ជាតិ
កម្ពុជា-ចិន ព្រមព្រៀងគ្នាលើគម្រោងបាញ់បង្ហោះផ្កាយរណប «តេជោ១»
× ភ្នំពេញ៖ កម្ពុជា-ចិន បានព្រមព្រៀងបាញ់បង្ហោះផ្កាយរណបជាលើកដំបូង ដែលគ្រោងចំណាយទឹកប្រាក់១៥០លានដុល្លារអាមេរិក។ ការព្រមព្រៀងគ្នានេះ ធ្វើឡើងនៅក្នុងពិធីចុះហត្ថលេខាលើអនុស្សារណៈ រវាងលោក គិត ម៉េង នាយកក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប និងលោក យីន លីម៉េង ប្រធានសាជីវកម្មឧស្សាហកម្មមហាកំពែងចិន (China Great Wall Industry Corporation)។
ផ្កាយរណប ដែលគ្រោងបាញ់បង្ហោះនោះ មានឈ្មោះ Techo 1 ក្នុងគោលបំណងសន្តិសុខ សុវត្តិភាពព័ត៌មាន និងសម្រាប់ប្រើប្រាស់តាមតម្រូវការលើវិស័យផ្សេងៗទៀត ។ ក្រោយចុះហត្ថលេខាព្រមព្រៀងលើគម្រោងផ្កាយរណបនេះ កម្ពុជាត្រូវការរយៈពេល៣ឆ្នាំបន្ថែម ដើម្បីសិក្សាឲ្យបានលម្អិតលើការបាញ់បង្ហោះនេះ ដែលអាចអនុវត្តបាន ក្នុងអំឡុងឆ្នាំ២០២១ ឬ ២០២២ខាងមុខ ។ ការបាញ់បង្ហោះផ្កាយរណបនេះ ក្រុមហ៊ុន Royal Blue Sky Satellite ដែលជាបុត្រសម្ព័ន្ធក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប គ្រោងចំណាយទឹកប្រាក់ ១៥០លានដុល្លារអាមេរិក។ នេះបើតាមអ្នកនាំពាក្យនិយ័តករទូរគមនាគមន៍កម្ពុជា (TRC) លោក អ៊ឹម វុត្ថា ដែលប្រាប់សារព័ត៌មានថ្មីៗកន្លងមក។
គម្រោងបាញ់ផ្កាយរណបនេះ គឺជាគម្រោងមួយស្ថិតនៅក្នុងចំណោមកិច្ចព្រៀមព្រៀងទាំង១៩ទៀត ដែលបានចុះហត្ថលេខាដោយ រួមគ្នារវាងវិស័យរដ្ឋនិងរដ្ឋ, រវាងវិស័យរដ្ឋ និងឯកជន ព្រមទាំងរវាងវិស័យឯកជន និងឯកជន ក្រោមអធិបតីភាព សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក លី ខឹឈាំង នាយករដ្ឋមន្ដ្រីចិន នៅវិមានសន្ដិភាព នៅថ្ងៃទី១១ មករានេះ៕
Tag:
ផ្កាយរណប
គិត ម៉េង
© រក្សាសិទ្ធិដោយ thmeythmey.com