ព័ត៍មានសុខភាព
អន្តរជាតិ
បុរស​អាល្លឺម៉ង់​ម្នាក់​ត្រូវ​ផឹកទឹក​យ៉ាងហោច​២០​លីត្រ​ក្នុង​មួយថ្ងៃ​ដើម្បី​អាច​បន្តរ​ស់បាន​
06, Jan 2018 , 10:19 pm        
រូបភាព
ដោយ: ធីតា
​ដោយសារតែ​កើត​ជំងឺ​ទឹកនោមប្រៃ (Diabetes Insipidus) ដ៏​កម្រ បុរស​ជនជាតិ​អាល្លឺម៉ង់​ម្នាក់ វ័យ​៣៦​ឆ្នាំ ត្រូវបាន​តម្រូវ​ឲ្យ​ផឹកទឹក​២០​លីត្រ​ជា​រៀងរាល់ថ្ងៃ ដើម្បី​អាច​បន្តជីវិត​របស់ខ្លួន​បាន​។ លោក Marc Wubbenhorst បាន​រៀបរាប់​ពី​ផល​លំបាក​របស់ខ្លួន​ក្នុង​បទ​សម្ភាស​មួយ​ជាមួយ​ទស្សនា​វ​ដ្តី Neue Westfalische​។​

 
​ថ្វីត្បិតតែ​ទឹក​ពិត​ជាមាន​សារសំខាន់​សម្រាប់​មនុស្ស ប៉ុន្តែ​តម្រូវការ​ប្រចាំថ្ងៃ​របស់លោក Marc Wubbenhorst ពិតជា​ច្រើន​លើសលុប និង​គួរ​ឲ្យ​ហត់នឿយ​បំផុត​។ កាលពី​ក្មេង​បុរស​អាល្លឺម៉ង់​រូបនេះ ផឹក​តែ​ប្រមាណ​១.៥​លីត្រ​ប៉ុណ្ណោះ​ជា​រឿង​រាល់ថ្ងៃ ប៉ុន្តែ​បច្ចុប្បន្ន​លោក​ត្រូវបាន​តម្រូវ​ឲ្យ​ផឹក​២០​លីត្រ​។​
 

​ដោយសារតែ​កើត​ជំងឺ​ទឹកនោមប្រៃ  លោក Marc ត្រូវការ​បំពេញ​ទឹក​ក្នុង​ខ្លួន​ជាប់​ជានិច្ច​។ លោក​មិនដែល​បាន​គេង​លក់​ពីរ​ម៉ោង​ជាប់​គ្នា​នោះឡើយ ដោយសារ​លោក​ត្រូវ​ផឹកទឹក​ជាប្រចាំ និង​ធ្វើ​ឲ្យ​លោក​ចេញចូល​បន្ទប់ទឹក​យ៉ាងហោចណាស់​៥០​លើក​ក្នុង​១​ថ្ងៃ​។​
 
​ជំងឺ​ទឹកនោមប្រៃ​ដែល​លោក Marc កើត​ដោយ​កម្រ​នេះ អាច​លេប​ត្របាក់​ជីវិត​គាត់​គ្រប់ពេល ប្រសិនបើ​ទុក​ខ្លួន​ឲ្យ​ខ្សោះ​ជាតិ​ទឹក​។ យោងតាម​គេហទំព័រ health.com.kh ទឹកនោមប្រៃ គឺជា​ជំងឺ​តម្រងនោម ដែល​បណ្ដាលអោយ​រាងកាយ​បាត់បង់​ជាតិ​នូវ​ជាតិ​ប្រូតេអ៊ីន​យ៉ាងច្រើន​ទៅតាម​ទឹកនោម​។ ជំងឺ​មាន​ជាតិ​ប្រូតេអ៊ីន​នៅក្នុង​ទឹកនោម (​ឬ​ជំងឺ​ទឹកនោមប្រៃ​នេះ​) ជាធម្មតា ត្រូវបាន​បង្កឡើង​ដោយ​ការ​ខូច​សរសៃឈាម​តូចៗ​នៅក្នុង​តម្រងនោម ដែល​វា​មាន​នាទី​ក្នុងការ​ច្រោះ​កាកសំណល់ និង​ជាតិ​ទឹក​ដែល​លើ​ល​ចេញពី​រាងកាយ​។ 
 
​លោក Marc បាន​រៀបរាប់​ប្រាប់ Neue Westfalische ថា លោក​មិនដែល​បណ្តោយ​ឲ្យ​ជាតិ​ជាតិ​ខ្សោះ​ពី​ខ្លួន​នោះឡើយ ព្រោះ​លោក​ចង់​គេច​ផុតពី​សេចក្តីស្លាប់ ហើយ​លោក​ចង់​ឲ្យ​មនុស្ស​ទាំងអស់​ដឹង​ពី​ផលវិបាក​នៃ​ការកើត​ជំងឺ​នេះ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com