អន្តរជាតិ
ចិន​បោះទុន​២,១​ពាន់​លាន​ដុល្លារ​ដើម្បី​អភិវឌ្ឍ​បច្ចេកវិទ្យា AI ប្រជែង​អាមេរិក​
03, Jan 2018 , 9:39 pm        
រូបភាព
​អាជ្ញាធរ​ក្រុង​ប៉េកាំង​មាន​គម្រោង​បោះទុន​ចំនួន​២,១​ពាន់​លាន​ដុល្លារ​ដើម្បី​សាងសង់​សួន​បច្ចេកវិទ្យា​មួយ​នៅ​ភាគ​ខាងលិច​ទីក្រុង ដោយ​ផ្ដោតលើ​ការអភិវឌ្ឍ​បច្ចេកវិទ្យា Artificial Intelligence (AI) ។ គម្រោង​នេះ​ជា​ផ្នែក​មួយ​នៃ​មហិច្ឆតា​របស់​ចិន​ក្នុងការ​ប្រជែង​ជាមួយ​អាមេរិក ដើម្បី​ក្លាយជា​មហាអំណាច​ខាង​បច្ចេកវិទ្យា AI ក្នុង​ឆ្នាំ​២០២៥ ។



​ក្រៅពី​ប្រជែង​ឥទ្ធិពល​គ្នា​ក្នុង​វិស័យ​យោធា និង​សេដ្ឋកិច្ច មហាអំណាច​ធំៗ​មាន​អាមេរិក និង​ចិន ក៏​ប្រជែង​គ្នា​លើ​វិស័យ​បច្ចេកវិទ្យា​ដែរ​។ នៅ​ថ្ងៃទី​៣ ខែមករា​នេះ ទីភ្នាក់ងារ​ព័ត៌មាន​ចិន Xinhua ផ្សាយ​ថា ក្រុង​ប៉េកាំង​មាន​គម្រោង​បង្កើត​សួន​បច្ចេកវិទ្យា​មួយ​លើ​ផ្ទៃដី​ជិត​៥៥​ហិច​តា ដោយ​ចំណាយ​ទឹកប្រាក់​២,១​ពាន់​លាន​ដុល្លារ​។ សួន​បច្ចេកវិទ្យា​នេះ​នឹង​ទាក់ទាញ​ក្រុមហ៊ុន​ប្រមាណ​៤០០ និង​អាចបង្កើត​ផលិតផល​មាន​ទំហំ​ទឹកប្រាក់​៧,៧​ពាន់​លាន​ដុល្លារ​។

​ទីភ្នាក់ងារ​ព័ត៌មាន​ដដែល​ផ្សាយ​ថា ក្រុមហ៊ុន Zhongguancun Development Group ដែលជា​អ្នក​អភិវឌ្ឍ​គម្រោង​នេះ កំពុង​ស្វែងរក​សាកលវិទ្យាល័យ​ដើម្បី​ធ្វើជា​ដៃគូ​ក្នុង​ការសាងសង់​មជ្ឈមណ្ឌល​ស្រាវជ្រាវ​នានា និង​មន្ទីរ​ពិសោធ​បច្ចេកវិទ្យា AI ថ្នាក់ជាតិ​នៅក្នុង​សួន​ខាងលើ​។ បច្ចេកទេស​ទំនើបៗ​មួយចំនួន​នឹងត្រូវ​ស្រាវជ្រាវ​ក្នុង​សួន​នេះ​ដូចជា បច្ចេកវិទ្យា​ផ្ទៀងផ្ទាត់​ជីវសាស្ត្រ និង​ប្រព័ន្ធគ្រប់គ្រង​ទិន្នន័យ​ធំ​ជាដើម​។​

​ផែនការ​អភិវឌ្ឍ​បច្ចេកវិទ្យា AI របស់​ចិន ធ្វើឡើង​ចំពេល​ដែល​ក្រុង​ប៉េកាំង និង​ក្រុង​វ៉ាស៊ីនតោន​ប្រជែង​គ្នា​ខ្លាំង​លើ​បច្ចេកវិទ្យា AI ក្នុង​វិស័យ​យោធា​។ រដ្ឋាភិបាល​ចិន​បានដាក់​ផែនការ​ពង្រីក​ឧស្សាហកម្ម AI ក្នុងស្រុក​ឲ្យ​បាន​ខ្លាំង និង​ធ្វើយ៉ាងណា​អាច​ផ្ដួល​អាមេរិក​ឲ្យ​បាន​ក្នុង​ឆ្នាំ​២០២៥ ។ ជាមួយគ្នានេះ ចិន​ក៏​អនុវត្ត​ផែនការ​ជាច្រើន​ដើម្បី​ជំរុញ​ការវិនិយោគ អភិវឌ្ឍ​ធនធានមនុស្ស និង​ស្រាវជ្រាវ AI ដោយបាន​ទទូច​ឲ្យ​អង្គការ​រដ្ឋ ឯកជន និង​យោធា សហការគ្នា​ស្របតាម​ផែនការ AI ថ្នាក់ជាតិ​ឆ្នាំ​២០១៧ ។

​បើ​មើល​តាម​ផែនការ​នេះ ក្រុង​ប៉េកាំង​មានឱកាស​ច្រើន​ដើម្បី​ប្រជែង​ឈ្នះ​អាមេរិក​ក្នុងការ​រត់ប្រណាំង​ផ្នែក​បច្ចេកវិទ្យា AI នេះ ព្រោះ​ចិន​មាន​ប្រជាជន​ច្រើន សេដ្ឋកិច្ច និង​មាន​កម្លាំង​គ្រប់គ្រាន់​ក្នុង​រយៈពេល​វែង​។ ខុសពី​ចិន អាមេរិក​ពិបាក​ប្រជែង​ក្នុង​រយៈពេល​វែង​ណាស់ ដ្បិតតែ​ការផ្លាស់ប្ដូរ​ក្បាលម៉ាស៊ីន​ដឹកនាំ​ប្រទេស​ក្រោយ​ការបោះឆ្នោត​ម្ដងៗ ខណៈដែល​មេដឹកនាំ​ថ្មី​មិនមែន​សុទ្ធ​តែមាន​នយោបាយ​ដូច​អ្នក​ចាស់​ឡើយ​។​

​យ៉ាងណាមិញ ចិន​ក៏​ប្រឈមមុខ​នឹង​ហានិភ័យ​ខ្លាំង​ដែរ​។ បញ្ហា​ស្ថិតនៅ​ត្រង់ចំណុច​ថា ចិន​ពិបាក​គ្រប់គ្រង​បច្ចេកវិទ្យា​ដែល​ឆ្លាត​ជាង​មនុស្ស​ទៅទៀត​។ សព្វថ្ងៃនេះ ចិន​បាន​រឹតត្បិត​បច្ចេកវិទ្យា និង​បណ្ដាញ​សង្គម​នានា​យ៉ាងខ្លាំង ព្រោះ​បច្ចេកវិទ្យា​ទាំងនេះ​អាច​ផ្ដល់​សារ​ចម្រុះ​ទៅកាន់​ប្រជាជន​ចិន ដែល​អាច​ផ្ដល់​ផលវិបាក​ក្នុង​គ្រប់គ្រង​សម្រាប់​បក្ស​កុម្មុយនីស្ត​ចិន​៕


Tag:
 ចិន​
  អាមេរិក​
  AI
© រក្សាសិទ្ធិដោយ thmeythmey.com