អន្តរជាតិ
រដ្ឋបាល​ត្រាំ​ធានា​មិន​ឲ្យ​មហា​យក្ស​ចិន​ធ្វើ​អ្វី​តាម​អំពើ​ចិត្ត​នៅ​សមុទ្រ​ចិន​ខាងត្បូង​ឡើយ​
10, Jan 2018 , 7:39 pm        
រូបភាព
ទីប្រឹក្សាជាន់ខ្ពស់របស់រដ្ឋមន្ត្រីការបរទេសអាមេរិកលោក​ Brian Hook
ទីប្រឹក្សាជាន់ខ្ពស់របស់រដ្ឋមន្ត្រីការបរទេសអាមេរិកលោក​ Brian Hook
​ទីប្រឹក្សា​ជាន់ខ្ពស់​រដ្ឋមន្ត្រីការបរទេស​អាមេរិក​បាន​បញ្ជាក់ថា សហរដ្ឋអាមេរិក​ក្រោម​រដ្ឋបាល​លោក ដូ​ណា​ល់ ត្រាំ នឹង​បន្ត​តួនាទី និង​រក្សា​ប្រយោជន៍​ខ្លួន​នៅ​តំបន់​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក​។​អ្វីដែល​សំខាន់​អាមេរិក​នឹង​បន្ត​ការពារ​សណ្តាប់ធ្នាប់​អន្តរជាតិ និង​ទប់ទល់​មហា​យក្ស​ចិន​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​ផងដែរ​។​


 
​ក្នុង​សន្និសីទ​សារព័ត៌មាន​តាម​ទូរ​សព្ទ​ថ្ងៃ ៩ ខែមករា លោក Brian Hook ទីប្រឹក្សា​ជាន់ខ្ពស់​របស់​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​ទ​ទួល​បន្ទុក​គោលនយោបាយ​បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា  ភាពជា​អ្នកដឹកនាំ​របស់​អាមេរិក​នៅក្នុង​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក នឹង​ធានាបាន​នូវ​ស្ថិរភាព សន្តិភាព ការបើកចំហ និង​សេរីភាព​នៃ​តំបន់​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក​។

​លោក Hook បាន​រម្លឹក​ផងដែរ​ពី​យុទ្ធសាស្ត្រ​សន្តិសុខ​ជាតិ (NSS) ដែល​ដាក់ចេញ​កាលពី​ចុងខែ​ធ្នូ​កន្លងទៅ ដែល​វា​បានបង្ហាញ​ឲ្យ​ឃើញច្បាស់​ពី​គោលជំហរ​រស់​រដ្ឋបាល​លោក ដូ​ណា​ល់ ត្រាំ ក្នុង​ការបន្ត​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​បណ្តា​ប្រទេស​ជា​សម្ព័ន្ធមិត្ត ដៃគូ នៅក្នុង​តំបន់ និង​ធានា​ស្ថិរភាព សន្តិភាព និង​វិបុលភាព​នៅ​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​។

​ក្រៅពី​បន្ត​កិច្ចសហប្រតិបត្តិការ​ជាមួយ​ប្រទេស​ជា​មិត្ត និង​ដៃគូ​នៅក្នុង​តំបន់ មន្ត្រី​អាមេរិក​រូបនេះ​ក៏បាន​បញ្ជាក់​ពី​ជំហរ​របស់​អាមេរិក​ក្នុង​ការបន្ត​តួនាទី​ជា​អ្នកការ​ការពារ​ច្បាប់​អន្តរជាតិ និង​ជា​អ្នក​ជួយ​ធានា​ស្ថិរភាព​សន្តិភាព ខណៈដែល​មហា​យក្ស​ចិន​ព្យាយាម​ពង្រឹង​ឥទ្ធិពល និង​ពង្រីក​អំណាច​របស់ខ្លួន​ឥត​ឈប់​នោះ​។
 
«​យើង​ពិតជា​ជឿជាក់ថា ការ​រះ​ត្រដែត​ឡើង​របស់​ចិន​មិនអាច​កើតឡើង​ដោយ​ការបាត់បង់​តម្លៃ​សកល និង​សណ្តាប់ធ្នាប់​ពិភពលោក​ដែល​ពឹង​ផ្អែកលើ​ច្បាប់​ឡើយ​។ សណ្តាប់ធ្នាប់​នេះហើយ​ជា​មូលដ្ឋានគ្រឹះ​នៃ​សន្តិភាព និង​ស្ថិរភាព​នៅ​ឥណ្ឌូ​ប៉ាស៊ីហ្វិក​និង​ជុំវិញ​ពិភពលោក​នោះ​។ ដូច្នេះហើយ នៅពេលណា​ដែល​សកម្មភាព​របស់​ចិន​ដើរ​ផ្ទុយ​ពី​តម្លៃ​សកល និង​ច្បាប់ទម្លាប់​អន្តរជាតិ យើង​នឹង​ក្រោកឈរឡើង​ដើម្បី​ការពារ​ច្បាប់​ទាំងនោះ​»​។ នេះ​ជាស​ម្តី​របស់លោក Hook​។​

