អន្តរជាតិ
អាមេរិក​ចង់​ចូលរួម​បើ​កូរ៉េ​ទាំងពីរ​ចរចា​រឿង​នុយក្លេអ៊ែរ តែ​កូរ៉េខាងជើង​ព្រមាន​ដើរចេញ​
10, Jan 2018 , 11:41 am        
រូបភាព
មន្រ្តីកូរ៉េខាងជើងអង្គុយចរចាជាមួយសមភាគីកូរ៉េខាងត្បូង (រូបភាព៖ Xinhua)
មន្រ្តីកូរ៉េខាងជើងអង្គុយចរចាជាមួយសមភាគីកូរ៉េខាងត្បូង (រូបភាព៖ Xinhua)
​អាមេរិក​បាន​ស្វាគមន៍​ការចរចា​ក៏​កម្រ​រវាង​កូរ៉េ​ទាំងពីរ​នៅ​ថ្ងៃទី​៩ ខែមករា ដោយ​ចាត់ទុកជា​ជំហាន​ដំបូង​ក្នុងការ​ដោះស្រាយ​វិបត្តិ​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​។ ប៉ុន្តែ​ក្នុង​ការចរចា​នៅឯ​ភូមិ​ប៉ាន់​មុន​ជុម តំណាង​កូរ៉េខាងជើង​បាន​ប្រាប់​សម​ភាគី​កូរ៉េខាងត្បូង​ថា កម្មវិធី​នុយក្លេអ៊ែរ​របស់ខ្លួន​មិនមែន​សម្រាប់​ចរចា​ឡើយ ហើយ​អាវុធ​ប្រល័យ​លោក​នេះ គ្មាន​គោលដៅ​វាយប្រហារ​ប្រទេស​ណា​ឡើយ ក្រៅពី​អាមេរិក​តែមួយគត់​។​



​មន្ត្រីជាន់ខ្ពស់​មកពី​កូរ៉េខាងត្បូង និង​កូរ៉េខាងជើង បាន​ជួប​ពិភាក្សាគ្នា​ជា​លើកដំបូង​ក្នុងពេល​ច្រើនជាង​ពីរ​ឆ្នាំ នៅ​ថ្ងៃទី​៩ ខែមករា​។ លទ្ធផល​វិជ្ជមាន​ជាច្រើន​បាន​លេច​ជា​រូបរាង​ដូចជា​ការយល់​ព្រម​បញ្ជូន​ប្រតិភូ និង​អត្ត​ព​លិ​ក​កូរ៉េខាងជើង​ទៅ​ចូលរួម​កីឡា​អូឡាំពិក​រដូវរងារ និង​ការបើក​ប្រព័ន្ធ​ទំនាក់ទំនង​យោធា​ឡើងវិញ​ជាដើម​។ អាមេរិក​សាទរ​ចំពោះ​ការចរចា​នេះ និង​បង្ហាញ​បំណង​ចូលរួម​ចរចា​ដែរ បើសិន​របៀបវារៈ​និយាយ​ពី​បញ្ហា​នុយក្លេអ៊ែរ​។​

​លោក Steve Goldstein អ្នកនាំពាក្យ​ក្រសួងការបរទេស​អាមេរិក​និយាយថា ជំនួប​របស់​កូរ៉េ​ទាំងពីរ​គឺជា​ការ​វិ​វដ្ត​វិជ្ជមាន​មួយ និង​ជា​ដំណាក់កាល​ដំបូង​ដើម្បី​ឈានដល់​ការរំសាយ​អាវុធ​នុយក្លេអ៊ែរ​ពី​ឧបទ្វីប​កូរ៉េ ហើយ​អាមេរិក​ចង់​ឲ្យ​ការពិភាក្សា​រួមបញ្ចូល​កម្មវិធី​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​ផង​។ ប៉ុន្តែ​ដូច​ដឹង​ស្រាប់ កូរ៉េខាងជើង​មិន​ចរចា​ជាដាច់ខាត ហើយ​មាន​ជំហរ​រឹងរូស​ខ្លាំង​ពាក់ព័ន្ធ​ប្រធានបទ​នុយក្លេអ៊ែរ​របស់ខ្លួន​។​

