អន្តរជាតិ
ក្រោយ គីម ជុង​អ៊ុន បង្ហាញ​ជំហរ​ចរចា កូរ៉េខាងត្បូង​ស្នើ​ជួបគ្នា​នៅ​សប្ដាហ៍​ក្រោយ​
02, Jan 2018 , 10:39 pm        
រូបភាព
លោក Cho Myoung-gyon រដ្ឋមន្រ្តីបង្រួបបង្រួមកូរ៉េ (រូបភាព៖ AFP)
លោក Cho Myoung-gyon រដ្ឋមន្រ្តីបង្រួបបង្រួមកូរ៉េ (រូបភាព៖ AFP)
​កូរ៉េខាងត្បូង​បានស្នើ​ទៅកាន់​កូរ៉េខាងជើង​ដើម្បី​បើក​កិច្ចប្រជុំ​មន្ត្រីជាន់ខ្ពស់​នៅ​សប្ដាហ៍​ក្រោយ​ស្ដីពី​វត្តមាន​របស់​កូរ៉េខាងជើង​ក្នុង​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​រដូវរងារ​ឆ្នាំ​២០១៨ ។ សំណើ​នេះ​ធ្វើឡើង​មួយថ្ងៃ ក្រោយ​មេដឹកនាំ​កំពូល​កូរ៉េខាងជើង គីម ជុង​អ៊ុន និយាយថា ក្រុង​ព្យុងយ៉ាង​បើកទ្វារ​ចរចា​ជានិច្ច និង​មានបំណង​បញ្ជូន​ប្រតិភូ​ចូលរួម​ព្រឹត្តិការណ៍​អន្តរជាតិ​ដ៏​ធំ​នេះ ដែល​ធ្វើឡើង​ក្នុង​ខែកុម្ភៈ​។ ពេលនេះ កូរ៉េខាងត្បូង​កំពុង​រង់ចាំ​ចម្លើយ​ពី​កូរ៉េខាងជើង​។​



​ដោយ​រង់ចាំ​ជា​យូរ​មកហើយ​នោះ កូរ៉េខាងត្បូង​បានផ្ដល់​ចម្លើយ​ភ្លាមៗ តប​នឹង​សំណើ​ចរចា​របស់​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន ។ នៅ​ថ្ងៃទី​២ ខែមករា រដ្ឋមន្ត្រីក្រសួង​បង្រួបបង្រួម​កូរ៉េ Cho Myoung-gyon បានស្នើ​ឲ្យ​មាន​ជំនួប​មន្ត្រីជាន់ខ្ពស់​កូរ៉េ​ទាំងពីរ​នៅ​ថ្ងៃទី​៩ ខែមករា នៅ​ភូមិ Panmunjom នៃ​តំបន់​ខណ្ឌ​ចែក​ឧបទ្វីប​កូរ៉េ​។ ប្រធានបទ​សំខាន់​នៃ​ជំនួប​នេះ គឺ​ការចូលរួម​ក្នុង​ព្រឹត្តិការណ៍​អូឡាំពិក​រដូវរងារ​នៅ​ទីក្រុង​ព្យុង​ឆាង ខែក្រោយ​។

​លោក Cho Myoung-gyon បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា កូរ៉េខាងត្បូង​សង្ឃឹមថា កូរ៉េ​ទាំងពីរ​អាច​អង្គុយ​ចុះ​ដើម្បី​ពិភាក្សា​ពី​វត្តមាន​របស់​កូរ៉េខាងជើង​ក្នុង​ពិធី​ដ៏​ធំ​នេះ ក៏ដូចជា​ជជែក​គ្នា​ដោយស្មោះ​ត្រង់​ដើម្បី​ទំនាក់ទំនង​អន្តរ​កូរ៉េ​។ បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Yonhap រដ្ឋមន្ត្រី​រូបនេះ​អះអាងថា ក្រុង​សេ​អ៊ូ​ល​មាន​ឆន្ទៈ​ដើម្បី​ចរច​ចា​ជាមួយ​ក្រុង​ព្យុងយ៉ាង មិន​ថា​នៅ​កន្លែង​ណា ពេលវេលា​ណា និង​មាន​កិច្ចប្រជុំ​កម្រិតណា​ឡើយ​។​

