អន្តរជាតិ
ត្រាំ អួត​ប្រាប់ គីម ជុង​អ៊ុន វិញ​៖«​ប៊ូ​តុង​នុយក្លេអ៊ែរ​ខ្ញុំ​ធំ​ជាង ហើយ​ខ្លាំង​ជាង​»
03, Jan 2018 , 4:43 pm        
រូបភាព
​ពីរ​ថ្ងៃ​ក្នុង​ឆ្នាំ​២០១៨ មេដឹកនាំ​អាមេរិក និង​កូរ៉េខាងជើង បាន​អួតអាង​ពី​សមត្ថភាព​នុយក្លេអ៊ែរ​របស់​ប្រទេស​រៀងៗ​ខ្លួន​។ នៅ​ថ្ងៃទី​១ ខែមករា មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន បាន​គំរាម​អាមេរិក​ថា មី​ស៊ី​ល​កូរ៉េខាងជើង​អាច​ពាំ​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ដល់​គ្រប់​ទីតាំង​ទាំងអស់​នៅលើ​ទឹកដី​អាមេរិក​។ មកដល់​ថ្ងៃទី​២ ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ ក៏​ឆ្លើយ​វិញ​ថា នុយក្លេអ៊ែរ​របស់​អាមេរិក​មាន​អានុភាព​ខ្លាំង​ជាង​នុយក្លេអ៊ែរ​កូរ៉េខាងជើង​។​



​ចូលឆ្នាំថ្មី ២០១៨ មេដឹកនាំ​វ័យក្មេង​កូរ៉េខាងជើង គីម ជុង​អ៊ុន បាន​ផ្ញើ​សារ​ពីរ​ផ្សេងគ្នា ទន់ភ្លន់​ផង និង​គំរាម​ផង​។ លោក គីម ជុង​អ៊ុន ផ្ញើ​សារ​ទន់ភ្លន់​ដាក់​កូរ៉េខាងត្បូង ដោយ​បង្ហាញ​បំណង​ចរចា និង​ចង់​បញ្ជូន​ប្រតិភូ​កូរ៉េខាងជើង​ឲ្យ​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​រដូវរងារ​ឆ្នាំ​២០១៨ ដែល​កូរ៉េខាងត្បូង​ធ្វើជា​ម្ចាស់ផ្ទះ​។ លោក​ក៏​ឆ្លៀត​គំរាម​អាមេរិក និង​បានចេញ​បញ្ជា​ឲ្យ​ផលិត​នុយក្លេអ៊ែរ និង​មី​ស៊ី​ល​ឲ្យ​បាន​ច្រើន​ថែមទៀត​។​

​ឆ្លើយតប​នឹង​សារ​ឆ្នាំ​ថ្មី​របស់​ប្រមុខ​ដឹកនាំ​ក្រុង​ព្យុងយ៉ាង ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ ចាត់ទុក​ការបន្ទន់​ជំហរ​នេះ ជា​លទ្ធផល​នៃ​ទណ្ឌកម្ម​របស់​សហគម​ន៍​អន្តរជាតិ​។ ដូច​សព្វមួយដង លោក ត្រាំ បាន​សរសេរ​លើ​បណ្ដាញ​សង្គម Twitter ថា​៖ «​ទណ្ឌកម្ម និង​សម្ពាធ​ផ្សេងទៀត​ចាប់ផ្ដើម​មាន​ឥទ្ធិពល​លើ​កូរ៉េខាងជើង​ហើយ​។ យោធា​កូរ៉េខាងជើង​រត់​ភៀសខ្លួន​ចូល​កូរ៉េខាងត្បូង​។ បុរស​រ៉ុក្កែត​ចង់​ចរចា​ជាមួយ​កូរ៉េខាងត្បូង​ជា​លើកដំបូង​។ អាចជា​រឿង​ល្អ និង​អាចជា​រឿង​អាក្រក់​។ យើង​ចាំមើល​»​។



