ពីនេះ ពីនោះ
ត្រី​ក្រាយ ចាប់​សត្វល្អិត​ដែល​ធ្វើ​សកម្មភាព​នៅលើ​ផ្ទៃ​ទឹក នាពេល​យប់​ជា​អាហារ​
08, Jan 2018 , 1:44 pm        
រូបភាព
ដោយ: ថ្មីៗ
​ត្រី​ក្រាយ មានឈ្មោះ​វិទ្យាសាស្ត្រ (Chitala ornata) និង​ឈ្មោះ​ជា​ភាសា​អង់គ្លេស Clown featherback ជា​ត្រី​ទឹកសាប​ទន្លេមេគង្គ ដែល​យើង​អាច​សម្គាល់​វា​បាន តាមរយៈ​ចំណុច​មូល​ខ្មៅ ៧​ចំណុច ស្ថិតនៅ​ក្បែរ​ព្រុយ​ពោះ តាម​បណ្តោយ​ដងខ្លួន​ផ្នែក​ខាង​កន្ទុយ​។ ត្រី​ក្រាយ មាន​ប្រវែង​ដងខ្លួន​អតិបរមា ១០០ ស​.​ម និង​ទម្ងន់ ៥​គីឡូក្រាម​។ វា​រស់នៅក្នុង​ទន្លេធំៗ និង​មធ្យម ដែលមាន​ទឹក​ហូរ និង​ជាពិសេស​ក្នុង​អាងទឹក​ជ្រៅ​តាម​ដង​ទន្លេមេគង្គ និង​ទន្លេសាប​។ ត្រី​ក្រាយ ជា​ប្រភេទ​អ​ជ្ឈុ​ប្បាត​ជន ស៊ី​ពពួក​សត្វល្អិត​ដែល​ធ្វើ​សកម្មភាព​នៅលើ​ផ្ទៃ​ទឹក​នាពេល​យប់ និង​ពពួកសត្វ​មាន​សម្បក​ដូចជា​ក្តាម កំ​ពិស​ជាដើម​ជា​អាហារ​។ ត្រី​ក្រាយ​ធ្វើចរាចរ​ផ្លាស់​ទី​ចូលទៅក្នុង​តំបន់​ព្រៃ​លិច​ទឹក ដូចជា​បឹង​ទន្លេសាប ក្នុងអំឡុងពេល​ទឹកទន្លេ​មេគង្គ​ចាប់​ផ្តើមឡើង និង​ហូរ​ឆ្លងកាត់​ទន្លេសាប ចូលទៅក្នុង​បឹង​ទន្លេសាប ចាប់ពី​ខែមិថុនា ដល់​ខែតុលា​។



ត្រី​ក្រាយ​ជា​ប្រភេទ​ត្រី​ពង​ដាក់​ឲ្យ​តោង​ព្រៃ​លិច​ទឹក ឬ​ផ្ទាំង​ថ្ម​ក្នុង​ទឹក ទី​ដែលមាន​ចរន្ត​ទឹកនឹង ហើយ​ទាំង​ញី​ទាំង​ឈ្មោល​នៅ​ការពារ​សម្បុក​ពង​រប​ស់វា​។ ត្រី​ក្រាយ ត្រូវបាន​គេ​កត់ត្រា​ចូលក្នុង​បញ្ជីរ​ក្រហម IUCN Red List (Least Concern) ក្នុង​ឆ្នាំ ២០១២ ជា​ប្រភេទ​ត្រី​មានការ​ព្រួយបារម្ភ​តិចតួច ដែល​នឹង​ឈានទៅ​ផុត​ពូជ​។ ការនេសាទ​ហួស​កម្រិត​ពី​អតីតកាល និង​ទៅ​អនាគត ការបាត់បង់ និង​ការប្រែប្រួល​ទីជម្រក​ដោយសារ​ការសាងសង់​ទំ​បន់​វារិ​អគ្គិសនី ទំនងជា​បញ្ហា​អវិជ្ជមាន ដែល​បន្ត​ប៉ះពាល់​ដល់​ជីវិត​មច្ឆា​ប្រភេទ​នេះ​។

(​អត្ថបទ​ដោយ Chhut Chheana រូបភាព​ដោយ Zeb Hogan / USAID Wonders of the Mekong).


© រក្សាសិទ្ធិដោយ thmeythmey.com