ឋាភិបាល​លោក​នឹង​បន្ត​ការកែទម្រង់​ស្ថាប័ន​ដើម្បី​ធានា​ឲ្យ​បាន​នូវ​ការកសាង​អំណាច​និង​ឥទ្ធិពល​បារាំង​ឡើងវិញ​។  មេដឹកនាំ​រូបនេះ​ថ្លែង​ដូច្នេះ​ក្នុង​សុន្ទរកថា​របស់ខ្លួន​ស្វាគមន៍​ឆ្នាំ​ថ្មី​។



​ពី​វិមាន Elysee នៅ​ថ្ងៃអាទិត្យ​មុន​ឆ្លង​ឆ្នាំ​២០១៧​ចូល​២០១៨ ប្រធានាធិបតី​បារាំង​លោក អេ​ម៉ា​នុយ​អែល ម៉ា​ក្រុង បាន​អំពាវនាវ​ឲ្យ​ប្រជាជន​បារាំង​គ្រប់​ស្រទាប់វណ្ណៈ​រក្សា​ឯកភាព​ជាតិ​ប្រឆាំង​ចលនា​ជាតិនិយម​ជ្រុល និង​ប្តេជ្ញា​បន្ត​ការកែទម្រង់​របស់ខ្លួន​កន្លងមក​ដើម្បី​ពង្រឹង​អំណាច​និង​ឥទ្ធិពល​នៃ​សង្គម​បារាំង​ឡើងវិញ​។​

​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP ប្រធានាធិបតី​បារាំង​វ័យ ៤០​ឆ្នាំនេះ​បាន​ថ្លែង​ដូច្នេះ​៖« ការផ្លាស់ប្តូរ​ដ៏​គួរ​ឲ្យ​កត់សម្គាល់​នេះ​នឹង​បន្ត​ទៅមុខទៀត​ក្នុង​កម្រិត ល្បឿន និង​ជំហាន​ដូចគ្នានេះ​។ ខ្ញុំ​សន្យា​បន្ត​ប្រឹងប្រែង​បន្តការងារ​ទៀត​ដោយសារ​អ្នក​ទាំងអស់គ្នា​បោះឆ្នោត​ផ្តល់​សេចក្តីទុកចិត្ត​ដល់​ខ្ញុំ​ផ្ទាល់​។ 

​អេ​ម៉ា​នុយ​អែល ម៉ា​ក្រុង ដែល​ទើប​ឡើងកាន់តំណែង​ខែឧសភា​កន្លងមក​នោះ បាន​សង្កត់ធ្ងន់​ផងដែរ​ថា​រដ្ឋបាល​លោក​នឹង​បន្ត​ផ្តោត​ការយកចិត្តទុកដាក់​លើ​ប្រជាជន​ដែល​មិនត្រូវ​បាន​គេ​យកចិត្តទុកដាក់​ឬ​ជា​ជនរងគ្រោះ​នៃ​ការលូតលាស់​នៃ​សង្គម​។ ដូច្នេះហើយ លោក​នឹង​បន្ត​អនុវត្ត​គោលនយោបាយ​គាំទ្រ​ធុរកិច្ច​ដែល​ធានាបាន​នូវ​ការបង្កើត​ការងារ និង គម្រោង​ថែទាំ​សង្គម​ដែល​គ្របដណ្តប់​លើ​វិស័យ​សុខាភិបាល និង​លំនៅដ្ឋាន​សម្រាប់​ប្រជាជន​ដែល​គ្មាន​ជម្រក និង​ប្រជាជន​ដែល​ត្រូវការ​ជំនួយ​ផងដែរ​។​

​ដោយឡែក មេដឹកនាំ​វ័យក្មេង​ដែលមាន​និន្នាការ​កណ្តាល​និយម​នេះ​បាន​បន្តថា លោក​នឹងធ្វើ​ឲ្យ​បារាំង​ខ្លាំង​ជាមុន និង​មាន​យុត្តិធម៌​ជាង​មុន ហើយ​លោក​ឆ្លៀតឱកាស​អំពាវនាវ​ឲ្យ​ប្រជាជន​បារាំង​កសាង​ស្មារតី​នៃ​ការរួបរួម និង​ឯកភាព​ជាតិ​ផងដែរ​នៅ​អនាគត​។ លោក ម៉ា​ក្រុង ក៏បាន​ទទូច​ឲ្យ​ប្រជាជន​បារាំង ក៏ដូចជា​អឺរ៉ុប​ឲ្យ​បន្ត​ប្រឆាំង​ចលនា​ជាតិនិយម​ជ្រុល​ដែល​ធ្វើ​ឲ្យ​បារាំ និង​អឺរ៉ុប​បែកខ្ញែក​ក្នុង​ទន់ខ្សោយ​ផងដែរ​។​

«​អឺរ៉ុប​ល្អ​សម្រាប់​បារាំង​។ បារាំង​មិនអាច​ទទួលជោគជ័យ​ឡើយ​បើសិនជា​មិនមាន​សហភាព​អឺរ៉ុប​ដែល​ខ្លាំង​នោះ​។ យើង​មិនអាច​ទោរទន់​ចំពោះ​ចលនា​ជាតិនិយម​ឡើយ​។ ការបន្ត​សន្ទនារ​ជាមួយ​មិត្ត​អាល្លឺម៉ង់​ជា​រឿង​ចាំបាច់​សម្រាប់​ការលូតលាស់​នៃ​អឺរ៉ុប​»​។​


Tag:
 បារាំង​
  អេ​ម៉ា​នុយ​អែល ម៉ា​ក្រុង​
© រក្សាសិទ្ធិដោយ thmeythmey.com