អន្តរជាតិ
ប្រធានាធិបតី​កូរ៉េខាងត្បូង​៖ លោក ត្រាំ មានគុណ​សម្បត្តិ​បង្ខំ​ឲ្យ​កូរ៉េខាងជើង​ត្រឡប់​ចូល​តុ​ចរចា​
10, Jan 2018 , 8:39 pm        
រូបភាព
​ប្រធានាធិបតី​កូរ៉េខាងត្បូង មូ​ន ចេ​អ៊ី​ន បាន​ឲ្យ​គុណសម្បត្តិ​ទៅ​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ ដែល​ជំរុញ​ឲ្យ​មានការ​ចរចា​រវាង​កូរ៉េខាងត្បូង និង​កូរ៉េខាងជើង​នៅ​ថ្ងៃទី​៩ ខែមករា​។ បើតាម​លោក មូ​ន ចេ​អ៊ី​ន ទណ្ឌកម្ម និង​សម្ពាធ​របស់​រដ្ឋបាល​លោក ត្រាំ ជួយ​ឲ្យ​កូរ៉េខាងជើង​បន្ទន់ឥរិយាបថ និង​យល់ព្រម​ចូល​តុ​ចរចា​ជាមួយ​កូរ៉េខាងត្បូង​។ លោក​ក៏​ព្រមាន​ដែរ​ថា ព្យុងយ៉ាង​នឹង​ជួប​រង​ទណ្ឌកម្ម​កាន់តែខ្លាំង បើ​ហ៊ាន​បង្ករឿង​ទៀត​។



​ប្រធានាធិបតី​កូរ៉េខាងត្បូង មូ​ន ចេ​អ៊ី​ន និយាយថា ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ សម​ទទួល​គុណសម្បត្តិ​ចំពោះ​ការ​លេច​ជា​រូបរាង​ជំនួប​អន្តរ​កូរ៉េ ដែលជា​ការជួប​តទល់​លើកដំបូង​រវាង​កូរ៉េ​ទាំងពីរ​ក្នុងពេល​ជាង​ពីរ​ឆ្នាំ​។ លោក មូ​ន ចេ​អ៊ី​ន និយាយ​បែបនេះ​ក្នុង​សន្និសីទ​សារព័ត៌មាន​បង្ហាញ​គោលនយោបាយ​ឆ្នាំ​២០១៨ នៅ​ថ្ងៃទី​១០ ខែមករា គឺ​មួយថ្ងៃ​ក្រោយ​តំណាង​កូរ៉េ​ទាំងពីរ​ជួបគ្នា​នៅ​ភូមិ​ប៉ាន់​មុន​ជុម​នៅ​ថ្ងៃទី​៩ ខែមករា​។​

​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters ចំពោះមុខ​អ្នកសារព័ត៌មាន​ជាច្រើន ប្រធានាធិបតី​កូរ៉េខាងត្បូង​រូបនេះ​បង្ហាញ​គំនិត​ថា លោក ត្រាំ សម​ទទួលបាន​គុណសម្បត្តិ​ដ៏​ធំ​ក្នុង​ការនាំ​ឲ្យ​កូរ៉េ​ទាំងពីរ​ចរចា​គ្នា​។ លោក មូ​ន ចេ​អ៊ី​ន បន្តថា ជំនួប​ដ៏​កម្រ​រវាង​មន្ត្រី​កូរ៉េខាងត្បូង និង​កូរ៉េខាងជើង​នេះ អាចជា​លទ្ធផល​នៃ​ការដាក់ទណ្ឌកម្ម និង​សម្ពាធ​ឥតឈប់ឈរ​របស់​សហ​គម​ន៍​អន្តរជាតិ ដែល​ដឹកនាំ​ដោយ​អាមេរិក​នាពេល​កន្លងមក​។​