​យ៉ាងណាក៏ដោយ​មន្ត្រីជាន់ខ្ពស់​រូបនេះ​បាន​ចោទប្រកាន់ថា ចិន​ព្យាយាម​ប្រើ​អំណាច​គំរាមកំហែង​ប្រទេស​តូចតាច និង​កសាង​កម្លាំង​ទ័ព​នៅ​សមុទ្រ​ចិន​ខាងត្បូង​គ្មាន​ខ្លាចរអា​ច្បាប់​អន្តរជាតិ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ទីប្រឹក្សា​រូបនេះ​អះអាងថា ក្នុងតម្លៃ​ណាក៏ដោយ អាមេរិក​នឹង​បន្តសកម្មភាព​របស់ខ្លួន​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​តាមច្បាប់​អន្តរជាតិ​ដូចជា​ការអនុវត្ត​សេរីភាព​នាវាចរណ៍ និង​ហោះហើរ​ទៀត​។​

«​សកម្មភាព​បង្ករឿង​របស់​ចិន​ដោយ​ការធ្វើ​យោ​ធូប​នីយកម្ម​នៅ​សមុទ្រ​ចិន​ខាងត្បូង​ជា​ផ្នែក​មួយ​ដែល​ចិន​កំពុង​បំពាន​ច្បាប់​អន្តរជាតិ​។ ចិន​ព្យាយាម​គំរាមកំហែង​ប្រទេស​តូចៗ​ដែល​វា​ធ្វើ​ប៉ះពាល់​ខ្លាំង​អភិបាលកិច្ច​ពិភពលោក​។ យើង​នឹង​បន្ត​គាំទ្រ​សេរីភាព​នាវាចរណ៍ និង បង្ហាញ​ឲ្យ​ចិន​ដឹងថា យើង​នឹង​បន្ត​ហោះហើរ បំពេញ​ប្រតិបត្តិការ និង​ដឹកជញ្ជូន​តាមផ្លូវ​ទឹក​ដែល​ច្បាប់​អន្តរជាតិ​អនុញ្ញាត​ឲ្យ​»​។​

​ការផ្តល់​យោបល់​ពាក់ព័ន្ធ​គោលជំហរ​អាមេរិក​ក្នុង​បញ្ហា​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ធ្វើឡើង​បន្ទាប់ពី​ហ្វីលីពីន​អះអាងថា​ខ្លួន​ត្រៀម​ផ្ញើ​កំណត់​ទូត​ទៅកាន់​ក្រុង​ប៉េកាំង​ដើម្បី​សួរនាំ​រឿង​ចិន​ទំនងជា​បានធ្វើ​មូលដ្ឋាន​ទ័ពអាកាស​នៅ​ថ្ម​ប៉ប្រះ​ទឹក Fiery Cross Reef​។

​រដ្ឋមន្ត្រី​ការពារជាតិ​ហ្វីលីពីន​លោក Delfin Lorenzana បាន​អះអាង​ដូច្នេះ​៖« រដ្ឋាភិបាល​ចិន​បាន​អះអាង​ច្បាស់​ថា ខ្លួន​មិន​ធ្វើ​យោ​ធូប​នីយកម្ម​លើ​កោះ​ដែល​ខ្លួន​ទាមទារ​ឡើយ​។ បើសិន​ចិន​ពិតជា​បាន​សាសង់​មូលដ្ឋានទ័ព​មែន ហើយ​យើង​អាច​ដឹង​ច្បាស់​ថា​ចិន​បានដាក់​ទាហាន និង​អាវុធ​នៅ​ទីនោះ វា​ពិត​ជាការ​ក្បត់​ពាក្យសម្តី​របស់ខ្លួន​ហើយ​»​។

​ប្រមុខ​ការពារជាតិ​ហ្វីលីពីន​ក៏បាន​សង្កត់ធ្ងន់​ផងដែរ​ថា កំណត់​ទូត​របស់​ហ្វីលីពីន​អាច​នឹងត្រូវ​ផ្ញើ​ទៅ​ឲ្យ​ភាគី​ចិន​តាមរយៈ​ក្រសួងការបរទេស​នៅពេល​ខាងមុខ​៕


Tag:
 ចិន​
 ​ អាមេរិក​
  Brian Hook
  NSS
  សមុទ្រ​ចិន​ខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com