អន្តរជាតិ
ដូ​ណា​ល់ ត្រាំ ត្រៀម​ស្វាគមន៍​ទស្សនកិច្ច​មេដឹកនាំ​ផ្តាច់កា​រកា​ហ្សា​ក់​ស្ថាន​
10, Jan 2018 , 3:30 pm        
រូបភាព
ដោយ: ថ្មីៗ
​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ នឹង​ទទួល​ជួបពិភាក្សា​ជាមួយ​ប្រធានាធិបតី​កា​ហ្សា​ក់​ស្ថាន Nursultan Nazarbayev នៅ​ថ្ងៃ ១៦ ខែ មករា​ខាងមុខនេះ​ដើម្បី​ពង្រឹង​ទំនាក់ទំនង​ទ្វេភាគី​ជាពិសេស​បញ្ហា​សេដ្ឋកិច្ច និង​សន្តិសុខ​។ យ៉ាងណាក៏ដោយ ការអញ្ជើញ​លោក Nazarbayev ត្រូវបាន​គេ​ស្គាល់​ថា ជា​មេដឹកនាំ​ផ្តាច់កា​រកា​ហ្សា​ក់​ស្ថាន ពី​សំណាក់​រដ្ឋបាល​អាមេរិក​ទំនងជា​នឹងរង​ការរិះគន់​ពី​សំណាក់​ក្រុម​សិទ្ធិមនុស្ស​ផង​។​



​ប្រធានាធិបតី​កា​ហ្សា​ក់​ស្ថាន​លោក Nursultan Nazarbayev នឹង​បំពេញ​ទស្សនកិច្ច​នៅ​អាមេរិក និង​ជួបពិភាក្សា​ជាមួយ​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ ផង នៅ​ថ្ងៃទី ១៦ ខែមករា​ខាងមុខ​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​សេត​វិមាន​អាមេរិក​នៅ​ថ្ងៃ ១០ ខែមករា​នេះ​។​

​ប្រធានាធិបតី​អាមេរិក​នឹង​យក​ឱកាស​ពិភាក្សា​ជាមួយ​សម​ភាគី​កា​ហ្សា​ក់​ស្ថាន​ពី​បញ្ហា​ជាច្រើន​ជាពិសេស​សន្តិសុខ​អន្តរជាតិ និង​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​ផងដែរ​។

«​ប្រធានាធិបតី ដូ​ណាក់ ត្រាំ នឹង​ពិភាក្សា​ជាមួយ​មេដឹកនាំ​កា​ហ្សា​ក់​ស្ថាន​ពី​បញ្ហា​ប្រឈម​របស់​សហគមន៍​អន្តរជាតិ​ជាច្រើន​ជាពិសេស​បញ្ហា​អា​ហ្វ​ហ្គា​នី​ស្ថាន​ស្រ​ពេលដែល​អាមេរិក​ធ្វើជា​ប្រធាន​នៃ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​»​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​សេត​វិមាន​ដដែល​។​

​ប្រធានាធិបតី​កា​ហ្សា​ក់​ស្ថាន Nazarbayev  ត្រូវបាន​គេ​ស្គាល់​ថា​ជា​មេដឹកនាំ​ផ្តាច់ការ​ដោយ​លោក​បាន​កាន់កាប់​តំណែង​ប្រមុខរដ្ឋ​នេះ​តាំងពី​ក្រោយ​សហភាពសូវៀត​ដួលរលំ​ឆ្នាំ ១៩៩១ មកម្ល៉េះ​។ ក្រោម​ការដឹកនាំ​របស់​លោក​ជាង ២០​ឆ្នាំ​មកនេះ ក្រុមប្រឆាំង​មាន​តិចតួច​ប៉ុណ្ណោះ ហើយ​ពួកគេ​ភាគច្រើន​រង​ការ​សង្កត់សង្កិន និង​ធ្វើទុក្ខបុកម្នេញ​ពី​សំណាក់​រដ្ឋាភិបាល​ផងដែរ​។

​ការអញ្ជើញ​មេដឹកនាំ​ផ្តាច់ការ​មក​សេត​វិមាន​អាមេរិក​នេះ​ទំនងជា​នឹងរង​ការរិះគន់​ខ្លាំង​ពី​សហគមន៍​សិទ្ធិមនុស្ស​ផងដែរ​។ ប៉ុន្តែ​វា​មិនមែនជា​រឿង​ចម្លែក​ឬ​ជា​លើកទីមួយ​ឡើយ ព្រោះ​លោក ត្រាំ ធ្លាប់​អញ្ជើញ និង​បាន​ជួប​ភា​ក្សា​ជាមួយ​មេដឹកនាំ​ផ្តាច់​ការបំពាន​សិទ្ធិមនុស្ស​ជាច្រើន​នាក់​កន្លងមក​ផង​ក្នុងនោះ​មាន​ប្រធានាធិបតី​ហ្វីលីពីន ថៃ តួ​ក​គី និង​អេ​ហ្ស៊ី​ប​ជាដើម​៕ 


Tag:
 ដូ​ណា​ល់ ត្រាំ​
  Nursultan Nazarbayev
  អាមេរិក​
  កា​ហ្សា​ក់​ស្ថាន​
© រក្សាសិទ្ធិដោយ thmeythmey.com