អន្តរជាតិ
ត្រាំ គំរាម​ផ្ដាច់ជំនួយ​ប៉ា​គី​ស្ថាន ព្រោះ​យកលុយ​អាមេរិក​តែ​មិន​ជួយ​កម្ចាត់​ក្រុម​ភេរ​វករ​
02, Jan 2018 , 10:31 am        
រូបភាព
​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ នៅ​ថ្ងៃទី​១ ខែមករា បាន​រិះគន់​សម្ព័ន្ធមិត្ត​អាស៊ី​ខាងត្បូង​របស់ខ្លួន គឺ​ប៉ា​គី​ស្ថាន ដែល​មិនបាន​ជួយ​កម្ចាត់​ក្រុម​ភេរវ​ករ​អាល់ កៃ​ដា អ្វី​ទេ ហើយ​បែរជា​ក្លាយជា​ឋានសួគ៌​របស់​ក្រុម​ភេរ​វករ​ទៅទៀត​។ លោក ត្រាំ ថែមទាំង​គំរាម​កាត់​ជំនួយ​សម្រាប់​ប៉ា​គី​ស្ថាន​ផងដែរ ព្រោះ​អាមេរិក​មិន​ទទួលបាន​ផល​តបស្នង​អ្វី​សោះ​ពី​ជំនួយ​របស់ខ្លួន ក្រៅពី​ការ​កុហក​បោកប្រាស់​នោះ​។ យ៉ាងណាក្ដី ប៉ា​គី​ស្ថាន​បាន​ទាត់ចោល​ការចោទប្រកាន់​នេះ និង​ថា ខ្លួន​ប្រឹងប្រែង​ខ្លាំងណាស់​។​



​សារ​ទីមួយ​លើ​បណ្ដាញ​សង្គម Twitter សម្រាប់​ឆ្នាំ​២០១៨ មេដឹកនាំ​អាមេរិក ដូ​ណា​ល់ ត្រាំ បាន​វាយប្រហារ​ប៉ា​គី​ស្ថាន ដែល​លោក​ចាត់ទុកជា​ឋានសួគ៌​លោកិយ​សម្រាប់​ក្រុម​ភេរ​វករ​។ លោក ត្រាំ បាន​ចោទ​ប៉ា​គី​ស្ថាន​ថា យកលុយ​ជំនួយ​អាមេរិក​រាប់ពាន់​លាន​ដុល្លារ តែ​មិន​ជួយ​បោសសម្អាត​ក្រុម​ភេរ​វករ​អ្វី​សោះ​។ សារ​លើក​នេះ គឺជា​ដាក់បន្ទុក​ថ្មី​លើ​ក្រុង​អ៊ី​ស្លា​ម៉ា​បាដ ដែលជា​ដៃគូ​អាមេរិក​ក្នុង​តំបន់​អាស៊ី​ខាងត្បូង​សម្បូរ​ដោយ​ក្រុម​ភេរវកម្ម​។​

«​អាមេរិក​បានផ្ដល់​ជំនួយ​ឲ្យ​ប៉ា​គី​ស្ថាន​ដោយ​មិន​គិត​អ្វី​អស់​ចំនួន​៣៣​ពាន់​លាន​ដុល្លារ​ក្នុង​រយៈពេល​ជាង​១៥​ឆ្នាំ​ចុងក្រោយ តែ​ពួកគេ​គ្មាន​ផ្ដល់​អ្វី​ឲ្យ​អាមេរិក​វិញ​ទេ មានតែ​ការ​កុហក​បោកប្រាស់ និង​គិតថា មេដឹកនាំ​អាមេរិក​ជា​មនុស្ស​ភ្លីភ្លើ​។ ពួកគេ​ផ្ដល់​ជម្រក​សុវត្ថិភាព​ដល់​ពួក​ភេរវ​ករ​ដែល​អាមេរិក​ប្រមាញ់​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​»​។ នេះ​ជា​សំណេរ​រិះគន់​លើ​បណ្ដាញ​សង្គម Twitter របស់លោក ត្រាំ នៅ​ថ្ងៃទី​១ ខែមករា​។​

