អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ប្រមុខ​ការទូត​ប៉ា​គី​ស្ថាន​ហៅ​អាមេរិក​ជា​មិត្ត​ក្បត់​មិត្ត​
06, Jan 2018 , 7:39 pm        
រូបភាព
លោក Khawaja Asif រដ្ឋមន្រ្តីការបរទេសប៉ាគីស្ថាន (រូបភាព៖ Wall Street Journal)
លោក Khawaja Asif រដ្ឋមន្រ្តីការបរទេសប៉ាគីស្ថាន (រូបភាព៖ Wall Street Journal)
​រដ្ឋមន្ត្រីការបរទេស​ប៉ា​គី​ស្ថាន Khawaja Asif បាន​រិះគន់​រដ្ឋបាល​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ដែល​ព្យួរ​ជំនួយ​យោធា និង​ការចោទប្រកាន់​ទាំងឡាយ​មកលើ​ប៉ា​គី​ស្ថាន​ជុំវិញ​យុទ្ធនាការ​បោសសម្អាត​ក្រុម​ភេរ​វករ​។ លោក Khawaja Asif ចាត់ទុក​ទង្វើ​របស់​អា​មេ​រិ​ក មិនមែនជា​ទង្វើ​របស់​សម្ព័ន្ធមិត្ត ឬក៏​មិត្ត​របស់​ប៉ា​គី​ស្ថាន​ឡើយ​។ មេបក្ស​ប្រឆាំង​ប៉ា​គី​ស្ថាន​ក៏បាន​រិះគន់​អាមេរិក​ធ្ងន់ៗ និង​ស្នើ​ផ្ដាច់​កិច្ចសហប្រតិបត្តិការ​យោធា​ទៀតផង​។ 
 
​ទាំង​រដ្ឋាភិបាល​ប៉ា​គី​ស្ថាន ទាំង​បក្សប្រឆាំង បាន​ចេញមក​ប្រតិកម្ម​ខ្លាំងៗ​តប​នឹង​ចំណាត់ការ​របស់​រដ្ឋបាល​ក្រុង​វ៉ាស៊ីនតោន និង​ពាក្យសម្ដី​របស់​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ដែល​ចោទ​ប៉ា​គី​ស្ថាន​ថា កុហក​បោកប្រាស់​អាមេរិក​អស់​ពេល​ជាច្រើន​ឆ្នាំ​។ លោក ត្រាំ បាន​បន្ទោស​ប៉ា​គី​ស្ថាន​ដែល​ទទួល​ជំនួយ​អាមេរិក​រាបរយ​លាន​ដុល្លារ តែ​មិន​ជួយ​បោសសម្អាត​ក្រុម​ភេរ​វករ​ឡើយ ហើយ​លោក​ក៏​គំរាម​កាត់​ជំនួយ​សម្រាប់​ប៉ា​គី​ស្ថាន​ទៀត​។ 
 
​ប៉ុន្មាន​ថ្ងៃក្រោយ​ការ​គំរាម​នេះ រដ្ឋបាល​ក្រុង​វ៉ាស៊ីនតោន​ក៏​សម្រេច​លុបចោល​ជំនួយ​ក្នុង​ទំហំ​ប្រមាណ​៩០០​លាន​ដុល្លារ​ឯណោះ​។ ក្រុង​វ៉ាស៊ីនតោន​បាន​ប្រាប់​ឲ្យ​ក្រុង​អ៊ី​ស្លា​ម៉ា​បាត ត្រូវ​ឈប់​ជួយ​ក្រុម​ភេរ​វករ និង​ត្រូវ​ចាត់វិធានការ​ឲ្យ​ពេញដៃពេញជើង ទើប​ខ្លួន​ផ្ដល់ជំនួយ​ឲ្យ​ឡើងវិញ​។ បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters រដ្ឋមន្ត្រីការបរទេស​ប៉ា​គី​ស្ថាន Khawaja Asif បាន​និយាយ​ថ្ងៃទី​៤ ខែមករា ថា អាកប្បកិរិយា​របស់​អា​មេ​រិ​ក មិនមែនជា​ទង្វើ​របស់​មិត្ត​ឡើយ តែ​ជា​មិត្ត​ក្បត់​មិត្ត​។  
 
