ជាតិ
លោក សម រង្ស៊ី ខកខាន​ការចូល​បំភ្លឺ​នៅ​តុលាការ ពី​បណ្តឹង​កងទ័ព
11, Jan 2018 , 10:04 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ តាម​ដីកា​បង្គាប់ លោក សម រង្ស៊ី អ​តី​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​ចូល​បំភ្លឺ​នៅមុខ​លោក សៀង សុខ ព្រះរាជអាជ្ញារង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញនៅ​ព្រឹក​ថ្ងៃទី​១១ ខែមករា ឆ្នាំ​២0១៨​នេះ លើ​បណ្តឹង​របស់​កងទ័ព​ក​ម្ពុ​ជា​។ ប៉ុន្តែ លោក សម រង្ស៊ី ពុំ​អាច​ធ្វើតាម​ដីកា​បង្គាប់​នេះ​បានទេ ដ្បិត​បច្ចុប្បន្ន លោក កំពុង​រស់​នៅឯ​បរទេស​ឯណោះ​។​



​លោក សម រង្ស៊ី ធ្លាប់​ប្រាប់​សារព័ត៌មាន ពី​ក្រៅប្រទេស​មក​ថា លោក មានបំណង​បំភ្លឺ​ជូន​តុលាការ ដោយ​មិន​ចង់​គេចវេះ​នោះទេ​។ ប៉ុន្តែ លោក ស្នើថា ការបំភ្លឺ​នោះ ត្រូវធ្វើឡើង​តាមរយៈ​ការតភ្ជាប់​វីដេអូ (Video Conference) ពី​ក្រៅប្រទេស​មក​។

​លោក វង្ស ភក្តី មេធាវី​តំណាង​ឲ្យ​អគ្គបញ្ជាការដ្ឋាន​កងយោធពល​ខេមរភូមិន្ទ បាន​យក​បណ្តឹង​ទៅ​ដា​ក់នៅ​តុលាការ​រាជធានី​ភ្នំពេញ កាលពី​អំឡុង​ខែធ្នូ ឆ្នាំ​២0១៧ ដើម្បី​ប្តឹង​លោក សម រង្ស៊ី ពីបទ​ញុះញង់​កុំ​ឲ្យ​យោធិន​ស្តាប់បង្គាប់ និង​ធ្វើ​ឲ្យ​ខូច​ទឹកចិត្ត​កងទ័ព​។ លោក​មេធាវី​រូបនេះ បាន​ចូល​ភ្លឺ​នៅមុខ​ព្រះរាជអាជ្ញា​រួចហើយ ជុំវិញ​បណ្តឹង​ខាងលើ​។ 

​មកដល់ពេលនេះ លោក សម រង្ស៊ី បាន​រង​បណ្តឹង​ប្រមាណ​ជា​១0​ហើយ ពី​សំណាក់​ថ្នាក់ដឹកនាំ​និង​សកម្មជន​គណបក្ស​ប្រជាជន​កម្ពុជា ដោយ​ក្នុងនោះ មាន​បណ្តឹង​ខ្លះ ត្រូវបាន​ជំនុំជម្រះ​រួចហើយ ហើយ​បណ្តឹង​ខ្លះទៀត កំពុងស្ថិត​ក្នុង​ចំណាត់ការ​របស់​តុលាការ​៕          


Tag:
 តុលាការ​
  សម រង្សី​
  កងទ័ព
© រក្សាសិទ្ធិដោយ thmeythmey.com