ពីនេះ ពីនោះ
ប្រាសាទ​តាព្រហ្ម រឹងមាំ​បាន​ដោយសារ​ឫស​ដើមឈើ​ធំៗ​ដែល​ព័ទ្ធ​នៅ​ជុំវិញ​
10, Jan 2018 , 9:59 am        
រូបភាព
ដោយ: ថ្មីៗ
​ប្រាសាទ​តាព្រហ្ម​ស្ថិតនៅ​ខាងកើត​ចម្ងាយ​ប្រមាណ​៣ គីឡូម៉ែត្រ ពី​ច្រកទ្វារ​ជ័យ​ក្រុង​អង្គរធំ​។ ប្រាសាទ​នេះ​សង់​ឡើង​ដោយ​ដី​ភក់ និង​ថ្មបាយក្រៀម នៅលើ​ផ្ទៃដី​រាប​ប្រមាណ​៦០ ហិកតា​។ ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ បាន​កសាង​ប្រាសាទ​នេះ​ឡើង​នៅ​ឆ្នាំ​១១៨៦ ដើម្បី​ឧទ្ទិស​ថ្វាយ​ព្រះ​មាតា​។ ប្រាសាទតាព្រហ្ម​មាន​សភាព​ខុសប្លែក​ពី​ប្រាសាទ​ផ្សេងៗ​។ ដើមឈើ​ធំៗ​បាន​ដុះ​លើ​ប្រាសាទ​នេះ សម្រាប់​ជួយ​ទ្រទ្រង់​ប្រាសាទ​ឱ្យ​រឹងមាំ​។



​ប្រាសាទតាព្រហ្ម​មានឈ្មោះ​ដើម​ថា​«​រាជ​វិហារ​»​សម្រាប់​ឧទ្ទិស​ចំពោះ​ព្រះពុទ្ធសាសនា​មហាយាន និង​ជាស​កល​វិទ្យាល័យ​ធំ​មួយ​ក្នុង​រាជធានី​អង្គរ​។ ក្រៅពីនេះ នៅមាន​អគារ​រណប​មួយចំនួន រួមមាន​បណ្ណាល័យ និង​រោងទង​ជាច្រើន ដែល​តាំងនៅ​ខ្វាត់ខ្វែង​នៅ​ជុំវិញ​ប្រាសាទ​កណ្តាល​។ លើសពីនេះទៅទៀត លក្ខណៈពិសេស​របស់​ប្រាសាទ​នេះ គឺមាន​ដើមឈើ​ដុះ​លើ​ប្រាសាទ​។ ពួកវា​ដុះ​ចេញពី​គ្រាប់ពូជ ដែល​សត្វ​ពាំ​មក​។ ដុះ​បន្តិច​ម្តងៗ ឫស​រប​ស់វា​ជ្រែកចូល​តាម​ចន្លោះ​ថ្ម ញែក​ដុំថ្ម​ឱ្យ​ឃ្លាត​ពីគ្នា ហើយ​យូរៗ​ទៅធ្វើ​ឱ្យ​ដុំថ្ម​រង្គោះ​ជ្រុះ​។ ឫស​ដើមឈើ​ចាក់ស្រេះ វា​ជួយ​ទប់​ថ្ម​មិនឱ្យ​រេល​ជ្រុះ តែបើ​ឫស​ងាប់ ពុកផុយ ដុំថ្ម ក៏​សណ្តក​ពីគ្នា ហើយ​ប្រាសាទ​ក៏​លែង​រឹងមាំ​ទៀត​ដែរ​។ 

​ដើម្បី​ទទួលបាន​សោភ័ណភាព បច្ចុប្បន្ន​ប្រាសាទ​នេះ​ត្រូវបាន​ជួសជុល ដោយ​កាប់​ដើមឈើ​ដែល​បង្ក​គ្រោះថ្នាក់​ដល់​ប្រាសាទ ដោយ​ចាក់​ថ្នាំ​រក្សាទុក​ឫស និង​គុល​កុំឱ្យ​ពុកផុយ ជៀសវាង​បាត់​លំនឹង​របស់​ប្រាសាទ​។ ចំពោះ​ដើមឈើ​ដទៃទៀត​គេ​គ្រាន់តែ​កាប់​ចោល​តែ​មែក​ណា​ដែល​គំរាម​គំហែង​។ គេ​ទល់​ទ្រ​ដើមឈើ និង​ផ្នែក​ប្រាសាទ​រួបរឹត​ដោយ​ឫស​ឈើ​ឱ្យ​រឹងមាំ​តែប៉ុណ្ណោះ​។

​អ្នកវិទ្យាសាស្ត្រ​បាន​ជួសជុល​ឡើងវិញ ដើម្បី​ថែរក្សា​ប្រាសាទ​នេះ និង​ជា​សម​ទ្ធិ​ផល​បាន​ពាំ​នាំនូវ​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ​ជាច្រើន​កុះករ​ដែល​មិនអាច​មើលរំលង​នូវ​ប្រាសាទ​តាព្រហ្ម​នេះ​បានឡើយ​។ 

​ប្រាសាទ​តាព្រហ្ម​តំណាងឱ្យ​រូបភាព​បង្រួបបង្រួម​របស់​ចក្រ​វាល​តាម​ទ្រឹស្តី​ព្រះពុទ្ធសាសនា​៕

​អត្ថបទ​ដកស្រង់​ពី​សៀវភៅ​៖ អាថ៌កំបាំង​នៃ​អង្គរ​វគ្គ​២ របស់​អង្គការ​ស៊ី​ប៉ា​








Tag:
 ប្រាសាទ​តាព្រហ្ម​
  ដើមឈើ​
  ឫស​
 ​ អ្នកវិទ្យាសាស្ត្រ​
© រក្សាសិទ្ធិដោយ thmeythmey.com