​សូមបញ្ជាក់ថា ក្នុងឱកាស​ថ្លែង​សារ​ឆ្នាំ​ថ្មី មេដឹកនាំ​វ័យក្មេង គីម ជុង​អ៊ុន បាន​និយាយ​ត្រង់​ថា ព្យុងយ៉ាង​ប្រកាន់​ជំហរ​ចរចា និង​ចង់​ចូលរួម​ព្រឹត្តិការណ៍​អូឡាំពិក​នៅ​កូរ៉េខាងត្បូង​។ ការប្រកាស​របស់​មេដឹកនាំ​កូរ៉េខាងជើង ទទួលបាន​ការ​សារ​ទរ​ខ្លាំង​ពី​សំណាក់​កូរ៉េខាងត្បូង ព្រោះ​កូរ៉េខាងត្បូង​ចង់ឃើញ​វត្តមាន​កូរ៉េខាងជើង​ក្នុង​ព្រឹត្តិការណ៍​ពិភពលោក​នេះ​ស្រាប់​ផង​។ វត្តមាន​របស់​ប្រតិភូ​កូរ៉េខាងជើង ជា​រឿង​ល្អ ព្រោះ​បង្ហាញថា អូឡាំពិក​ខែក្រោយ​មិនមាន​ការគំរាមកំហែង​ឡើយ​។​

​ក្នុងករណី​កូរ៉េខាងជើង​យល់ព្រម​តាម​សំណើ​កូរ៉េខាងត្បូង​មែន​នោះ ជំនួប​នៅ​សប្ដាហ៍​ក្រោយ​ដែល​រំពឹងថា​ចូលរួម​ដោយ​អនុរដ្ឋមន្ត្រី​មកពី​កូរ៉េ​ទាំងពីរ នឹង​ក្លាយជា​ជំនួប​លើកដំបូង គិត​ចាប់តាំងពី​ខែធ្នូ ឆ្នាំ​២០១៥ មក​។ ទោះជា​ប្រធាន​សំខាន់​ពេលនេះ​នឹង​ផ្ដោតលើ​ព្រឹត្តិការណ៍​កីឡា​ក្ដី ក្រុង​សេ​អ៊ូ​ល​ជឿជាក់ថា ជំនួប​នេះ​នឹង​បើកផ្លូវ​ដល់​ការចាប់ផ្ដើម​ឡើងវិញ​ការចរចា​អន្តរ​កូរ៉េ ដែល​ជាប់គាំង​រាប់សិប​ឆ្នាំ​មកហើយ​នោះ​។

​គេ​មិនទាន់​ដឹង​ទេ​ថា កូរ៉េខាងជើង​ដាក់​លក្ខខណ្ឌ​អ្វី​មក​ចរចា​ឡើយ​។ សម្រាប់​ខាង​សេ​អ៊ូ​ល​វិញ ហាក់​ត្រៀម​ទទួល​លក្ខខណ្ឌ​សមស្រប​ណាមួយ​ដើម្បី​ធានាថា កូរ៉េខាងជើង​នឹងមាន​វត្ត​មាននៅ​ទីក្រុង​ព្យុងយ៉ាង​នៅ​ខែក្រោយ​នេះ​។ ដើម្បី​ឲ្យ​អូឡាំពិក​ឆ្នាំ​២០១៨ ធ្វើ​ដោយ​រលូន កូរ៉េខាងត្បូង​កំពុង​ពិភាក្សា​ជាមួយ​អាមេរិក​ដើម្បី​ផ្អាក​សមយុទ្ធ​យោធា​រួមគ្នា​ដ៏​ធំ​សិន សំដៅ​បញ្ចៀស​ភាព​តានតឹង​នៅ​ឧបទ្វីប​កូរ៉េ តែ​មិនទាន់មាន​លទ្ធផល​នៅឡើយ​៕ 


Tag:
 កូរ៉េខាងជើង​
  កូរ៉េខាងត្បូង​
  អាមេរិក​
  គីម ជុង​អ៊ុន
© រក្សាសិទ្ធិដោយ thmeythmey.com