​កាលពី​សប្ដាហ៍​មុន សារព័ត៌មាន​អាមេរិក​ផ្សាយ​ថា រដ្ឋបាល​ប្រធានាធិបតី ត្រាំ កំពុង​ពិចារណា​ដក​ជំនួយ​ក្នុង​ទំហំ​ទឹកប្រាក់​២៥៥​លាន​ដុល្លារ ដែល​ត្រូវបាន​បង្កក​រួចស្រេច​ជុំវិញ​បរាជ័យ​របស់​ក្រុង​អ៊ី​ស្លា​ម៉ា​បាដ​ក្នុង​យុទ្ធនាការ​បង្ក្រាប​ក្រុម​ភេរវកម្ម​នៅ​ប៉ា​គី​ស្ថាន​។ ដោយសារ​រឿងនេះ ទំនាក់ទំនង​រវាង​អាមេរិក និង​ប៉ា​គី​ស្ថាន​កាន់តែ​ល្អក់កករ ខណៈដែល​លោក ត្រាំ បាន​វាយប្រហារ​សម្ព័ន្ធមិត្ត​ខ្លួន​ជា​បន្តបន្ទាប់​។​

​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP ក្រោយ​ការវាយប្រហារ​របស់លោក ត្រាំ ក្រុង​អ៊ី​ស្លា​ម៉ា​បាដ ក៏​ចេញ មុខ​បកស្រាយ​វី​ញ និង​បានលើកឡើង​ពី​គុណសម្បត្តិ របស់ខ្លួន​ដែល​ជួយ​ទំនុកបម្រុង​អាមេរិក​រហូត មក​។ រដ្ឋមន្ត្រីការបរទេស​ប៉ា​គី​ស្ថាន Khawaja Muhammad Asif បាន​ឆ្លើយតប​វិញ​ថា លោក ត្រាំ គួរ​ឲ្យ​ជនជាតិ​អាមេរិក​ទទួលខុសត្រូវ​ចំពោះ​បរាជ័យ​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន ហើយ​ជំនួយ​អម្បាលម៉ាន របស់​អាមេរិក ត្រូវបាន​ពិនិត្យ​ត្រឹមត្រូវ ឯ​ប៉ា​គី​ស្ថាន​ក៏​បំពេញការងារ​របស់ខ្លួន​រួចរាល់​ដែរ​។

​ចំណែកឯ​រដ្ឋមន្ត្រី​ការពារជាតិ Khurram Dastgir Khan ក៏​បង្ហាញ​ការមិន​ពេញចិត្ត​នឹង​សម្ដី​លោក ត្រាំ ដែរ​។ លោក​និយាយថា ក្នុងនាម​ជា​សម្ព័ន្ធមិត្ត​ប្រឆាំង​ភេរវកម្ម ប៉ា​គី​ស្ថាន​អនុញ្ញាត​ឲ្យ​អាមេរិក​ប្រើប្រាស់​ធនធាន​របស់ខ្លួន​ដោយ​សេរី​មានដូចជា​មូលដ្ឋានទ័ព ព័ត៌មាន​ចារកម្ម ប្រព័ន្ធ​ទំនាក់ទំនង​ផ្លូវគោក និង​ផ្លូវអាកាស ប៉ុន្តែ​អ្វីដែល​ប៉ា​គី​ស្ថាន​ទទួលបាន​ត្រឡប់មកវិញ គឺ​សម្ដី​ទ្រគោះបោះបោក និង​ការមិនទុកចិត្ត​ទៅវិញ​៕


Tag:
 អាមេរិក​
  ប៉ា​គី​ស្ថាន​
  ដូ​ណា​ល់ ត្រាំ​
  អាល់ កៃ​ដា
© រក្សាសិទ្ធិដោយ thmeythmey.com