​ជាមួយគ្នា​នោះ ប្រធានាធិបតី​អាមេរិក​ក៏​វាយបក​ការ​គំរាម​របស់លោក គីម ជុង​អ៊ុន ដែល​គំរាមថា នុយក្លេអ៊ែរ​កូរ៉េខាងជើង​អាច​បាញ់​ដល់​ទឹកដី​អាមេរិក ហើយ​ប៊ូ​តុង​នុយក្លេអ៊ែរ​ស្ថិត​លើ​តុ​ធ្វើការ​លោក​ជានិច្ច​។ លោក ត្រាំ បាន​ប្រាប់​ឲ្យ​មនុស្ស​មកពី​រដ្ឋ​កូរ៉េខាងជើង​ដែល​ក្រី​ក្រី និង​អត់ឃ្លាន ជួយ​រំឭក​លោក គីម ជុង​អ៊ុន ថា លោក​ក៏មាន​ប៊ូ​តុង​នុយក្លេអ៊ែរ​ដាក់​លើ​តុ​ធ្វើការ​ដែរ តែ​វា​ធំ​ជាង និង​ខ្លាំង​ជាង ហើយ​វា​ក៏​ដំណើការ​ទៅទៀត​។​



​នេះ​ជាការ​ឆ្លើយឆ្លង​ពាក្យសម្ដី​លើកដំបូង​ក្នុង​ឆ្នាំ​ថ្មី​រវាង​មេដឹកនាំ​ទាំងពីរ ខណៈដែល​កាលពី​ឆ្នាំ​២០១៧ សង្គ្រាមពាក្យសម្ដី​រវាង​លោក ត្រាំ និង​លោក គីម ជុង​អ៊ុន លាយឡំ​នឹង​ការ​គំរាម​កម្ទេច​គ្នា​ទៅវិញទៅមក​។ រដ្ឋបាល​ក្រុង​វ៉ាស៊ីនតោន ក៏​ព្យាយាម​ដាក់​សម្ពាធ​លើ​ក្រុង​ព្យុងយ៉ាង​តាមរយៈ​ការដាក់ទណ្ឌកម្ម​ជា​បន្ត​បន្ទាប់ ដើម្បី​បង្ខំ​ឲ្យ​រដ្ឋ​ឯកោ​មួយ​នេះ​បោះបង់​មហិច្ឆតា​អភិវឌ្ឍ​នុយក្លេអ៊ែរ និង​ត្រឡប់​ចូល​តុ​ចរចា​ឡើងវិញ​។​

​យ៉ាងណាក្ដី ការ​ថ្លែង​សារ​របស់លោក គីម ជុង​អ៊ុន អាចជា​សញ្ញា​ល្អ​សម្រាប់​សន្តិភាព និង​ស្ថិរភាព​នៅ​ឧបទ្វីប​កូរ៉េ បើទោះជា​ជំហាន​នៃ​ការចរចា​រវាង​កូរ៉េ​ទាំងពីរ​ផ្ដោតលើ​ព្រឹត្តិការណ៍​កីឡា​ក្ដី​។ ជំហាន​បន្ទាប់​អាចជា​ការចាប់ផ្ដើម​ការ​ចរចារ​អន្តរ​កូរ៉េ​ឡើងវិញ សំដៅ​បន្ថយកម្ដៅ​តានតឹង​រវាង​បងប្អូន​កូរ៉េ​ទាំងពីរ មុននឹង​ឈានដល់​ការចរចា​ស្ដីពី​ការរំសាយ​អាវុធ​នុយក្លេអ៊ែរ​នៅ​ឧបទ្វីប​កូរ៉េ ដែលជា​គោលដៅ​ចុងក្រោយ​៕


Tag:
 អាមេរិក​
  កូរ៉េខាងជើង​
  ដូ​ណា​ល់ ត្រាំ​
  គីម ជុង​អ៊ុន​
  នុយក្លេអ៊ែរ​
© រក្សាសិទ្ធិដោយ thmeythmey.com