អន្តរជាតិ
ប៉ា​គី​ស្ថាន​ព្យូ​រ​កិច្ចសហប្រតិបត្តិការ​យោធា​និង​ចារកម្ម​ជាមួយ​អាមេរិក ក្រោយ​ត្រាំ ផ្តាច់ជំនួយ​
10, Jan 2018 , 4:25 pm        
រូបភាព
​រដ្ឋាភិបាល​ប៉ា​គី​ស្ថាន​បានប្រកាសថា ខ្លួន​សម្រេច​ព្យួរ​ទំនាក់ទំនង​យោធា និង​ចារកម្ម​ជាមួយ​សម្ព័ន្ធមិត្ត​អាមេរិក​នៅ​សប្តាហ៍​នេះ បន្ទាប់ពី​រដ្ឋបាល​លោក ដូ​ណា​ល់ ត្រាំ​ប្រកាស​ផ្តាច់ជំនួយ​យោធា​ដល់​រដ្ឋ​អាស៊ី​ខាងត្បូង​នេះ​។ អាមេរិក​ផ្តាច់ជំនួយ​ដោយ​ចោទប្រកាន់ថា ប៉ា​គី​ស្ថាន​ផ្តល់​ជម្រក​ដល់​ក្រុម​ភេរវជន​។



​ដើមឆ្នាំ ២០១៨ នេះ ប្រធានាធិបតី​អាមេរិក​លោក ដូ​ណា​ល់ ត្រាំ បានប្រកាស​ព្យួរ​ជំនួយ​យោធា​ដល់​ប៉ា​គី​ស្ថាន ដោយ​មេដឹកនាំ​រូបនេះ​ចោទប្រកាន់ថា ប៉ា​គី​ស្ថាន​ផ្តល់​កន្លែង​ឲ្យ​ក្រុម​ភេរវជន​លាក់ខ្លួន​ផង​។  ទង្វើ​របស់លោក ដូ​ណា​ល់ ត្រាំ បានធ្វើ​ឲ្យ​សម្ព័ន្ធភាព​រវាង​អាមេរិក និង​ប៉ា​គី​ស្ថា​ដែលមាន​យូរអង្វែង​មកហើយ​នោះ​ប្រេះឆា​។

​នៅ​ថ្ងៃ​អង្គារ​ទី ៩ ខែមករា​នេះ រដ្ឋមន្ត្រី​ការពារជាតិ​រដ្ឋ​អាស៊ី​ខាងត្បូង​មួយ​នេះ​លោក Khurram Dastgir Khan បាន​ចេញមុខ​ប្រកាសថា ប៉ា​គី​ស្ថាន​សម្រេច​ព្យួរ​ទំនាក់ទំនង​យោធា និង​ចារកម្ម​ជាមួយ​អាមេរិក​ហើយ​នៅពេលនេះ ខណៈដែល​ទំនាក់ទំនង​ទ្វេភាគី​ល្អក់កករ​ខ្លាំង​នោះ​។

​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន​ចិន Xinhua រដ្ឋមន្ត្រី​រូបនេះ​បានលើកឡើង​ដូច្នេះ​ក្នុង​វេទិកាសាធារណៈ​ស្តី​សន្តិសុខ​ប៉ា​គី​ស្ថាន​៖«​អ្នកឃើញ​ហើយ​ការសម្រួល​លើ​ទំនាក់ទំនង​ជាច្រើន​នៅតែ​ដំណើរការ​រវាង​អាមេរិក និង​ប៉ា​គី​ស្ថាន​។ យើង​មិនបាន​ព្យួរ​ឡើង​។ ប៉ុន្តែ​កិច្ចសហប្រតិបត្តិការ​ចារកម្ម និង​ការពារជាតិ​ត្រូវបាន​ព្យួរ​ហើយ​»​។​

​មេដឹកនាំ​ប៉ា​គី​ស្ថាន​កន្លងមក​ហាក់​មិន​បញ្ចេញ​មតិយោបល់​អ្វី​ឡើយ​ជុំវិញ​ការព្យួរ​ជំនួយ និង​ការចោទប្រកាន់​របស់​អា​មេ​រិ​កម​កលើ​ខ្លួន​កន្លងមក​ពាក់ព័ន្ធ​ការផ្តល់​ជំរក​ដល់​ក្រុម​ភេរ​ជន​។ យ៉ាងណាមិញ​ពាក់ព័ន្ធ​ការផ្តាច់​ជំនួយ​របស់​អា​មេ​រិ​ក​នេះ ប្រមុខ​ការពារជាតិ​ប៉ា​គី​ស្ថាន​បាន​បញ្ជាក់ថា សកម្មភាព​របស់​អាមេរិក​កើតឡើង​ដោយសារតែ​មានការ​ព្យួរ​កិច្ចសន្ទនា​យុទ្ធសាស្ត្រ​រវាង​ប៉ា​គី​ស្ថាន និង​អាមេរិក​កន្លងមក​។

​យ៉ាងណាមិញ បើតាម​មន្ត្រី​ទូត​អាមេរិក​ប្រចាំ​ប៉ា​គី​ស្ថាន វា​មិនទាន់​មានការ​ផ្តល់ដំណឹង​ជា​ផ្លូវការ​នៅឡើយ​ទេ​ពាក់ព័ន្ធ​ការព្យួរ​កិច្ចសហប្រតិបត្តិការ​យោធា និង​ចារ​កម្មនេះ បើទោះជា​មានការ​បញ្ជាក់​ពី​មន្ត្រីជាន់ខ្ពស់​ប៉ា​គី​ស្ថាន​ក្តី​។​

​តាមពិតទៅ​អាមេរិក​បាន​ចោទប្រកាន់​ប៉ា​គី​ស្ថាន​ថា​បានផ្តល់​កន្លែង​ជ្រកកោន​ដល់​ក្រុម​តា​លី​បង់​យូរអង្វែង​មកហើយ ព្រោះ​ក្រុម​នេះ​បាន​បន្ត​វាយប្រហារ​លើ​ក្រុម​ទាហាន​អាមេរិក​ដែល​អន្តរាគមន៍​នៅ​អា​ហ្វ​ហ្កា​នី​ស្ថាន​។  រដ្ឋបាល​អាមេរិក​កន្លងមក​បាន​បន្ត​ជំរុញ​ឲ្យ​ប៉ា​គី​ស្ថាន​ធ្វើ​សកម្មភាព​ដើម្បី​ប្រឆាំង​ក្រុម​តា​លី​បង់ និង បណ្តាញ​ក្រុម Haqqani ប៉ុន្តែ​ជានិច្ច​ជា​កាល​ប៉ា​គី​ស្ថាន​អះអាងថា ខ្លួន​ស្អាតស្អំ​មិនបាន​គាំទ្រ​ក្រុម​ភេរវជន​ឡើយ​៕



Tag:
 ប៉ា​គី​ស្ថាន​
 ​ អាមេរិក​
  ដូ​ណា​ល់ ត្រាំ​
  Khurram Dastgir Khan
© រក្សាសិទ្ធិដោយ thmeythmey.com