​ខណៈ​អាមេរិក​ហាក់​បារម្ភ​ថា​កូរ៉េខាងត្បូង​ងាក​ចេញពី​ខ្លួន​ដោយសារ​ជំហរ​ទន់ភ្លន់​របស់​កូរ៉េខាងជើង លោក មូ​ន ចេ​អ៊ី​ន ធានាថា កូរ៉េខាងត្បូង​នឹងមិន​ដើរ​លើផ្លូវ​ផ្សេងគ្នា​ពី​អាមេរិក​ឡើយ ហើយ​នៅតែ​បន្ត​ជំហរ​តឹងរ៉ឹង​ដាក់​កូរ៉េខាងជើង​ដដែល​។ ក្នុងន័យនេះ ប្រធានាធិបតី​កូរ៉េខាងត្បូង​សេរីនិយម​រូបនេះ​នៅតែ​ចង់​រំសាយ​នុយក្លេអ៊ែរ​ដដែល ហើយ​ការប្រើប្រាស់​ទណ្ឌកម្ម​នឹង​នៅតែ​ដើរ​ទន្ទឹមគ្នា​នឹង​ការចរចា​បន្ត​ទៅមុខទៀត​។​

«​ឥឡូវនេះ​ការចរចា​ផ្ដើម តែដោយសារ​វិបត្តិ​នុយក្លេអ៊ែរ​មិនទាន់​ដោះស្រាយ កូរ៉េខាងត្បូង​នឹង​បន្ត​ដាក់ទណ្ឌកម្ម និង​សម្ពាធ​លើ​កូរ៉េខាងជើង​ដដែល​។ យើង​ក៏​គ្មាន​ផែនការ​ផ្អាក​ទណ្ឌកម្ម​ឯកតោភាគី​ដែល​ដាក់​បន្ថែម​លើ​កូរ៉េខាងជើង​ដែរ​»​។ នេះ​ជាការ​ប្រកាស​របស់លោក មូ​ន ចេ​អ៊ី​ន ខណៈដែល​មុននេះ​មន្ត្រី​របស់លោក​បានលើកឡើង​ថា ក្រុង​សេ​អ៊ូ​ល​ពិចារណា​ព្យួរ​ទណ្ឌកម្ម​ឯកតោភាគី​ដើម្បី​សម្រួល​ដល់​ការចូលរួម​ក្នុង​ព្រឹត្តិការណ៍​អូឡាំពិក​របស់​ប្រតិភូ និង​អត្ត​ព​លិ​ក​ក្រុង​ព្យុងយ៉ាង​។   

​ទណ្ឌកម្ម និង​សម្ពាធ​អន្តរជាតិ​រាប់មិនអស់ ត្រូវបាន​វ៉ាស៊ីនតោន និង​សេ​អ៊ូ​ល​ចាត់ទុកជា​វិធីសាស្ត្រ​ដើម្បី​បង្ខំ​ឲ្យ​ព្យុងយ៉ាង​វិល​ចូល​តុ​ចរចា​។ ប៉ុន្តែ​លោក មូ​ន ចេ​អ៊ី​ន ក៏​ទទួលស្គាល់​ដែរ​ថា ធម៌​ក្ដៅ​មិនមែនជា​ដំណោះស្រាយ​តែមួយ​មុខ​ឡើយ ដូចនេះ​ទើប​រដ្ឋាភិបាល​កូរ៉េខាងត្បូង​ខិតខំ​ពង្រឹង​ទំនាក់ទំនង​ជាមួយ​កូរ៉េខាងជើង​តាមរយៈ​ការសន្ទនា ហើយក៏​ត្រៀមខ្លួន​ដាក់ទណ្ឌកម្ម​សង្កត់​កូរ៉េខាងជើង​ថែមទៀត បើ​កូរ៉េខាងជើង​បន្តធ្វើ​សកម្មភាព​បំពាន​៕


Tag:
 កូរ៉េខាងត្បូង​
  អាមេរិក​
  មូ​ន ចេ​អ៊ី​ន​
  ដូ​ណា​ល់ ត្រាំ
© រក្សាសិទ្ធិដោយ thmeythmey.com