អន្តរជាតិ
ក្រោយ​ប្រកាស​ប្ដូរ​ស្ថានទូត​ទៅ​ហ្ស៊េ​រុយ​សា​ឡិ​ម ត្រាំ ព្រមាន​ផ្ដាច់ជំនួយ​ឲ្យ​ប៉ា​ឡេ​ស្ទី​ន​
03, Jan 2018 , 8:39 pm        
រូបភាព
​មិនយូរប៉ុន្មាន​ក្រោយ​ប្រកាស​ប្ដូរ​ស្ថានទូត​ទៅកាន់​ទីក្រុង​ហ្ស៊េ​រុយ​សា​ឡិ​ម ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ បាន​គំរាម​ផ្ដាច់ជំនួយ​សម្រាប់​ប៉ា​ឡេ​ស្ទី​ន​។ លោក ត្រាំ លើក​ហេតុផល​ថា ប៉ា​ឡេ​ស្ទី​ន​លែង​ចង់​ចរចា​ជាមួយ​អ៊ីស្រាអែល​ទៀតហើយ ដូចនេះ​អាមេរិក​គ្មាន​ហេតុផល​ត្រូវ​ផ្ដល់ជំនួយ​ឲ្យ​ប៉ា​ឡេ​ស្ទី​ន​ទៀត​ដែរ​។



​ការ​គំរាម​កាត់​ជំនួយ​នេះ​ធ្វើឡើង បន្ទាប់ពី​លោក​ទើប​គំរាម​ផ្ដាច់ជំនួយ​ពី​ប៉ា​គី​ស្ថាន​ដែល​យកលុយ​អាមេរិក តែ​មិន​គោរព​អាមេរិក​អ្វី​សោះ​។​

​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ បានប្រកាស​តាម​បណ្ដាញ​សង្គម Twitter នៅ​ថ្ងៃទី​២ ខែមករា ថា អាមេរិក​អាច​ព្យួរ​ជំនួយ​ទឹកប្រាក់​សម្រាប់​ប៉ា​ឡេ​ស្ទី​ន​នៅពេល​ខាងមុខ ព្រោះ​ប៉ា​ឡេ​ស្ទី​ន​គ្មាន​បំណង​ចរចា​ជាមួយ​អ៊ីស្រាអែល​ទៀតឡើយ​។ តាមរយៈ​សំណេរ​ចំនួន​ពីរ​នៅលើ Twitter លោក ត្រាំ ចោទ​ប៉ា​ឡេ​ស្ទី​ន​ត្រង់ៗ​ថា មិន​គោរព​អាមេរិក​អ្វី​សោះ ទោះជា​ទទួល​លុយ​ជំនួយ​រាប់រយ​លាន​ពី​អាមេរិក​ក៏ដោយចុះ​។​

​ក្នុង​សារ Twitter ទីមួយ លោក ត្រាំ បញ្ជាក់ថា អាមេរិក​ផ្ដល់​លុយ​ឲ្យ​ប្រជាជន​ប៉ា​ឡេ​ស្ទី​ន​រាប់រយ​លាន​ក្នុង​មួយឆ្នាំ តែ​មិន​ទទួលបាន​ការសរសើរ និង​ការគោរព​ឡើយ ហើយ​ប៉ា​ឡេ​ស្ទី​ន​មិន​ចង់​ចរចា​លើ​កិច្ចព្រមព្រៀង​សន្តិភាព​ជាមួយ​អ៊ីស្រាអែល ដែល​ជាប់គាំង​ជាច្រើន​ឆ្នាំ​មកហើយ​។ ប្រធានាធិបតី​អាមេរិក​រូបនេះ​បាន​គំរាម​ក្នុង​សំណេរ​ទី​ពី​រថា ដោយសារ​ប៉ា​ឡេ​ស្ទី​ន​មិន​ចង់​ចរចា ហេតុអ្វី​អាមេរិក​ត្រូវ​ផ្ដល់ជំនួយ​ឲ្យ​ប៉ា​ឡេ​ស្ទី​ន​ទៀត​នោះ​។ 