​តាមពិតទៅ ក្នុងការ​ចរចា​នៅឯ​ភូមិ​ប៉ាន់​មុន​ជុម កូរ៉េខាងត្បូង​ក៏បាន​ស្នើ​ឲ្យ​មាន​ការចរចា​ស្ដីពី​នុយក្លេអ៊ែរ​ផងដែរ ប៉ុន្តែ​ត្រូវ​កូរ៉េខាងជើង​ជំទាស់ ដោយ​ព្រមាន​ថា ការនិយាយ​ពី​រឿង​នុយក្លេអ៊ែរ​ពេលនេះ នឹងធ្វើ​ឲ្យ​ជំនួប​ដ៏​កម្រ​ក្លាយជា​អសារ​បង់​មិន​ខាន​។ លោក Ri Son Gwon ប្រធាន​ប្រតិភូ​កូរ៉េខាងជើង​បញ្ជាក់ថា អាវុធ​គ្រប់យ៉ាង រាប់ទាំង​មី​ស៊ី​ល​បាលី​ស្ទិ​ក គ្រាប់​នុយក្លេអ៊ែរ គ្រាប់​អ៊ីដ្រូសែន គឺ​ទុក​បាញ់​អាមេរិក​តែមួយគត់ មិនមែន​បងប្អូន​កូរ៉េ ឬ​ចិន ឬ​រុស្ស៊ី​ឡើយ​។​

«​កម្មវិធី​នុយក្លេអ៊ែរ​នេះ​មិនមែនជា​បញ្ហា​រវាង​កូរ៉េខាងជើង និង​ខាងត្បូង​ឡើយ ហើយ​ការលើក​បញ្ហា​នេះ​ឡើង នឹង​បង្ក​ផល​អវិជ្ជមាន ដែល​អាច​នាំ​ឲ្យ​លទ្ធផល​ត្រចះត្រចង់​នៃ​ការចរចា​ថ្ងៃនេះ​ក្លាយជា​ឥត​បានការ​»​។ នេះ​ជាស​ម្ដី​ព្រមាន​របស់លោក​តំណាង​កូរ៉េខាងជើង និង​បញ្ជាក់​ច្បាស់​ពី​ជំហរ​របស់​ក្រុង​ព្យុងយ៉ាង​ដែល​មិន​បោះបង់​មហិច្ឆតា​អភិវឌ្ឍ​នុយក្លេអ៊ែរ​របស់ខ្លួន​ឡើយ ទោះជា​រង​ទណ្ឌកម្ម​គ្រប់យ៉ាង​ទៅហើយ​ក្ដី​។​

​ទោះជា​យ៉ាងណា អាមេរិក​នៅតែ​ចង់​ចរចា​ជាមួយ​កូរ៉េខាងជើង​ដើម្បី​បញ្ឈប់​កូរ៉េខាងជើង​ពី​ការ​អភិ​វ​ឌ្ឃ​អាវុធ​ប្រល័យ​លោក​នេះ​។ អាម​រិ​ក​ក៏បាន​ប្រើ​ធម៌​ក្ដៅ​ដាក់​កូរ៉េខាងជើង​ផងដែរ សំដៅ​បង្ខំ​ឲ្យ​រដ្ឋ​កុម្មុយនីស្ត​មួយ​នេះ​ចូល​តុ​ចរចា​ឡើងវិញ​។ កាលពី​ចុង​សប្ដាហ៍​មុន ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ អះអាងថា បើ​ពេលវេលា​សមរម្យ​មកដល់ អាមេរិក​នឹង​ចូលខ្លួន​ចរចា​មិន​ខាន​៕


Tag:
 អាមេរិក​
  កូរ៉េខាងជើង​
  កូរ៉េខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com