​ដោយឡែក​មេដឹកនាំ​ប្រឆាំង Imran Khan ដែល​បាន​រិះគន់​លោក ត្រាំ ខ្លាំងៗ​កន្លងមក បាន​និយាយថា វា​ដល់​ពេលដែល​រដ្ឋាភិបាល​ផ្ដាច់ខ្លួន​ពី​អាមេរិក​។ លោក Khan ស្នើ​ឲ្យ​រដ្ឋាភិបាល​បញ្ជូន​បុគ្គលិក​ចារកម្ម និង​មិន​ចារកម្ម​ចេញពី​ទឹកដី​ប៉ា​គី​ស្ថាន ក៏ដូចជា​ព្យួរ​ផ្លូវ​ដឹកជញ្ជូន​ទាំង​ជើងគោក ទាំង​អាកាស ដែល​អាមេរិក និង​កងទ័ព​សម្ព័ន្ធ​យោធា​ណា​តូ ធ្លាប់ប្រើ​ដើម្បី​បញ្ជូន​សម្ភារ​ទៅធ្វើ​សង្គ្រាម​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​។​
 
​តាមពិត​ទៅនោះ ការ​កាត់​ជំនួយ​របស់​អាម​រិ​ក គឺជា​រឿង​ដែល​ប៉ា​គី​ស្ថាន​ផ្ទាល់​ដឹង​មុន​ទៅហើយ ប៉ុន្តែ​រដ្ឋាភិបាល​ប៉ា​គី​ស្ថាន​ហាក់​ភ្ញាក់ផ្អើល​នឹង​ទង្វើ​របស់​ប្រធានាធិបតី ត្រាំ ដែល​បង្ហោះ​សារ​ជា​សាធារណៈ​តាម​បណ្ដាញ​សង្គម Twitter ។ រដ្ឋមន្ត្រី​ប៉ា​គី​ស្ថាន​ម្នាក់​បាន​និយាយ​ឌឺដង​ថា FBI គូប្រជែង​នយោបាយ កីឡាករ​អាមេរិក​ស្បែក​ខ្មៅ អាច​ស៊ាំ​នឹង​ការរិះគន់​របស់លោក ត្រាំ លើ Twitter តែ​ប៉ា​គី​ស្ថាន​មិនអាច​ទម្លាប់​បានទេ​។​
 
​ទំនាក់​ទំ​ន​រវាង​អាមេរិក និង​ប៉ា​គី​ស្ថាន​ចាប់ផ្ដើម​រអាក់រអួល​ក្នុង​ឆ្នាំ​២០១១ ពេលដែល​កម្លាំង​ពិសេស​អាមេរិក​សម្លាប់​មេក្រុម​ភេរវ​ករ​អាល់ កៃ​ដា Osama bin Laden ក្នុង​ប្រតិបត្តិ​ការសម្ងាត់​លើទឹក​ដី​ប៉ា​គី​ស្ថាន​។ ចាប់ពីពេលនោះ ចម្ងល់​ក៏​លេចឡើង​ថា ហេតុអ្វី​មេ​ភេរវ​ករ​លាក់ខ្លួន​រស់​នៅ​ដោយ​ស្រួល​នៅ​ប៉ា​គី​ស្ថាន​ទៅវិញ​។ ប៉ុន្តែ​ក្រុង​អ៊ី​ស្លា​ម៉ា​បាត​ចាត់ទុក​សកម្មភាព​របស់​អាមេរិក ជាការ​បំពាន​អធិបតេយ្យ ព្រោះ​អាម​រិ​ក​ធ្វើ​សកម្មភាព​ដោយ​មិន​ប្រាប់​ខ្លួន​មួយ​ម៉ាត់​៕  

Tag:
 ប៉ា​គី​ស្ថាន​
  អាមេរិក​
  ដូ​ណា​ល់ ត្រាំ​
  Khawaja Asif
© រក្សាសិទ្ធិដោយ thmeythmey.com