ជាតិ
សេដ្ឋកិច្ច
រដ្ឋាភិបាល និងADB ចុះកិច្ចព្រមព្រៀងលើទឹកប្រាក់ ១៨០លានដុល្លារសម្រាប់គម្រោងចំនួនបី (រូបភាពពីហ្វេសប៊ុកក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ)
× ភ្នំពេញ៖ រដ្ឋាភិបាល និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានសហប្រតិបត្តិការ សម្រាប់គម្រោងចំនួន៣ ដើម្បីផ្ដល់ការគាំទ្រដល់ការកែលម្អផ្លូវថ្នល់ ការផ្គត់ផ្គង់ទឹក និងអនាម័យតាមខេត្ត និងអភិវឌ្ឍន៍កសិកម្មខ្នាតតូច ដែលមានតម្លៃសរុបប្រមាណ ១៨០លានដុល្លារអាមេរិក។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
កិច្ចព្រមព្រៀងនេះ ត្រូវបានចុះហត្ថលេខាដោយលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោក Samiuela Tukuafu នាយក ADB ប្រចាំប្រទេសកម្ពុជា នៅថ្ងៃទី៩ ខែមករា។
តាមសេចក្ដីប្រកាសព័ត៌មានដដែល គម្រោងកែលម្អបណ្ដាញផ្លូវជាតិ គ្រោងចំណាយថវិកាសរុប ៧៦,៩៤លានដុល្លារ សម្រាប់កែលម្អកំណាត់ផ្លូវជាតិលេខ១ និងលេខ៦ ប្រវែង ១៤៧គីឡូម៉ែត្រ។ ទី២ គឺគម្រោងផ្គត់ផ្គង់ទឹកស្អាត និងអនាម័យតាមខេត្ត គ្រោងចំណាយថវិកា ១១៩លានដុល្លារ ដោយក្នុងនោះមានថវិកាហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលជប៉ុនចំនួន ១០លានដុល្លារ។ ថវិកានេះ ត្រូវបានប្រើប្រាស់សម្រាប់បង្កើនការផ្ដល់សេវាកម្មទឹកស្អាត និងអនាម័យជូនពលរដ្ឋដែលរស់នៅទីប្រជុំជន និងទីក្រុង នៅក្នុងខេត្តបាត់ដំបង កំពង់ចាម សៀមរាប និងក្រុងព្រះសីហនុ។ រីឯគម្រោងទី៣ គឺជាការផ្ដល់ហិរញ្ញប្បទានបន្ថែមដល់គម្រោងកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍កសិកម្មខ្នាតតូចនៅតំបន់ទន្លេសាប ដែលគ្រោងចំណាយ ៦៦លានដុល្លារ សម្រាប់កែលម្អលក្ខខណ្ឌសេដ្ឋកិច្ច និងសង្គម និងការរស់នៅរបស់កសិករខ្នាតតូចចំនួន ៦៥ម៉ឺនគ្រួសារ ក្នុងឃុំគោលដៅចំនួន ២៧១ ក្នុងខេត្តចំនួន៧ជុំវិញបឹងទន្លេសាប។
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បញ្ជាក់ថា គម្រោងទាំង៣ខាងលើនេះ មានគោលដៅរួម ក្នុងការកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ជីវភាពប្រជាជននៅទីប្រជុំជន និងជទបទ៕
© រក្សាសិទ្ធិដោយ thmeythmey.com