​សូមបញ្ជាក់ថា ក្នុង​មួយឆ្នាំៗ អាមេរិក​បានផ្ដល់​ជំនួយ​ទឹកប្រាក់​ឲ្យ​អាជ្ញាធរ​ប៉ា​ឡេ​ស្ទី​ន​ចំនួន​ប្រហែល​៣០០​លាន​ដុល្លារ​។ ទន្ទឹមគ្នា​នោះ អាមេរិក​ក៏បាន​ផ្ដល់ជំនួយ​យោធា​ប្រចាំ​ឆ្នាំទៅ​ឲ្យ​អ៊ីស្រាអែល​មាន​ទំហំ​ទឹកប្រាក់​ចំនួន​៣,១​ពាន់​លាន​ដុល្លារ ប៉ុន្តែ​នៅ​ចុង​អាណត្តិ​របស់ខ្លួន លោក ប៉ា​រ៉ា​ក់ អូ​បា​ម៉ា សម្រេច​បង្កើន​ទំហំ​នេះ​ឲ្យ​ដល់​៣,៨​ពាន់​លាន​ដុល្លារ ដោយ​ចាប់ផ្ដើម​ពី​ឆ្នាំក្រោយ​ទៅ​។​

​ជុំវិញ​រឿង​កាត់​ជំនួយ​សម្រាប់​ប៉ា​ឡេ​ស្ទី​ន​នោះ អគ្គរដ្ឋទូត​អាមេរិក​ក​ប្រចាំ​អង្គការសហប្រជាជាតិ Nikki Haley និយាយថា លោក ត្រាំ មិន​ចង់​ផ្ដល់ជំនួយ​បន្ថែម​ឲ្យ​ប៉ា​ឡេ​ស្ទី​ន​ទៀត​ទេ ឬក៏​អាច​បញ្ឈប់​តែម្ដង រហូតដល់​ភាគី​ប៉ា​ឡេ​ស្ទី​ន​យល់ព្រម​ត្រឡប់​ចូល​តុ​ចរចា​វិញ​។ លោកស្រី Haley និយាយ​បែបនេះ ជាការ​ឆ្លើយតប​នឹង​សំណួរ​របស់​អ្នកសារព័ត៌មាន​ជុំវិញ​ជំហរ​របស់​អាមេរិក​ក្នុងការ​ផ្ដល់ជំនួយ​ទៅ​ឲ្យ​ស្ថាប័ន​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​ជនភៀសខ្លួន​ប៉ា​ឡេ​ស្ទី​ន​។​

​ទំនាក់ទំនង​រវាង​អាមេរិក និង​ប៉ា​ឡេ​ស្ទី​ន​ប្រែក្លាយជា​អាប់អួរ បន្ទាប់ពី​លោក ត្រាំ ប្រកាស​រើ​ស្ថានទូត​ទៅកាន់​ទីក្រុង​ហ្ស៊េ​រុយ​សា​ឡិ​ម ដែលជា​ការទទួលស្គាល់​ទីក្រុង​ជា​រដ្ឋធានី​របស់​អ៊ីស្រាអែល​។ អាមេរិក​រង​ការ​ថ្កោលទោស​គ្រប់កន្លែង​លើ​សកលលោក​។ ប៉ា​ឡេ​ស្ទី​ន​ក៏​ប្រកាស​ឈប់​ទទួលស្គាល់​អាមេរិក​ជា​សន្ធាន​ការី​អព្យាក្រឹត​ទៀតហើយ និង​ទាត់ចោល​រាល់​គំនិត​ផ្ដួចផ្ដើម​ទាំងអស់​របស់​រដ្ឋបាល​លោក ត្រាំ ផងដែរ​៕

Tag:
 អាមេរិក​
  អ៊ីស្រាអែល​
  ប៉ា​ឡេ​ស្ទី​ន​
  ដូ​ណា​ល់ ត្រាំ​
© រក្សាសិទ្ធិដោយ thmeythmey.com